Translate to Khmer

Thursday, January 22, 2009

សង្គម​ស៊ីវិល​និង​កសិករ ជួប​ជុំ​គ្នា​​

ដោយ សាវយុត វិទ្យុអាស៊ី​សេរី
2009-01-21

ក្រុម​​អង្គការ​​ក្រៅ​​រដ្ឋា​ភិបាល​​និង​​កសិករ​​មក​​ពី​​ប្រ​ទេស​​សមា​ជិក​​សមា​គម​​អា​ស៊ាន​ ចំនួន​​៧​​បាន​​កំពុង​​មក​​ជួប​​ប្រជុំ​​សិក្ខា​សា​លា​​ថ្នាក់​តំ​បន់​​មួយ​​នៅ​​ខេត្ត​សៀម​រាប ប្រ​ទេស​​កម្ពុជា ដើម្បី​​ស្វះ​ស្វែង​​រក​​មធ្យោ​បាយ​​អនុ​វត្ត​​គម្រោង​​សាក​ល្បង​​ជួយ​​ដល់​​កសិករ​ក្រី​ក្រ​​ឲ្យ​លក់​​ផលិត​ផល​​បាន​​តម្លៃ​​ខ្ពស់​​និង​​មាន​​លទ្ធ​ភាព​​ប្រកួត​​ប្រ​ជែង​​នៅ​លើ​​ទី​ផ្សារ​។

អង្គការ​​ក្រៅ​​រដ្ឋា​ភិបាល​​និង​​កសិករ​​ក្រី​ក្រ​​ទាំង​​នោះ​​មក​​ពី​​ប្រ​ទេស​កម្ពុជា ​ថៃ វៀត​ណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា និង​តៃវ៉ាន់ បាន​​ជួប​​ប្រ​ជុំ​​គ្នា​​តាំង​ពី​​ថ្ងៃ​​ទី​​២០ ខែ​​មករា​​មក​​ម៉្លេះ​។

អគ្គ​​លេ​ខា​ធិ​ការ​​អង្គ​ការ​​ដៃ​គូ​​សម្រាប់​​ការ​អភិវឌ្ឍ​​ធន​ធាន​​មនុស្ស​​ក្នុង​​ទី​​ជន​បទ​​នៃ​​ប្រ​ទេស​​អាស៊ី (Asia DHRRA) គឺ​​អ្នក​ស្រី Marlene Ramirer បាន​​មាន​​ប្រសាសន៍​​ថា កសិករ​​ក្រី​ក្រ​​ជា​​ច្រើន​​នៃ​​ប្រ​ទេស​​អា​ស៊ាន​​មាន​​បញ្ហា​​ជា​​ច្រើន​​ទៅ​​លើ​​បច្ចេក​ទេស​ផលិត​ផល​​ដើម្បី​​ប្រកួត​​ប្រ​ជែង​​នៅ​​ក្នុង​​ទី​ផ្សារ​​នា​​ពេល​បច្ចុប្បន្ន​​នេះ​។

អ្នក​ស្រី Marlene Ramirer បាន​​មាន​​ប្រ​សាសន៍​​ថា៖ "កសិករ​​គាត់​​មាន​​បញ្ហា​​ច្រើន​​ទៅ​​លើ​​ចំណេះ​​ដឹង ទៅ​លើ​​ធន​ធាន ទៅ​​លើ​​បច្ចេក​ទេស ទៅ​លើ​​ចំណេះ​​ដឹង​​ទី​ផ្សារ ជា​​ពិសេស​​គឺ​​គាត់​​មិន​​អាច​​គោរព​​ទៅ​​តាម​​ស្ដង់ដារ​​តម្រូវការ​​ទី​ផ្សារ​​បាន អ៊ី​ចឹង​​មាន​បញ្ហា​​ច្រើន ហើយ​​កន្លង​​មក​​មាន​​តែ​​ពាណិជ្ជករ​​ទេ​​ដែល​​ធ្វើ​​ហើយ​​កសិករ​​គាត់​​អត់​​បាន​​ទទួលផល"។

ចំ​ណែក​​ប្រ​ធាន​​មជ្ឈ​មណ្ឌល​​សិក្សា​​និង​​អភិវឌ្ឍន៍​​កសិកម្ម​​កម្ពុជា សេដាក់ ដែល​​បាន​​ចូល​រួម​​ប្រជុំ​​ដែរ គឺ​​លោក​​បណ្ឌិត យ៉ង សាំងកុមារ បាន​​មាន​​ប្រ​សាសន៍​​ថា ផលិត​ផល​​កសិករ​​ខ្មែរ​​ជា​​ច្រើន​​កំ​ពុង​​មាន​​បញ្ហា​​ប្រ​កួត​​ប្រ​ជែង​​ទី​ផ្សារ​​ជា​មួយ​លំ​ហូរ​​ចូល​​នៃ​ផលិត​ផល​​កសិ​កម្ម​​មក​​ពី​​ប្រទេស​​ជិត​​ខាង ដោយ​សារ​​តែ​​កសិ​កម្ម​​របស់​​កសិករ​​ខ្មែរ​​នៅ​​ធ្វើ​​តាម​​រដូវ​កាល​​មិន​​ទាន់​​ឈាន​​ដល់​ ទម្លាប់​​នៃ​​ការ​ផលិត​​ដើម្បី​​ផ្គត់​ផ្គង់​​ទី​ផ្សារ ឯ​ក​សិ​ផល​​ប្រទេស​​ជិត​​ខាង​​នៅ​​លើ​​ទី​ផ្សារ​​កម្ពុជា​​មាន​​ភាព​​ទៀង​ទាត់​​ជាង​រួម​​ទាំង​​មាន​បច្ចេក​ទេស គុណ​ភាព និង​​ការ​វេច​ខ្ចប់​​ស្អាត​​ជាង​​ផលិត​ផល​​កសិករ​​ខ្មែរ​។

លោក​​បណ្ឌិត យ៉ង សាំង​កុមារ បាន​​បញ្ជាក់​​ថា៖ «បញ្ហា​​ត្រង់​​ថា ផលិត​ផល​​ពី​​ក្រៅ​​ហូរ​​ចូល​​មក​​ច្រើន គេ​​គុណ​ភាព​​ល្អ គេ​​វេច​ខ្ចប់​​អ៊ី​ចឹង ហើយ​​គេ​​មក​​ទៀង​ទាត់​​អី​អ៊ី​ចឹង​។ កសិករ​​យើង​​នេះ គាត់​​មិន​​ទាន់​​មាន​​ទម្លាប់​​ផលិត​​ដាំ​​លក់​​សម្រាប់​​មក​​ទី​ផ្សារ»។

កសិករ​​ខ្មែរ​​មួយ​​រូប​​មក​​ពី​​ស្រុក​​ដងទង់ ខេត្ត​កំពត លោក អួន សុផល បាន​​មាន​​ប្រ​សាសន៍​​ថា កសិករ​​ជា​​ច្រើន​​បាន​​បាក់​​ទឹក​​ចិត្ត​ផលិត​​កសិ​ផល​​នានា ដោយ​សារ​​ដូច​​ជា​​រូប​​លោក​​បច្ចុ​ប្បន្ន​​បាន​​ចិញ្ចឹម​​មាន់ ជ្រូក និង​​ធ្វើ​​ស្រែ​​ដោយ​​ចំណាយ​​ទុន​​ផលិត​​អស់​ច្រើន​ ក៏​​ប៉ុន្តែ​​ដល់​​ពេល​​លក់​​ផលិត​ផល​​ចេញ​​គឺ​​ក្រុម​​ឈ្មួញ​​បាន​​ឲ្យ​​តម្លៃ​​ថោក​​និង​ គ្មាន​​ទី​ផ្សារ​​ផ្សេង​​ឲ្យ​​ប្រ​សើរ​។

មជ្ឈ​មណ្ឌល​​សិក្សា​​និង​​អភិវឌ្ឍន៍​​កសិ​កម្ម​​កម្ពុជា​​បាន​​និយាយ​​ថា កសិ​ផល​​កសិករ​​ខ្មែរ​​បច្ចុ​ប្បន្ន​​គ្មាន​​លទ្ធ​ភាព​​ប្រ​កួត​​ប្រ​ជែង​​ក្នុង​ទី​ផ្សារ​ ដោយ​សារ​​តែ​​ពួក​​ឈ្មួញ​​ខ្លះ​​លួច​​បន្លំ​​គុណ​ភាព​​ដើម្បី​​យក​​ចំ​ណេញ ដូច​​ជា​​ទិញ​​មាន់​​និង​​បន្លែ​​កសិករ​​យក​​ទៅ​​បាញ់​​ទឹក​​ឲ្យ​​ធ្ងន់​ភ្នែក​​គី​ឡូ​ ជា​ដើម​​ធ្វើ​​ឲ្យ​​អ្នក​​ប្រើ​ប្រាស់​​បាត់​បង់​​ការ​គាំ​ទ្រ ហើយ​​រដ្ឋា​ភិ​បាល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់ឲ្យ​មែន​ទែន​​​ក្នុង​​ការ​បង្កើត​​ច្បាប់​ ទាក់​ទង​​នឹង​​សុវត្ថិ​ភាព​និង​​គុណ​ភាព​​ផលិត​ផល រួម​​នឹង​​ការ​ទប់​ស្កាត់​​ការ​នាំ​​ចូល​​កសិ​ផល​​ពី​​ប្រទេស​​ជិត​​ខាង​​ដើម្បី​​លើក​​ទឹក​ចិត្ត​កសិករ​​ខ្មែរ​​ឲ្យ​​បង្កើន​​ការ​ផលិត​​ថែម​​ទៀត​៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News