Translate to Khmer

Sunday, August 23, 2009

ក្រុម​ជនជាតិ​ភាគ​តិច​នៅ​រតនគិរី​ព្រួយ​បារម្ភ​ពី​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច

ដោយ រដ្ឋា វីសាល, 2009-08-23

ក្រុម​ជនជាតិ​ភាគ​តិច​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​រតនគិរី​កំពុង​តែ​ភិតភ័យ ​នៅ​គ្រា​ដែល​លេច​ឮ​ដំណឹង​ថា ដី​ធ្លី​និង​ព្រៃ​ស្រោង​ដែល​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល​កំពុង​ត្រូវ​ រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​មួយ​ដើម្បី​ដាំ​ដើម​កៅស៊ូ​ផ្តាច់​ មុខ។

មន្ត្រី​ទទួល​ខុស​ត្រូវ​ការងារ​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ អាទិត្យ ទី​១៦ ខែ​សីហា ឆ្នាំ​២០០៩ ថា ក្រសួង​កសិកម្ម​បាន​ចុះ​កិច្ច​ព្រមព្រៀង​ចេញ​អាជ្ញាប័ណ្ណ​ផ្តល់​ដី​សម្បទាន​ សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ​ហើយ។

ប្រធាន​ផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ស្រុក​វ៉ឺនសៃ លោក វង្ស សុមេធី មាន​ប្រសាសន៍​ថា អាជ្ញាប័ណ្ណ​សម្រាប់​ការធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​ត្រូវ​បាន​ ចេញ​ជា​ផ្លូវការ​ហើយ​កាល​ពី​ដើម​ខែ​សីហា សម្រាប់​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​នៃ​ប្រទេស​វៀតណាម ឈ្មោះ ហង អានម៉ាង យ៉ាង ខេ អភិវឌ្ឍន៍​កៅស៊ូ។

លោក វង្ស សុមេធី បាន​ឲ្យ​ដឹង​ថា ៖ «បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ ហើយ ស.ជ.ណ.​អី​ក៏​គេ​មាន​អស់​ហើយ។ អ្វី​ដែល​ជា​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ហ្នឹង គឺ​ក្រសួង​បាន​ចាត់​គណៈកម្មការ​ចុះ​កាត់​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​ហើយ​តើ!»។

ប្រភព​ដដែល​នេះ​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ពិស្តារ​ពី​ទំហំ​ដី​ដែល​បាន​ ផ្តល់​និង​គម្រោង​លម្អិត​នៃ​វិនិយោគ​នោះ​ទេ។ តែ​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​សិក្សា​និង​កាត់​ចេញ​ផ្ទៃ​ដី​ទាក់ទិន​នឹង​ផល​ប៉ះពាល់​ បរិស្ថាន​ព្រៃ​ឈើ​និង​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ​រួច​ហើយ។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ជំទប់​ទី​២ ឃុំ​ភ្នំកុក លោក លី នឿន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ខាង​លើ​បាន​ដាក់​គម្រោង​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​១​ ម៉ឺន​ហិកតារ ហើយ​ចុះ​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្រ្តី ​ជំនាញ​ពាក់ព័ន្ធ​ជា​ជំហាន​ដំបូង។ លោក​ថា ដី​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ភូមិ​នឹង​ត្រូវ​កាត់​ចេញ​ពី​គម្រោង​នោះ។

បើ​ទោះ​បី​ជា​មាន​ការធានា​អះអាង​ដូច្នេះ​ក្តី សម្រាប់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រស់​នៅ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​ នោះ​នៅតែ​មាន​ការបារម្ភ និង​កំពុង​តែ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពួក​គាត់​ជួយ​ដោះស្រាយ​ពី​ក្តី ​ព្រួយ​បារម្ភ​របស់​អ្នក​ភូមិ​ស្តីពី​ផល​ប៉ះពាល់​ជីវភាព​និង​ផ្នែក​បរិស្ថាន ​ធម្មជាតិ​ដែល​កើត​ពី​ការផ្តល់​ដី​សម្បទាន​នោះ។

អ្នក​ភូមិ​កាឡៃសាពូន​ជាង​៤០​គ្រួសារ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ គម្រោង​សម្បទាន​នេះ​និយាយ​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ជាក់លាក់​ពី​គម្រោង​នោះ​ទេ ហើយ​អ្នក​ភូមិ​ភ័យ​ព្រួយ​បន្ទាប់​ពី​ឃើញ​ក្រុមហ៊ុន​យក​ថ្នាំ​ពណ៌​ទៅ​លាប​តាម ​ដើម​ឈើ​ហ៊ុម​ព័ទ្ធ​ភូមិ​ឋាន​ពួក​គាត់​រស់នៅ​ប្រចាំ​ថ្ងៃ។ ករណី​នេះ​អ្នក​ភូមិ​ព្រួយ​បារម្ភ​ថា ផល​ប៉ះពាល់​ច្រើន​ផ្នែក​នឹង​កើត​មាន​ចំពោះ​ពួក​គាត់។

តំណាង​អ្នក​ភូមិ​ឈ្មោះ ក្រង រ៉ាងខាង បញ្ជាក់ ៖ «អត់​ដឹង​របៀប​ម៉េច​ទេ ប៉ុន្តែ​ចង់​តវ៉ា មក​ប្ដឹង​ឲ្យ​ជួយ ឲ្យ​ជួយ​សង្រ្គោះ​ផង ពីព្រោះ​ចម្ការ​ប្រជាពលរដ្ឋ​អស់​រលីង​តែ​ម្ដង បាញ់​សុទ្ធតែ​ថ្នាំ​ក្រហម...»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ឧសភា ឆ្នាំ​២០០៩ តំណាង​អ្នក​ភូមិ​បាន​នាំ​ពាក្យ​បណ្តឹង​ដែល​មាន​ស្នាម​មេ​ដៃ​អ្នក​ភូមិ​ កាឡៃសាពូន​៩៤​នាក់ ដាក់​ជូន​អ្នក​តំណាង​រាស្ត្រ​ខេត្ត​រតនគិរី លោក ប៊ូ ថង ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ដោយសារ​លោក​ជាប់​រវល់​ទើប​តំណាង​អ្នក​ភូមិ​យក​ពាក្យ​បណ្តឹង​នោះ​ទៅ​ សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ឲ្យ​ជួយ។

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០០៩ នៅ​ឯ​សាលា​រៀន​ឃុំ​ភ្នំកុក​ក្នុង​វេទិកា​ជួប​ជុំ​អ្នក​ភូមិ​និង​មន្ត្រី​ អាជ្ញាធរ​ឃុំ​ស្រុក អ្នក​ភូមិ​បាន​លើក​ឡើង​សំណើ​នោះ​ជា​ថ្មី។

អ្នក​ភូមិ​ឈ្មោះ ប៉ា ឈឿន បញ្ជាក់​ពី​ការទាមទារ ៖ «ក្រុមហ៊ុន​មក ប្រជាជន​ភាគ​ច្រើន​អត់​ដឹង តែ​ក្រោយ​ក្រុមហ៊ុន​ឈូស​ឆាយ​ហើយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ដឹង អ៊ីចឹង​បាន​ជា​ឆ្ងល់ ហើយ​ពី​មុន​មក​ថា ឲ្យ​មាន​សហគមន៍​កាន់​កាប់​ដី​ធ្លី តាម​ភូមិ​នីមួយៗ​ឲ្យ​មាន​សិទ្ធិ តែ​ក្រោយ​មក ក្រុមហ៊ុន​មក​អ៊ីចឹង ប្រជាជន​អត់​សិទ្ធិ​ទៅ​វិញ»។

មេ​ឃុំ​ភ្នំកុក លោក ប៊ូ វ៉ាន់ថាក់ និង​មន្ត្រី​ស្មៀនឃុំ លោក ភឿក ហុង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​សុំ​ដី​សម្បទាន​ក្នុង​មូលដ្ឋាន ក៏​ប៉ុន្តែ​លោក​មិន​បាន​ទទួល​របាយការណ៍​ស្តីពី​ការសិក្សា​ផល​ប៉ះពាល់​ដែល​ ធ្វើ​ឲ្យ​អ្នក​ភូមិ​ព្រួយ​បារម្ភ​នោះ​ទេ។

លោក​ថា អ្នក​ភូមិ​ត្រូវ​បង្ហាញ​ពី​ផល​ប៉ះពាល់​របស់​ពួក​គាត់ ហើយ​ដាក់​មក​ក្រុម​ប្រឹក្សា​ឃុំ​ដើម្បី​មាន​មូលដ្ឋាន​រាយការណ៍​ជូន​អាជ្ញាធរ ​ស្រុក​និង​ខេត្ត​ជួយ​ដោះស្រាយ ៖ «ខាង​ក្រុមហ៊ុន​អត់​ទាន់​ដំណើរការ មិន​ដឹង​ដោះស្រាយ​ម៉េច ថា​ប៉ះពាល់​ដី​ស្រែ​ចម្ការ​គេ។ មាន​តែ​ជួយ​ឲ្យ​ប្រជាជន​ផ្ដិត​មេ​ដៃ​មក​តាម​អាជ្ញាធរ​វិញ»។

នៅ​ថ្ងៃ​អាទិត្យ ទី​១៦ សីហា ឆ្នាំ​២០០៩ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ទៅ​ដល់​ការិយាល័យ​ក្រុមហ៊ុន ហង អាន​ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍​កៅស៊ូ មាន​ទីតាំង​នៅ​ទីរួម​ខេត្ត​រតនគិរី ប៉ុន្តែ​បុគ្គលិក​ប្រចាំការ​បញ្ជាក់​ថា នាយក​ក្រុមហ៊ុន​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ទេ ហើយ​ពួក​គេ​មិន​មាន​សិទ្ធិ​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ឡើយ។

ចំណែក​មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា គម្រោង​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​មាន​ការចូលរួម​ពី​ប្រជា​សហគមន៍​ដើម្បី​ បង្ហាញ​ពី​ផល​ប៉ះពាល់​មុន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ។ លោក​ថា ប្រសិន​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ភូមិ​ប្រាកដ ក្រសួង​កសិកម្ម​គួរ​ធ្វើការ​សិក្សា​និង​ដោះស្រាយ​ប៉ះពាល់​នោះ​ឡើង​វិញ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​បញ្ជាក់​ថា ៖ «រឿង​នេះ​មិន​មែន​កើត​តែ​ក្នុង​ រតនគិរី​ទេ ដី​សម្បទាន​សេដ្ឋកិច្ច​កើត​ច្រើន​កន្លែង​ទូទាំង​ប្រទេស។ យើង​គិត​ថា ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​វា​ធំ​បំផុត​ហើយ គឺ​ការសិក្សា​ពី​ផល​ប៉ះពាល់ ទាំង​បរិស្ថាន ទាំង​ប៉ះពាល់​ប្រជាពលរដ្ឋ។ ក៏​ប៉ុន្តែ​យើង​ឃើញ​ថា ករណី​នៅ​ក្នុង​ស្រុក​វ៉ឺនសៃ​នេះ ប្រជាពលរដ្ឋ​អត់​បាន​ដឹង ស្រាប់​តែ​ឃើញ​អាជ្ញាប័ណ្ណ​មក​តែម្ដង។ អ៊ីចឹង​យើង​សូម​ទាមទារ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ចាប់ផ្ដើម​ស្រាវជ្រាវ​ សង្កេត​លើ​ការផ្ដល់​ដី​សម្បទាន​ហ្នឹង​សា​ជា​ថ្មី ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សិក្សា​លើ​ផល​ប៉ះពាល់​ហ្នឹង​ឲ្យ​បាន​សុក្រឹត»។

សកម្មជន​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក​ប្រចាំ​ស្រុក​វ៉ឺនសៃ លោក ឃុំ សំរិត ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​កាល​ពី​ខែ​ ឧសភា ថា តំបន់​សម្បទាន​នោះ មួយ​ផ្នែក​ធំ​ជា​តំបន់​ព្រៃ​ស្រោង​សំបូរ​ព្រៃ​ឈើ​ធំៗ ជា​ជម្រក​សត្វ​ព្រៃ និង​ជា​ទី​រស់​អាស្រ័យ​ផល​នៃ​សហគមន៍​ជនជាតិ​ដើម​នៅ​តំបន់​នោះ ហើយ​ការប្រគល់​តំបន់​នោះ​ឲ្យ​ក្រុមហ៊ុន​ឯកជន ប្រៀប​ដូច​ជា​កំពុង​ផ្តាច់​ជីវិត​អ្នក​ភូមិ​ដូច្នេះ​ដែរ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News