Translate to Khmer

Friday, August 28, 2009

កម្ពុជា​អាច​រក​ប្រាក់​រាប់​សិប​លាន​ដុល្លារ ពី​ទីផ្សារ​ការបោន

ជាមួយ​នឹង​គម្រប​ព្រៃឈើ​ដែល​នៅ​សល់​នៅ​ក្នុង​ប្រទេស និង​សកម្មភាព​ថែរក្សា​បរិស្ថាន​នានា ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​រក​ប្រាក់​​រាប់​សិប​លាន​ដុល្លារ ពី​ការ​លក់​ឥណទាន​ការបោន​នៅ​ក្នុង​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត ប្រសិនបើ​កម្ពុជា​មាន​អ្នក​ជំនាញ​ការ។

នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង និង​បាន​យល់​អំពី​វិធី​នៅ​ក្នុង​ការ​ទាញ​យក​ថវិកា​មក​បម្រើ​សកម្មភាព​ អភិវឌ្ឍន៍ និង​មនុស្សធម៌​ផ្សេងៗ​ដោយ​ស្របច្បាប់​ពី​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត តាម​ការ​លក់​ឥណទាន​ការបោន​នោះ​ នៅ​ក្នុង​ខណៈពេល​ដែល​កម្ពុជា​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​គិត​ថា ជា​ប្រទេស​មួយ​ដែល​ផ្ដល់​សច្ចាប័ន​លើ​ពិធីសារ ស្ដីអំពី​បរិស្ថាន​នៅ​ក្នុង​ទី​ក្រុង​ក្យូតូ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​មួយ​ផង​ដែរ។

ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត គឺ​ជា​ទីផ្សារ​ពាណិជ្ជកម្ម​សេរី​មួយ​ ដែល​គេ​បង្កើត​ឡើង​ក្រោយ​ពេល​ដែល​ប្រទេស​ជា​ច្រើន​ បាន​នាំ​គ្នា​ចុះហត្ថលេខា និង​ផ្ដល់​សច្ចាប័ន​លើ​ពិធី​សារ​ក្រុង​ក្យូតូ។ វា​គឺជា​ទី​ផ្សារ​ដែល​កើត​ពី​ការ​ស្ម័គ្រចិត្ត​របស់​អ្នក​ទិញ ដែល​ភាគច្រើន​គឺ​ជា​ក្រុមហ៊ុន​ធំៗ ដែល​បាន​បំភាយ​ឧស្ម័ន​កាបូនិក ឬ​កាបូនឌីអុកស៊ីត​ខ្ពស់​ នៅ​ក្នុង​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​រីកចម្រើន ជាមួយ​នឹង​អ្នក​លក់​ដែល​ភាគច្រើន គឺ​អង្គការ ឬ​សហគមន៍​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​កំពុង​​ធ្វើ​សកម្មភាព​អភិរក្ស​ព្រៃឈើ ឬ​ក៏​សកម្មភាព​ណា​ដែល​ជួយ​ទប់ស្កាត់​ការ​បំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​នៅ​ ក្នុង​ស្រទាប់​បរិយាកាស។ នៅ​ក្នុង​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត​នេះ ភាគី​ទាំងពីរ អាច​ទូទាត់​គ្នា​តាម​រយៈ​ឥណទាន​ការបោន ដែល​ភាសា​សម្រាយ​គេ​ហៅ​ថា ជា​បរិមាណ​កាបូនឌីអុកស៊ីត​ដែល​បាន​កាត់បន្ថយ​នៃ​ការ​បំភាយ​នៅ​ក្នុង​ស្រទាប់ ​បរិយាកាស ដោយសារ​តែ​សកម្មភាព​ណាមួយ។ ឧទាហរណ៍ ការ​ប្រើប្រាស់​ចង្ក្រាន​មួយ​ដែល​ដុត​អុស វា​អាច​ធ្វើ​ឲ្យ​វា​បំភាយ​កាបូនឌីអុកស៊ីត​១,៥​គីឡូក្រាម​នៅ​ក្នុង​ស្រទាប់​ បរិយាកាស ប៉ុន្តែ​សហគមន៍​មួយ​គាត់​បាន​បង្កើត​គំនិត​ច្នៃ​ប្រឌិត​រក​ឃើញ​ចង្ក្រាន​ ថ្មី​មួយ​បែប​ដែល​អាច​ដុត​ចម្អិន​អាហារ​បាន​ដូច​ចង្ក្រាន​មុន តែ​វា​បំភាយ​កាបូនឌីអុកស៊ីត​ត្រឹម​តែ​១​គីឡូក្រាម​តែ​ប៉ុណ្ណោះ។ ដូច្នេះ​០,៥​គីឡូក្រាម ដែល​នៅ​សល់​វា​គី​ជា​ឥណទាន​កាបូន​ដែល​គេ​អាច​យក​ទៅ​សន្សំ​ទុក​​សម្រាប់​ធ្វើ ​ការ​ដោះដូរ​យក​ថវិកា​បាន។

សព្វថ្ងៃ​នេះ នៅ​លើ​ពិភព​លោក​នៅ​ក្នុង​កាបូនឌីអុកស៊ីត​មួយ​តោន គេ​អាច​ដោះដូរ​យក​ឥណទាន​ការបោន មាន​តម្លៃ​រហូត​ដល់​ពី​១​ដុល្លារ រហូត​ដល់​ទៅ​៣០​អ៊ឺរ៉ូ (១​អ៊ឺរ៉ូ​មាន​តម្លៃ​ស្មើ​នឹង​១,៦៦​ដុល្លារ)។

លោក មិញ គួង លិហ្វាង (Minh Goung Leguan) ប្រធាន​ក្រុម​បម្រែបម្រួល​បរិស្ថាន​នៃ​អង្គការ​ជឺរ៉េស(geres) បាន​អះអាង​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល មាន​គម្រោង​ប្រមាណ​ជា​៣​តែ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ឥណទាន​ពី​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​គម្រោង​មួយ​របស់​អង្គការ​ជីរ៉េស​ផង​ដែរ។ ប៉ុន្តែ​លោក​ក៏​មិន​បាន​ដឹង​ថា តើ​គម្រោង​ទាំង​អស់​នោះ បាន​ដោះដូរ​ឥណទាន​ការបោន​បាន​ប៉ុន្មាន​ដុល្លារ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​អះអាង​ថា ជា​ទូទៅ​វា​គឺ​ជា​ការ​សម្ងាត់ ពីព្រោះ​នៅ​ក្នុង​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត ក៏​ប្រឈមមុខ​នឹង​ការ​ប្រកួតប្រជែង​ដូច​ទីផ្សារ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​ដែរ ដោយ​គ្រាន់​តែ​អះអាង​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​មួយ។

លោក​បាន​បញ្ជាក់​ថា «ការ​ទូទាត់ ឥណទាន​កាបូន គឺ​ដូចជា​ការ​ទិញ​ម្ហូប​ដូច្នេះ​ដែរ ហើយ​អ្នក​លក់ វិញ​ក៏​កាច់កុង​គ្នា​ខ្លាំង​ដែរ។ វា​គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​តម្លៃ​របស់​វា​គឺ​ទៅ​តាម​គុណភាព និង​ការ​ចរចា»។

បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់​លោក លីហ្វាង មក​ដល់​ពេល​នេះ តម្លៃ​នៃ​ការ​ទូទាត់​ឥណទាន ការបោន​ដែល​កម្ពុជា​អាច​ទទួល​បាន​នោះ គឺ​នៅ​ក្នុង​រង្វង់​ពី​៤​​ដុល្លារ​រហូត​ដល់​២០​អ៊ឺរ៉ូ នៅ​ក្នុង​មួយ​តោន​នៃ​កាបូនឌីអុកស៊ីត ហើយ​អតិថិជន​របស់​កម្ពុជា​គឺ​ភាគ​ច្រើន​អឺរ៉ុប និង​អូស្ត្រាលី ដោយ​ឡែក​នៅ​ក្នុង​ស្រុក​ក៏​មាន​ខ្លះ​ដែរ។ តម្លៃ​ដែល​កម្ពុជា​មិន​អាច​ទទួល​បាន​ខ្ពស់​ដូច​ដែល​គេ​អាច​ធ្វើ​បាន​នោះ គឺ​ដោយ​សារ​តែ​កម្ពុជា​នៅ​ពេល​នេះ គឺ​នៅ​មិន​ទាន់​មាន​សមត្ថភាព​ដោយ​ផ្ទាល់​​ទៅ​កាន់​ទីផ្សារ​ការបោន​ ស្ម័គ្រចិត្ត​នៅ​ឡើយ​ទេ។ ការ​លក់​របស់​កម្ពុជា​គឺ​តាម​រយៈ​ឈ្មួញ​កណ្ដាល។

លោក លីហ្វាង បាន​បញ្ជាក់​ថា «ខ្ញុំ​មិន​បាន​ដឹង​អំពី​គម្រោង​ដទៃ​ទៀត​ទេ​ តែ​សម្រាប់​គម្រោង​របស់​អង្គការ​ជឺរ៉េស ​មួយ​ចេញ​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៧ យើង​បាន​ជួយ​កាត់បន្ថយ​ការបោន​ឌីអុកស៊ីត​ចំនួន​៣១៤,៨៥៤​តោន ហើយ​គម្រោង​នេះ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១,២​លាន​នាក់»។

សព្វថ្ងៃ​នេះ​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត​នេះ គឺ​កំពុង​តែ​ដើរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា អូស្ត្រាលី សហគមន៍​​អឺរ៉ុប ប្រទេស​ញូវស៊ីលែន និង​អាមេរិក។ យោង​ទៅ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ធនាគារ​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៧ វិសាលភាព​នៃ​ទីផ្សារ​ការបោន​នៅ​ទូទាំង​ពិភពលោក​មាន​តម្លៃ​ជា​ប្រាក់​ដុល្លារ ​រហូត​ដល់​ទៅ​៦៤​ពាន់​លាន ប៉ុន្តែ​ជាក់ស្ដែង​នៅ​លើ​​ទីផ្សារ គេ​អាច​លក់​ឥណទាន​ការបោន​បាន​ត្រឹម​តែ​១២៣​លាន​តោ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​ ២០០៨ ដោយ​មាន​តម្លៃ​ប្រមាណ​ជា​៧០៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ក្រៅ​ពី​គម្រោង​ទាំង​បី ដែល​លើក​ឡើង​ដោយ​លោក លីហ្វាង ខាង​លើ​កម្ពុជា​នៅ​មាន​គម្រោង​មួយ​ទៀត​ដែល​កំពុង​តែ​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ ព្រៃឈើ និង​អង្គការ​ផាក (Pact)។

លោក​ ឡុង រតនៈកុមារ អនុប្រធាន​នាយកដ្ឋាន​សហគមន៍​ព្រៃឈើ​នៃ​រដ្ឋបាល​ព្រៃឈើ ​បាន​អះអាង​តាម​ទូរស័ព្ទ​​កាល​ពី​​សប្ដាហ៍​មុន​ថា ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​អង្គការ​ផាក និង​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​៩ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន​មួយ ​មាន​ទីស្នាក់ការ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ឲ្យ​​អភិរក្ស​ព្រៃឈើ​មួយ​កន្លែង ​ដែល​មាន​ទំហំ​៦០,០០០​ហិកតារ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ ដើម្បី​ទប់ស្កាត់​ការ​រីក​សាយ​ភាយ​នៃ​ឧស្ម័ន​កាបូនិច ឬ​កាបូនឌីអុកស៊ីត នៅ​ក្នុង​រយៈពេល​ពេល​៣០​ឆ្នាំ​បាន​៨,៥​លាន​តោន។

បើ​តាម​លោក​រតនៈ​កុមារ​លោក​ ក៏​នៅ​មិន​ទាន​បាន​ដឹង​ថា តើ​កិច្ច​ព្រមព្រៀង​នេះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ដោយ​អះអាង​ថា វា​ត្រូវ​ទាមទារ​នូវ​លក្ខខណ្ឌ និង​ទម្រង់​ការ​ជា​ច្រើន​ទៀត។

ពាក់ព័ន្ធ​នឹង​បញ្ហា​ចរចា​លក់ ឬ​ទិញដូរ​ឥណទាន​ការបោន​នៅ​ក្នុង​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត​នោះ លោក លីហ្វាង បាន​អះអាង​ថា វា​មិន​មែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ហើយ​បុគ្គល​ម្នាក់ៗ​ក៏​មិន​អាច​នឹង​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ការពារ​ បរិស្ថាន ហើយ​យក​ទៅ​រៀបចំ​សុំ​លក់​ឥណទាន​កាបោន​បាន​ដែរ។ ថវិកា​ដែល​បាន​មក​ពី​ការ​ទូទាត់​ឥណទាន​កាបូន​នេះ​ទៀត​សោត ក៏​មិន​អាច​បង្វិល​ចូល​ហោប៉ៅ​របស់​បុគ្គល​ម្នាក់​ដែរ។ ថវិកា​ទាំងអស់​គឺ​សម្រាប់​ជា​កិច្ចការ​ជា​សមូហភាព មាន​ដូចជា ការ​បណ្ដុះបណ្ដាល ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​សាលារៀន ការ​បង្កើត​មុខរបរ​ដែល​ប្រកប​ដោយ​និរន្តរភាព​ជា​ដើម។

លោក​បាន​បញ្ជាក់​ថា «មនុស្ស​ម្នាក់ៗ អាច​ចូលរួម​ថែរក្សា​បរិស្ថាន​ដោយ​អត់​ប្រើ​យានយន្ត​ជា​ដើម​បាន​ តែ​គេ​អត់​អាច​យក​សកម្មភាព​នោះ​មក​ទូទាត់​ជា​លុយ​បាន​ទេ។ ការ​ទូទាត់​លុន​នោះ​ទៀត​សោត វា​ត្រូវ​ការ​អ្នក​ពិគ្រោះ​យោបល់​ និង​ឆ្លង​កាត់​ទម្រង់​ការ​ជា​ច្រើន​ដ៏​ស្មុគស្មាញ»។

គិត​រហូត​មក​ដល់​ពេល​នេះ​បណ្ដា​គម្រោង​ដែល​បាន​ទទួល​ឥណទាន​ពី​ការ​ទូទាត់ ​​ឥណទាន​ការបោន​នៅ​ក្នុង​ទីផ្សារ​ការបោន​ស្ម័គ្រចិត្ត​នេះ មាន​គម្រោង​ផលិត​ចង្ក្រាន​មួយ​របស់​អង្គការ​ជឺរ៉េស គម្រោង​មួយ​របស់​អង្គការ​សេដាក់ និង​គម្រោង​មួយ​ទៀត​របស់​កម្មវិធី​ជីវឧស្ម័ន​ថ្នាក់​ជាតិ​កម្ពុជា។ គេ​រំពឹង​ថា នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ នឹង​ទទួល​បាន​មួយ​គម្រោង​ទៀត៕

ប្រភព​ព័ត៌មាន​៖ កាសែត​រស្មី​កម្ពុជា ឆ្នាំទី៖ ១៧ លេខ​៖ ៤៩៨៤
ចេញ​ផ្សាយ​៖ ថ្ងៃសុក្រ ទី​២៨ ខែ​សីហា ឆ្នាំ​២០០៩
ដោយ៖ ពិស្ដារ
ស្នើដោយ៖ រតនា កាល​បរិច្ឆេទ៖ សុក្រ 28 Aug 2009

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News