Translate to Khmer

Thursday, February 19, 2009

គណបក្ស​ប្រឆាំង​កម្ពុជា​ផ្តល់​សញ្ញា​​ប្រកាស​អាសន្ន​លើ​វិបត្តិ​ផលិត​ផល​​កសិកម្ម​

ខាងក្រោមនេះ​ជាអត្ថបទ​របស់​ ព័ត៌មានពីកម្ពុជា ដែលបានចុះ​ផ្សាយ​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០០៩ ដោយ​រស់ ឌីណា។
«នេះ​គឺជា​ពេល​​វេលា​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បីជួយ​សង្គ្រោះ​ប្រជា​​កសិករ​កម្ពុជា»។ ​​ប្រយោគ​​​មួយ​ឃ្លា​នេះ​​ត្រូវ​បានលើកឡើង​ នា​​ថ្ងៃ​ពុធ ទី​១៨ ខែ​កុម្ភៈ​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​​នៅ​ទីស្នាក់​ការ​គណបក្ស​​សម រង្ស៊ី ដែល​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​រួម​គ្នា​​​ដោយ​​​​​គណបក្ស​​ប្រឆាំង​​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ទើប​តែ​បាន​បង្កើត​សម្ព័ន្ធ​ភាព​​មួយ​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​ ​ហៅ​ថា «ចលនា​​​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ»។​

លោក​កឹម សុខា បាន​កត់​សម្គាល់​ថា «​បន្ទាប់​ពី​តម្លៃ​ផលិត​ផល​របស់កសិករ​បាន​​ធ្លាក់​ចុះ កសិករ​​​ត្រូវ​ជំពាក់​បំណុល​​ធនាគារ​យ៉ាង​ច្រើន ​ពួកគេ​​​មិនមាន​លទ្ធភាព​សង​បំណុល​​បាន​​នោះ​​ទេ​​។ ប្រជាកសិករ​កាន់​តែ​ត្រូវ​បាន​ធនាគារ​​រឹប​អូស​​កម្មសិទ្ធិ​​ដី​ធ្លី​ជា​ បន្ត​បន្ទាប់​»។ លោក​បាន​​​អះអាង​ថា​លោក​បានធ្វើការ​សង្កេត​ការណ៍​មួយ​ដោយផ្ទាល់​ នៅ​ពេល​លោ​កចុះ​ទស្សន​កិច្ច​​នៅ​តាម​បណ្តា​ខេត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ចំណែក ​ លោក​សម រង្ស៊ី បាន​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​អោយ​ជួយ​ធានា​តម្លៃ​សម​ស្រប​ សម្រាប់​​​កសិករ ហើយ​បំណុល​របស់​ពួ​កគេ​គប្បី​ព្យួរ​ទុក​មួយ​រយៈ​ពេល​សិន នៅ​អំឡុង​ពេល​មាន​វិបត្តិ និងត្រូវ​​កាត់​បន្ថយ​ការ​ប្រាក់​។​

លោក​ កឹម សុខា បាន​គូស​បញ្ជាក់​ថា «គណបក្ស​​ប្រឆាំង​មិនមាន​​សិទ្ធិ​​​បញ្ជា​លើ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​​​​នោះទេ ​។​ ប៉ុន្តែ យ៉ាង​ហោច​ណាស់ យើង​អាច​ដាក់​សំណើទៅកាន់​រដ្ឋាភិបាល អោយ​ចាត់​វិធានការ​។ រដ្ឋាភិបាល​អាច​ចាត់​វិធាន​ការ​នេះ​បាន​ ប្រសិនជា​រដ្ឋាភិបាល​មាន​បំណង​ជួយ​កសិករ!»។ លោកព្រមាន​ថា បើមិន​ដូច្នោះទេ ប្រទេស​កម្ពុជាអាច​នឹង​​ប្រឈម​នឹង​​វិបត្តិ​សង្គម​មួយ​​ដ៏​​ធ្ងន់​​ធ្ងរ​​។

គណបក្ស ​​ប្រឆាំង​ទាំង​ពីរ​​ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ ជូន​រដ្ឋាភិបាល​ កាលពី​ខែ​មករា ឆ្នាំ​២០០៩ ​ដោយ​បាន​ផ្តល់​អនុសាសន៍​អោយ​រដ្ឋាភិបាល​តម្កល់​​​ថវិកា​៥០០លាន​ដុល្លារ ដើម្បី​ជួយ​ស្រោច​ស្រង់​វិស័យ​ដែលជួប​ការលំបាកនៅ​ប្រទេស​កម្ពុជា អោយ​រួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភ​ព​លោក។

យ៉ាង​ណា​មិញ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បាន​ឆ្លើយតប​ទៅ​នឹង​លិខិត​នោះថា​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ច្រើន​ជាង​ នេះ​រួច​ជា​ស្រេច ដើម្បី​ប្រឈ​ម​មុខនឹង​វិបត្តិ​នេះ។ ជា​ពិសេស ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​រម្លឹក​អំពីការចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ មួយ ដែល​មាន​​ទឹក​ប្រាក់​១៨លាន​ដុល្លារ ធៀប​នឹង​១២លាន​ដុល្លារ កាលពី​ឆ្នាំ​២០០៨ ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជន​បទ​កម្ពុជា ដើម្បី​ផ្តល់​ជំនួយ​ដល់​សមាគម​​រោង​ម៉ាស៊ីន​កិន​ស្រូវ​ប្រមូល​ទិញ​ស្រូវ​ពី​ កសិករ​​ និងដើម្បី​​រក្សា​តម្លៃ​ស្រូវ​​​​​អោយ​មាន​​ស្ថេរភាព និង​បំពេញ​តាម​តម្រូវ​ការ​របស់​ប្រជាកសិករ។​

ដោយ​ឡែក លោក​សម រង្ស៊ី​បានឆ្លៀត​ឱកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ដើម្បី​បង្ហាញ​លិខិត​មួយ​ច្បាប់​ ដែល​លោក​បាន​ផ្ញើ​ទៅកាន់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក ​​ ដែល​​ក្នុង​នោះ មាន​ប្រទេស​ផ្តល់​ជំនួយ​ផង​ដែរ ដើម្បីអោយ​រដ្ឋាភិបាល​ទាំង​នោះ​ថ្កោល​ទោស​​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​​ការ​ពារ​បរិស្ថាន​ Global Witness កាលពី​ឆ្នាំ​២០០៧ ចំណង​ជើង​ថា «ខ្សែ​ស្រឡាយ​អ្នក​​​លួច​ជាតិ» និង​របាយការណ៍​ នា​ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចំណង​ជើង​ថា «ប្រទេស​​សម្រាប់​​លក់»។ មេដឹកនាំ​​គណបក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​បាន​ស្នើ​រដ្ឋាភិបាល​ទាំងនោះ ​​កុំ​​​ផ្តល់​​ទិដ្ឋាការ​​ ដល់​បុគ្គល​ជាប់​ចោទ​ រឺ​គ្រួសារ​របស់​ពួក​គេ​ ប្រសិនជា​ពួកគេ​ត្រូវ​ការ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេសទាំង​​នោះ។ លោក​ក៏​បាន​ណែនាំ​អោយ​រឹប​អូស​ទ្រព្យសម្បត្តិ និង​បង្ក​ក​គណនី​ ដែល​ពួកគេ​មាន​នៅ​ក្នុង​ប្រទេស​ទាំង​នេះ ព្រម​ទាំង​បញ្ឈប់​ទាំង​ស្រុង រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បុគ្គល​ដែល​​ត្រូវ​បាន​លើកឡើង​ដោយ​អង្គការ ​កា​រពារ​បរិស្ថាន​ខាង​លើ។

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News