Translate to Khmer

Wednesday, February 11, 2009

កសិករ​ត្អូញត្អែរ​អំពី​តម្លៃ​កសិផល​ធ្លាក់​ចុះ​យ៉ាង​គំហុក

អត្ថបទ​របស់ ​វិទ្យុ​អាស៊ី​សេរី ចុះ​ផ្សាយ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ដោយ​​ ហ៊ុយ វណ្ណៈ។

RFA File Photo កសិករ​នៅ​ខែត្រ​ព្រៃវែង​ប្រមូល​ផលស្រូវ


នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​លើក​ទី​៣ នា​ព្រឹក​ថ្ងៃ​ព្រស្បតិ៍ ទី​៥ កុម្ភៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ឆ្នាំ​នេះ កម្ពុជា​បាន​ផលិត​ស្រូវ​ច្រើន​លើស​លុប ក៏​ប៉ុន្តែ​កម្ពុជា​ខ្វះ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ផលិត​ផល​កសិកម្ម​ដែល​ទទួល ​បាន​មក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដូច្នេះ​ថា ៖ «ឥឡូវ​ស្ថានភាព​ ស្រូវ​ឆ្នាំ​នេះ​វា​ច្រើន​ពេកៗ យើង​ខ្វះ​ឃ្លាំង យើង​ខ្វះ​ប្រាក់​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ។ នេះ​ជា​ចំណោទ​មួយ​ដែល​ខ្ញុំ​និយាយ​ថា យើង​មាន​មាស​ហើយ​តែ​ខ្វះ​ក្រដាស​ខ្ចប់»

ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំពាវ​ស្នើ​ឲ្យ​ធនាគារ​បញ្ចេញ​ថវិកា​ដើម្បី​ជួយ​ទប់ទល់​ផ្នែក​ វិស័យ​កសិកម្ម​នេះ​ដែរ ៖ «អ៊ីចឹង​ទេ​ចង់​ឲ្យ​ផ្នែក​ធនាគារ​នោះ ដែល​យើង​កាត់​បន្ថយ​ទុន​ពី ១៦% មក​នៅ ១២% ប្រើប្រាស់​ទុន ៤% ដែល​ដក​ចេញ​ទៅ​វិញ គឺ​រួម​ចំណែក​ទៅ​លើ​វិស័យ​កសិកម្ម»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កសិករ​បាន​ថ្លែង​ថា បញ្ហា​កក​ស្ទះ​និង​ការ​ចុះ​ថ្លៃ​ផលិត​ផល​កសិកម្ម​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​និង​កិច្ច​ជួយ​អន្តរាគមន៍​ជាក់​ស្តែង​នៅ​ឡើយ​ ទេ។

យោង​តាម​ប្រសាសន៍​របស់​លោកស្រី សុផាន់ណា នៅឯ​ខេត្ត​បន្ទាយមានជ័យ ការ​កក​ស្ទះ​មិន​អាច​នាំ​ស្រូវ​ទៅ​កាន់​ទីផ្សារ​ថៃ​បាន​នោះ គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គុណភាព​ស្រូវ​ថយ​ចុះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក​ទៀត​ផង។

លោកស្រី សុផាន់ណា មាន​ប្រសាសន៍​ថា ៖ «តែ​កាលណា​បិទ​អ៊ីចឹង ទុក​ទៅ​អាច​ខូច​គុណភាព​ស្រូវ​ទៅ​ជា​លឿង ហើយ​លក់​ទៅ​តម្លៃ​ខុស​គ្នា​មិន​ចេះ​តិច មិន​មែន​មួយ​ជា​ពីរ និយាយ​រួម​បើ​ថា យើង​ហាងឆេង​រាល់​ថ្ងៃ​កន្លះ​ហ្នឹង អាច​នៅ​សល់​ត្រឹម ៣-៤​បាត​អស់​ហើយ»

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ទៀត នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ​ដែរ​បាន​ថ្លែង​ថា ៖ «ដល់ ​ពេល​យើង​ទុក​យូរ​បាត់​គីឡូ ជួន​កាល​ភ្លៀង​ផ្គរ​មក​យើង​មិន​អាច​គ្រប​ទាន់ វា​សើម វា​ដុះ​អ៊ីចឹង​ទៅ ជួប​ផលវិបាក​ច្រើន។ ខ្ញុំ​ទុក ៦០០​-៧០០​បាវ បាត់​អស់ បាត់​អត់​គ្រប់​តោន បាត់​គីឡូ​ដល់​ពេល​ទុក​ហាល​ថ្ងៃ»

នាយ​ប៉ុស្តិ៍​ច្រក​បឹង​ត្រកួន​នៅ​ឯ​ខេត្ត​បាត់ដំបង គឺ​លោក ប្រាក់ សាំ បាន​ឲ្យ​ដឹង​ថា ទាហាន​ប៉ារ៉ា​ថៃ​បាន​រារាំង​មិន​ឲ្យ​នាំ​ស្រូវ​ខ្មែរ​ចូល​ទៅ​លក់​ក្នុង​ ទីផ្សារ​ថៃ​នោះ គឺ​បាន​កើត​ឡើង​តាំង​ពី​ពាក់​កណ្តាល ខែ​មករា មក​ម្ល៉េះ។

លោក ប្រាក់ សាំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ប្រជា​ពលរដ្ឋ​របស់​វា​ សំណូមពរ​ទៅ​រាជ​រដ្ឋាភិបាល​វា សុំ​ឲ្យ​កសិផល​ដូច​ជា​ដំឡូង ស្រូវ នៅ​ប្រទេស​ថៃ​ហ្នឹង ឲ្យ​មាន​ចរាចរណ៍ ការ​លក់​ដូរ​ចេញ​ឲ្យ​អស់​សិន បាន​កសិផល​ស្រូវ​ដំឡូង​យើង​ដំណើរការ​ចូល​បាន អាហ្នឹង​វា​ពាក់ព័ន្ធ​បញ្ហា​កសិផល​ស្រូវ​អង្ករ​របស់​វា​នៅ​ក្នុង​ប្រទេស។ ការ​ពិត​តម្រួត​ហ្នឹង​នៅ​តាម​គោលដៅ​ចំណុច​ឈរ​ជើង​របស់​គេ​តាំង​ពី​ដើម តែ​រឿង​ស្រូវ​អង្ករ​នៅ​តាម​ច្រក​របៀង​ហ្នឹង គេ​មិន​បាន​ឲ្យ​ចូល​ទេ ដោយសារ​កសិផល​របស់​គេ​មិន​ទាន់​ចរាចរ​ចេញ​ទៅ​ក្រៅ​ត​ទៅ​ទៀត»

នៅឯ​ខេត្ត​កំពង់ចាម​ឯណោះ​វិញ ដំណាំ​ដំឡូង​បាន​ចុះ​ថ្លៃ​ជាង​ឆ្នាំ​កន្លង​ទៅ​ជិត​៤០០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​បើ​តាម​ការ​អះអាង​របស់​លោក ថោង ឡេង ឈ្មួញ​វៀតណាម ក៏​បន្ថយ​ការ​ចុះ​មក​ទិញ​នោះ​ដែរ។

លោក ថោង ឡេង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទីផ្សារ​ដំឡូង​ឆ្នាំ​មុន វា ៣០០​ជាង ដំឡូង​ស្រស់ ហើយ​ដំឡូង​ដែល​គេ​កាប់​ហាល​ហ្នឹង ៦០០​-៧០០។ ពេល​បច្ចុប្បន្ន ដំឡូង​ស្រស់ ១៣០​រៀល ហើយ​ដំឡូង​ក្រៀម​បាន​តែ ២៥០​ក្នុង​មួយ​គីឡូ ហើយ​ប្រជាពលរដ្ឋ​ជួល​ដី​គេ​ផង​អី​ផង ហើយ​ទូទាត់​កម្មករ​ផង វា​អត់​រួច​ថ្លៃ​កម្មករ​ហ្នឹង។ ក្នុង​គ្រួសារ​ខ្លះ​ដាំ​តាម​ដី​តិច​ដី​ច្រើន ដូច​ខ្ញុំ​ដី ៦​-៧​ហិកតារ វា​ទូទាត់​កម្មករ​រួច ប៉ុន្តែ​អ្នក​ខ្លះ​ដាំ ២​ហិកតារ​អី ដូច​ខ្លះ​គេ​ជួល​ដី​គេ​ក្នុង​១​ហិកតារ ៥០​ម៉ឺន​រៀល​អី ទូទាត់​កម្មករ​ទៅ​វា​អត់​រួច»

លោក ថោង ឡេង បាន​គូស​បញ្ជាក់​អំពី​ការ​ប្រឈម​របស់​កសិករ​ក្នុង​គ្រា​ដែល​ផលិត​ដំណាំ​បាន​ ហើយ ខ្វះ​ទីផ្សារ និង​ធ្លាក់​តម្លៃ​នោះ​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «អ្នក​ ខ្លះ ចង​ការ​លុយ​ធនាគារ ខ្លះ​ចង់​លក់​ផ្ទះ​សង​គេ​វិញ​ទៀត។ ឥឡូវ​ដល់​ពេល​ប្រមូលផល​ហើយ ប្រជា​ពលរដ្ឋ​អត់​មាន​លុយ​សង​ថ្លៃ​ការ​ធនាគារ​គេ​ហ្នឹង ហើយ​ធនាគារ​ហ្នឹង​គេ​ចង់​រឹប​អូស​ផ្ទះ ដី​ធ្លី​អ៊ីចឹង វា​បញ្ហា​ហ្នឹង»

ចំពោះ​ការ​ប្រឈម​របស់​កសិករ​ខាង​លើ​នេះ លោក​តំណាងរាស្ត្រ សម រង្ស៊ី ធ្លាប់​ថ្លែង រិះ​គន់​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​រដ្ឋាភិបាល​ខ្មែរ​មិន​មាន​ថវិកា​បម្រុង​ដើម្បី​ ប្រមូល​ទិញ​ផលិតផល​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដើម្បី​ឲ្យ​គាត់​សល់​ ប្រាក់​ទៅ​ទូទាត់​ចំណាយ​របស់​គាត់ គាត់​ជំពាក់​លុយ​គេ​កាល​ពី​ទិញ​ជី ទិញ​ប្រេង​សាំង​ទិញ​អី ធ្វើ​ម៉េច​ឲ្យ​តម្លៃ​ហ្នឹង​សមរម្យ​បាន​កសិករ​យើង​អាច​រស់​បាន។ ដូច្នេះ​យើង​ត្រូវ​តែ​មាន​ថវិកា ពិសេស​ដូច​ប្រទេស​នានា​ទាំង​អស់​គេ​រៀបចំ​បែប​ហ្នឹង​ទាំង​អស់​ដូចគ្នា។ ខ្ញុំ​ឆ្ងល់​ដែរ​ថា ហេតុអ្វី​បាន​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​យើង​មិន​គិត​ដល់​ជីវភាព​កសិករ ម៉េច​ក៏​ព្រលែង​ឲ្យ​បង​ប្អូន​កសិករ​យើង​ឥឡូវ​នេះ​វេទនា​ដោយ​តម្លៃ​លើ​ ទីផ្សារ​វា​ធ្លាក់​ចុះ​ហួស​ហេតុ»

ចំណែក​ឯក នាយក​កម្មវិធី​សហគ្រាស​របស់​អង្គការ សេដាក គឺ​លោក ឡាង សេងហ៊ង បាន​ថ្លែង​ថា ផលិតផល​កសិកម្ម​របស់​ខ្មែរ ប្រឈម​នឹង​ផល​វិបាក​ពីរ​យ៉ាង គឺ​ដោយសារ​តែ​អាស្រ័យ​លើ​ទីផ្សារ​នៃ​ប្រទេស​ជិត​ខាង និង​ការ​ខ្វះ​ទន់​សម្រាប់​ទិញ​ស្តុក​ទុក។

លោក ឡាង សេងហ៊ង ថ្លែង​បន្ថែម​ថា ផលវិបាក​ដែល​នាំ​ឲ្យ​កក​ស្ទះ​នូវ​ផលិតផល​កសិកម្ម​នេះ​ទៀត ក៏​បណ្តាល​មក​ពី​កង្វះ​យន្តការ​សម្រប​សម្រួល​និង​ព័ត៌មាន​ផ្នែក​ទីផ្សារ​ សម្រាប់​កសិករ​នោះ​ដែរ ៖ «គោល​នយោបាយ​សំខាន់​ទាក់ទង​ការ​កំណត់​នូវ​ តម្រូវការ​ទំនាក់ទំនង​រឿង​ទីផ្សារ​អ៊ីចឹង ហើយ​យើង​អាច​ជូន​ដំណឹង​ដល់​កសិករ​ដើម្បី​ឲ្យ​គាត់​បាន​ដឹង ជៀសវាង​ដូច​ថា កសិករ​ដែល​គាត់​ដាំ ដាំ​តាម​គ្នា បច្ចុប្បន្ន​ដាំ​តាម​គ្នា ដូច​រដូវណា​ដែល​មាន​ឈ្មួញ​ពី​ប្រទេស​ជិត​ខាង​អី​គេ​មក​ទិញ​ច្រើន​អ៊ីចឹង​ តម្លៃ​ហ្នឹង​វា​ឡើង ដល់​ពេល​ឆ្នាំ​ក្រោយ​គាត់​បុក​នាំ​គ្នា​ដាំ​ទៅ ដល់​ដាំ​ទៅ ធ្វើ​ឲ្យ​មាន​បញ្ហា​រឿង​ទីផ្សារ​ហ្នឹង។ ដល់​អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​សម្រប​សម្រួល ​ហ្នឹង ដើម្បី​ជៀសវាង​ភាព​ប្រថុយ​ប្រថាន​ហ្នឹង​ខ្លាំង​ពេក​ចំពោះ​កសិករ»

វិស័យ​កសិកម្ម ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​សំខាន់​មួយ ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ប្រមាព ៦០%។ ក៏​ប៉ុន្តែ មន្ត្រី​អង្គការ​ផ្នែក​កសិកម្ម​ខាង​លើ​បាន​ថ្លែង​ថា ប្រព័ន្ធ​ទ្រទ្រង់​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត ហើយ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក៏​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ​ដែរ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News