Translate to Khmer

Wednesday, August 26, 2009

អង្គការ​សេដាក​អំពាវនាវ​ឲ្យ​កសិករ​ឈប់​ដុត​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​ច្រូត​កាត់

ដោយ កែវ និមល 2009-08-26

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​ជំនាញ​ខាង​កសិកម្ម​បាន​អំពាវនាវ​នៅ​ ថ្ងៃ​ទី​២៥ សីហា សុំ​ឲ្យ​កសិករ​ឈប់​ដុត​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​មាន​ការច្រូត​កាត់​និង​ ប្រើប្រាស់​ជី​ធម្មជាតិ​ដើម្បី​រក្សា​ឲ្យ​មាន​ភាព​សើម​នៃ​ដី​ស្រែ​ដើម្បី​ ឲ្យ​ដើម​ស្រូវ​មាន​ជីវិត​លូត​លាស់​បាន​ល្អ។
លោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​អំពី​សារ​ប្រយោជន៍​នៃ​សារធាតុ​សើម​នៃ​ដី ថា ៖ «សារធាតុ ​ដូច​ជា​កាក​សំណល់ ដូច​ជា​រុក្ខជាតិ​សត្វ​អី​ដែល​វា​រលួយ មាន​លក្ខណៈ​ពិសេស​មួយ​ដែល​វា​អាច​ជួយ​រក្សា​នូវ​ភាព​សំណើម​ដី​បាន​ល្អ»។

មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (សេដាក) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ក្រោយ​ពី​ឃើញ​មាន​ភាព​រាំង​ស្ងួត​ បាន​កើត​មាន​នៅ​ក្នុង​ខែត្រ​ចំនួន​៨​របស់​ប្រទេស​កម្ពុជា ហើយ​បើ​ភាព​រាំង​ស្ងួត​នេះ​អូស​បន្លាយ​យូរ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ធ្ងន់ធ្ងរ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​នៅ​ឆ្នាំ​នេះ។

នៅ​ក្នុង​ពេល​មាន​ភាព​រាំង​ស្ងួត​នេះ មន្រ្តី​អង្គការ​សេដាក​មាន​ការចុះ​ពិនិត្យ​តាម​វាល​ស្រែ​មួយចំនួន រក​ឃើញ​ថា ដី​ស្រែ​ណា​ដែល​សំបូរ​ទៅ​ដោយសារ​ធាតុ​សរីរាង្គ ឬ​ភាសា​សាមញ្ញ​ហៅ​ថា សារធាតុ​មមោក​នោះ គឺ​ដើម​ស្រូវ​នៅ​មាន​ការលូត​លាស់​ល្អ ជា​ពិសេស​ដើម​ស្រូវ​នៅ​មាន​ពណ៌​បៃតង​ជា​ធម្មតា ដែល​មាន​ការខុស​គ្នា​ជាមួយ​ដី​ស្រែ​មួយចំនួន​ដែល​មិន​មាន​សារធាតុ​មមោក​និង​ មាន​ការដុត​ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​ច្រូត​កាត់​ហើយ។

លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ៖ «ពេល​យើង​ទុក​ជញ្រ្ជាំង​ទៅ ដល់​ពេល​ជញ្រ្ជាំង​ហ្នឹង​រលួយ​ធ្វើ​ឲ្យ​វា​មាន​ជាតិ​មមោក​ដី ហ្នឹង​វា​អាច​ជួយ​ឲ្យ​ដី​មាន​ជីជាតិ ឲ្យ​ដី​ផុង ហើយ​ឲ្យ​មាន​សំណើម​អី​អ៊ីចឹង»។

អង្គការ​សេដាក​បាន​អំពាវនាវ​ដល់​កសិករ​ឲ្យ​មាន​ការទប់​ស្កាត់​កុំ​ដុត​ ជញ្ជ្រាំង​ស្រូវ​ក្រោយ​ពេល​ច្រូត​កាត់ ត្រូវ​បង្កើន​ការភ្ជួរ​លុប​ជញ្ជ្រាំង​ស្រូវ​និង​គ្រប​ដី​ដើម្បី​បង្កើន​ ជីជាតិ​ដី កសិករ​គួរ​ប្រើ​ជី​ធម្មជាតិ ជា​ពិសេស​ជី​កំប៉ុស​ឲ្យ​បាន​ច្រើន បង្កើន​ការដាំ​ជី​ស្រស់​និង​ដំណាំ​គ្រប​ដី​ឲ្យ​បាន​ច្រើន​មុន​ពេល​ដាំ​ដុះ​ និង​ក្រោយ​ពេល​ច្រូត​កាត់ និង​ដាំ​ដើម​ឈើ​សំបូរ​ស្លឹក​នានា​ឲ្យ​បាន​ច្រើន​ដើម្បី​យក​ស្លឹក​វា​ដាក់​ ស្រែ ដូច​ជា​ដើម​ក្ទម្ពទេស ដើម​អង្កាញ់ ដើម​ស្តៅ និង​ដើម​ហាយសាន ជាដើម។

លោក ហ៊ាន វណ្ណហន អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ការលើក​ឡើង​របស់​អង្គការ​សេដាក​ក្នុង​ការហាម​កសិករ​កុំ​ឲ្យ​ដុត​ជញ្ជ្រាំង​ ស្រូវ​ក្រោយ​ពេល​ច្រូត​ជា​ការត្រឹមត្រូវ ព្រោះ​ការដុត​នោះ​វា​នាំ​ឲ្យ​ស្ងួត​ដី​និង​បាន​កាត់​បន្ថយ​សារជាតិ​នានា​ដែល ​ជួយ​ការពារ​ដី​មិន​ឲ្យ​ឆាប់​ខ្សោះ​ជីជាតិ។

មន្រ្តី​ក្រសួង​កសិកម្ម​បាន​មាន​ប្រសាសន៍​ផងដែរ​ថា តែ​ការហាម​នេះ​មាន​ការលំបាក​ព្រោះ​កសិករ​ភាគ​ច្រើន​គាត់​ដុត​ជញ្រ្ជាំង​ ស្រូវ​ចោល​ធ្វើ​ឲ្យ​គាត់​ងាយ​ភ្ជួរ​មិន​ជាប់​ផាល​នង្គ័ល​នៅ​ពេល​ភ្ជួរ​ស្រែ​ លើក​ក្រោយ និង​កសិករ​មួយចំនួន​គាត់​មិន​បាន​ដុត​ជញ្រ្ជាំង​ស្រូវ​ខ្លួន​គាត់​ទេ តែ​ភ្លើង​វា​បាន​ឆេះ​រាល​ពី​វាល​ស្រែ​ជាប់​គ្នា​មក​លើ​ស្រែ​របស់​គាត់។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការព្រួយ​បារម្ភ​ចំពោះ​ភាព​រាំង​ស្ងួត​ដែល​កើត​មាន​បច្ចុប្បន្ន​នេះ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​នានា​យក​ចិត្ត​ទុក​ដាក់​សង្រ្គោះ​សន្ទូង​ ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​និង​មាន​គម្រោង​កាត់​ប្រេង​តាម​ស្ថាប័ន​រដ្ឋ​ ចំនួន​៣០% យក​មក​ផ្គត់ផ្គង់​លើ​ការងារ​បូម​ទឹក​ដាក់​ស្រែ​ទៀត​ផង៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News