Translate to Khmer

Wednesday, February 11, 2009

សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ

អត្ថបទ​របស់​ វិទ្យុ​អាស៊ី​សេរី ចុះ​ផ្សាយ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ដោយ សុផល មុន្នី

RFA Photo/Ouk Savborey កសិករ​រែក​កណ្ដាប់​ស្រូវ ។

សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​កំពុង​ចលនា​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ​កម្ពុជា​ខណៈ​ដែល​ថៃ​នៅតែ​បន្ត​ដាក់​បំរាម​មិន​ឲ្យ​កសិផល​ខ្មែរ​នាំ​ចូល​ ប្រទេស​របស់​ខ្លួន។

លោក ភួ ពុយ ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា សមាគម​បាន​ទទួល​ប្រាក់​កម្ចី​ចំនួន​១៤​លាន​ដុល្លារ​នៅ​សល់​៣​លាន​ដុល្លារ​ ទៀត​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ខ្មែរ។

ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​កុម្ភៈ លោក ភួ ពុយ បាន​បញ្ជាក់​ថា ថវិកា​ខាង​លើ​នេះ​ត្រូវ​បាន​ទទួល​យក​និង​ផ្តល់​ទៅ​ឲ្យ​បណ្តាល​រោង​ម៉ាស៊ីន​ កិន​ស្រូវ​ចំនួន​៣០០​ជា​សមាជិក​ដើម្បី​បង្កើន​សមត្ថភាព​ប្រមូល​ទិញ​ស្រូវ​ ស្តុក​ទុក​និង​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ដែល​កំពុង​ជួប​វិបត្តិ​ទីផ្សារ។

លោក ភួ ពុយ បាន​ឲ្យ​ដឹង​ថា ៖ «ប្រមូល​ទិញ​ហ្នឹង ...អត់​មាន​សកម្មភាព​អី​ដែល​យើង​ត្រូវ​ផ្អាក​ទេ យើង​កំពុង​តែ​សម្រុក​ទិញ»

មន្ត្រី​ខ្មែរ​បាន​ថ្លែង​ថា ប្រទេស​ថៃ​រហូត​មក​ទល់​នឹង​ពេល​នេះ​នៅតែ​បន្ត​ដាក់​បំរាម​មិន​ឲ្យ​កសិផល​ កម្ពុជា​ហូរ​ចូល​ប្រទេស​របស់​ខ្លួន។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ លោក ហេង ប៊ុនហោ បាន​ថ្លែង​ថា កសិករ​ខ្មែរ​បាន​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ពេល​បង្ក​ បង្កើន​ផល ហើយ​ថា​កសិផល​លក់​មិន​ចេញ​ពួក​គេ​កំពុង​ជួប​វិបត្តិ​ថវិការ។

លោក ហេង ប៊ុនហោ បាន​មាន​ប្រសាសន៍​ថា ៖ «គាត់​ធ្វើ​ផលិតកម្ម​ហ្នឹង​ គាត់​ខ្ចី​ឥណទាន​ពី​មីក្រូ​ហិរញ្ញវត្ថុ​ផ្សេងៗ​មក។ អ៊ីចឹង​ដល់​ពេល​គាត់​ប្រមូល​ផល​គាត់​ត្រូវ​លក់​ដោះស្រាយ​សង​គេ​វិញ»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រធាន​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា លោក ភួ ពុយ បាន​បញ្ជាក់​ថា កសិករ​អាច​លក់​ស្រូវ​ទៅ​ឲ្យ​បណ្តា​រោង​ម៉ាស៊ីន​នានា​ឬ​តាមរយៈ​ឈ្មួញ​កណ្តាល​ ដែល​មាន​តម្លៃ​ក្នុង​មួយ​តោន​ថ្លៃ​៧០០០​បាត ហើយ​សមាគម​ជាមួយ​គ្នា​នេះ​ក៏​កំពុង​រក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​សម្រាប់​ ដំឡូង​មី​ស្ងួត​ដែរ។

នៅ​ខែ​មករា​ដើម​ឆ្នាំ​២០០៩ រដ្ឋាភិបាល​ខ្មែរ​បាន​សម្រេច​ផ្តល់​មូលនិធិ​១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ទៅ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដើ​ម្បី​​ជួយ​ដល់​ការប្រមូល​ទិញ​កសិផល​ខណៈ​ ដែល​ប្រទេស​ថៃ​បាន​ដាក់​បំរាម​មិន​ឲ្យ​មាន​លំហូរ​កសិផល​ពី​ប្រទេស​កម្ពុជា។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ជនបទ លោក ស៊ុន គន្ធរ បាន​មាន​ប្រសាសន៍​ថា ក្នុង​មូលនិធិ​១៨​លាន​ដុល្លារ​មាន​ថវិកា​១០%​ត្រូវ​បាន​ផ្តល់​ជា​ប្រាក់​ កម្ចី​ទៅ​ឲ្យ​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​កម្ពុជា​ដើម្បី​បង្កើន​សមត្ថភាព​ ក្នុង​ការប្រមូល​ស្រូវ​ស្តុក​ទុក​និង​ទិញ​ស្រូវ​ពី​កសិករ។

លោក ស៊ុន គន្ធរ បាន​បញ្ជាក់​ថា ៖ «ប៉ុន្តែ​១៨​លាន​ហ្នឹង​គឺ​១០%​ទេ​នៃ ​តម្រូវការ​ជាក់ស្តែង សម្រាប់​យើង​មិន​អាច​ទាំងអស់​បាន​ទេ ព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នីមួយៗ​ត្រូវតែ​មាន​ដើម​ទុន​ផ្ទាល់​ ខ្លួន​គាត់»

លោក​បន្ត​ថា ក្រៅពី​ការផ្តល់​ទុន​ទៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ក៏​បាន​ផ្តល់​ទុន​៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ ឲ្យ​សមាគម​ជួយ​កសិករ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​រៀបចំ​រាន​ហាល​ដំឡូង​មី​ផងដែរ ហើយ​ថា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កំពុង​សម្លឹង​មើល​បណ្តា​សមាគម​ផ្សេង​ទៀត​នៅ​ តាម​បណ្តោយ​ព្រំដែន​ដើម្បី​ជួយ។

យោង​តាម​មន្ត្រី​កសិកម្ម​ក្រៅ​ពី​បញ្ហា​ស្រូវ​នៅ​មាន​ដំឡូង​មី​រាប់​សិប​ ម៉ឺន​ហិកតារ​ទៀត​នៅ​ក្នុង​ដី​ដូច​ជា​នៅ​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ក៏​កំពុង​ជួប​វិបត្តិ​ទីផ្សារ​ដែរ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News