Translate to Khmer

Friday, September 4, 2009

ក្រសួង​កសិកម្ម​អំពាវនាវ​ឲ្យ​កសិករ​ប្រើ​ជី​ធម្មជាតិ​ជំនួស​ជី​គីមី

ដោយ អ៊ុក សាវបូរី 2009-09-04

មន្រ្តី​លេខាធិការដ្ឋាន​នៃ​អគ្គ​នាយកដ្ឋាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ អំពាវនាវ​ឲ្យ​កសិករ​ឈប់​ប្រើ​ជី​គីមី ហើយ​នាំ​គ្នា​ប្រើ​ជី​ធម្មជាតិ​ក្នុង​ការ​បង្ក​បង្កើន​ផល​ស្រូវ ក៏​ដូច​ជា​ដាំ​ដំណាំ​និង​ហាម​ប្រើ​ថ្នាំ​ពុល​ក្នុង​ការ​កម្ចាត់​សត្វ​ស៊ី​ ដំណាំ។
ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​កសិករ​មួយចំនួន​ធំ​នៅ​ប្រើប្រាស់ ​ជី​គីមី​និង​ថ្នាំ​ពុល​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម ជា​ពិសេស​ក្នុង​រដូវ​វស្សា​ដែល​កសិករ​ប្រើ​ជី​ច្រើន​ក្នុង​ការ​ធ្វើ​ស្រូវ​ វស្សា នាំ​ឲ្យ​ប៉ះពាល់​សុខភាព មនុស្ស សត្វ និង​ខូច​បរិស្ថាន។

លោក ហ៊ាង រតនា មន្រ្តី​លេខាធិការដ្ឋាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ប្រើ​ជី​ធម្មជាតិ​នាំ​ឲ្យ​ដី​មាន​ជីជាតិ​ផង ហើយ​ជីវ​ចម្រុះ​កកើត​មក​ច្រើន​វិញ​ផង។ ពិសេស​ទៅ​ទៀត គឺ​ជួយ​បន្ថយ​ប្រាក់​ចំណាយ​ទិញ​ជី​គីមី​និង​បន្ថយ​ប្រាក់​ព្យាបាល​សុខភាព​ ក្នុង​គ្រួសារ​កសិករ និង​ជួយ​បន្ថយ​ជាតិ​ពុល​ទាំង​ឡាយ​ក្នុង​បរិស្ថាន។លោក ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ៖ «ជី​ធម្មជាតិ​វា​មិន​វិវត្តន៍​ដូច​ជី ​គីមី ដាក់​ភ្លាម​បាន​ផល​ភ្លាម ប៉ុន្តែ​ជី​ធម្មជាតិ​វា​មាន​សំណើម។ ពេល​ដែល​យើង​ធ្វើ​មុន​ដំបូង​យើង​មិន​ទាន់​ដឹង​ទេ វា​ត្រូវការ​យូរ​ឆ្នាំ​ដី​យើង ព្រោះ​កន្លង​មក​ដី​គាត់​ប្រើ​ជី​គីមី តែ​បើ​សិន​ជា​ជី​ធម្មជាតិ​វា​មិន​អាច​កាច់​ដូច​ជី​គីមី​ទេ ជី​គីមី​កាច់​លឿន​ណាស់»។

មន្រ្តី​ដដែល​ឲ្យ​ដឹង​ថា ការ​ប្រើ​ជី​ធម្មជាតិ​ធ្វើ​ឲ្យ​ជន្លេន កង្កែប និង​សត្វ​មាន​ប្រយោជន៍​ដទៃ​ទៀត ក​កើត​មក​វិញ​នៅ​ក្នុង​ស្រែ​និង​កសិដ្ឋាន។ ទន្ទឹម​នោះ​កសិករ​មិន​គួរ​ដុត​គល់​ជញ្រ្ជាំង​ស្រូវ​ដែល​ច្រូត​ហើយ​នោះ​ទេ ព្រោះ​គល់​ជញ្ជ្រាំង​នោះ​វា​រក្សា​នូវ​ជីវ​ចម្រុះ​ដែល​កើត​ចេញ​ពី​ជី​ ធម្មជាតិ​បាន​ប្រើ​នោះ ៖ «ព្រោះ​សត្វ​ល្អិត​ងាប់​ទៅ សត្វ​មាន​ប្រយោជន៍​ក៏​មាន សត្វ​អត់​ប្រយោជន៍​ក៏​ងាប់ ងាប់​ទាំង​អស់​គ្នា»។

កសិករ​ឈ្មោះ ស្រិន ស្រស់ នៅ​ភូមិ​មើមព្រះច័ន្ទ ឃុំ​ចំប៉ី ស្រុក​បាទី ខេត្ត​តាកែវ កំពុង​ស្ទូង​ស្រូវ​ក្នុង​ស្រែ​ទំហំ​២៥​អារ ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទម្លាប់​យូរ​មក​ហើយ​ប្រើ​តែ​ជី​គីមី​និង​ថ្នាំ​ពុល​ក្នុង​ការ​ កម្ចាត់​សត្វ​ចង្រៃ​និង​ដាំ​ដុះ ដោយសារ​តែ​ក្នុង​មូលដ្ឋាន​គ្មាន​ព្រៃ គ្មាន​ទន្ទ្រាំង​ខេត្ត មក​សន្សំ​ធ្វើ​ជី​កំប៉ុស​ទេ។

គាត់​បន្ត​ថា គ្រួសារ​គាត់​សន្សំ​ជី​លាមក​គោ​បាន​តិចតួច​មក​ចាក់​ស្រែ​លាយ​ជាមួយ​ជី​គីមី​ អាមេរិកាំង​និង​ជី​ហ្វីលីពីន។ រី​ឯ​ការ​ចុះ​អបរំ​ឲ្យ​ប្រើ​ជី​ធម្មជាតិ គាត់​មិន​ដែល​បាន​ចូលរួម​ប្រជុំ​ទេ។

លោក ស្រិន ស្រស់ បាន​បញ្ជាក់​ថា ៖ «អត់​ដែល​ដឹង​រឿង​ប្រើ​ជី​កំប៉ុស​ ហ្នឹង​ប្រើ​យ៉ាង​ម៉េចៗ​អត់​ដែល​ដឹង អត់​ដែល​បង្រៀន​ទេ។ ដាក់​អាចម៍​គោ​ខ្លះ​ដែរ បើ​រក​អត់​មាន មាន​តែ​អត់ ហើយ​បើ​អត់​ភ្ជួរ​ក្ដាំងៗ បើ​ដាក់​អាចម៍​គោ​ជំនួយ​ខ្លះ។ មិន​ងាយ​រក​បាន​ទេ​អាចម៍​គោ មក​ស្រុក​ខ្ញុំ​ចិញ្ចឹម​គោ​តិច​ដែរ គេ​ដាក់​ស្រែ​គេ ស្រែ​ណា​មាន​ដី​ឆ្ងាយ​ភូមិ​ដាក់​ទៅ ដី​កៀក​ភូមិ​អត់​ដាក់​ផង»។

នៅ​ភូមិ​ត្រកៀត ឃុំ​ចំប៉ី អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ជួប​ជាមួយ​កសិករ​ឈ្មោះម៉ាក មឿន ដែល​នៅ​មុខ​របង​ផ្ទះ​បាន​លើក​ស្លាក​សញ្ញា​ជី​ធម្មជាតិ​ជប៉ុន​សញ្ញា​ផែន​ដី។ នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្ទះ មាន​កសិករ​មួយ​ក្រុម​កំពុង​តែ​លាយ​ម្សៅ​ម្យ៉ាង​ពណ៌​ប្រផេះ​ជាមួយ​គ្រាប់​ មូលៗ​ពណ៌​ស។

សាកសួរ​លោក ម៉ាក មឿន គាត់​ឆ្លើយ​ថា ក្នុង​មូលដ្ឋាន​នេះ​គ្មាន​ស្លឹក​ឈើ​សន្សំ​ធ្វើ​ជី​កំប៉ុស​ក្រៅ​ពី​លាមក​គោ​ ប្រមូល​សន្សំ​តាម​គ្រួសារ។ គាត់​ត្រូវ​ទិញ​ជី​ធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី​នេះ​មក​ប្រើ​សាកល្បង​ក្រោម​ ការ​ណែនាំ​ពី​មន្រ្តី​ជំនាញ​កសិកម្ម ហើយ​គាត់​កំពុង​តែ​លាយ​ជី​ធម្មជាតិ​ជប៉ុន​នេះ​ជាមួយ​ជី​អ៊ុយរ៉េ​ដើម្បី​យក​ ទៅ​បាច​ក្នុង​ស្រែ​ដែល​មាន​ស្រូវ​ដែល​ជិត​ផុត​ការ​ដាំ​ដុះ​ដោយសារ​ខ្វះ​ទឹក​ ភ្លៀង។

លោក ម៉ាក មឿន បាន​ឲ្យ​ដឹង​ថា ៖ «ក្រុមហ៊ុន​គេ​ឲ្យ​លាយ​តិចៗ ព្រោះ​ថា​ជី​នេះ​មាន​តែ​អិន​ហើយ​និង​ប៉េ វា​មាន​តែ​ពីរ​មុខ អ៊ីចឹង​គាត់​ថា​ដាក់​តិច​ចុះ។ លាយ​ជី​នេះ​តិច​ដោយសារ​ពេល​វេលា​ខ្លី ដើម្បី​ជំរុញ​ស្រូវ​ឲ្យ​វា​លឿន វា​លូត​លឿន ព្រោះ​ដំណាក់កាល​នេះ​ខែ​៩​ហើយ ទឹក​ទន្លេ​ក៏​មក ទឹក​ភ្លៀង​ក៏​មក​វា​ជន់ ដល់​អ៊ីចឹង​ស្រូវ​លូត​អត់​បាន​លឿន​ទេ បើ​យើង​ប្រើ​ជី​ធម្មជាតិ​វា​ល្អ ក៏​ប៉ុន្តែ​វា​យឺត»។

លោក ម៉ាក មឿន បន្ត​ថា គាត់​ប្រើ​ជី​ធម្មជាតិ​ជប៉ុន​នេះ​តាំង​ពី​ឆ្នាំ​២០០៨ ក្នុង​១​ហិកតារ​គាត់​ប្រើ​អស់​២០០​គីឡូក្រាម ដើម្បី​ស្តារ​ដី​ដែល​ខូច​រេច​រឹល​ហឹរ​មក​ពី​សារធាតុ​គីមី។ ក្រោយ​ការ​ប្រើ​ពីរ​ឆ្នាំ​នេះ​គាត់​ទទួល​ផល​ស្រូវ​កើន ដី​ដែល​ក្តាំង​លំបាក​ភ្ជួរ​រាស់​ប្រែ​មក​ទន់​ល្មើយ​វិញ។ ប៉ុន្តែ​ការ​លូតលាស់​របស់​ដើម​ស្រូវ​នោះ​យឺត​ជាង​ជី​គីមី​រហូត​២០​ថ្ងៃ។ លោក​បញ្ជាក់​ពី​គុណភាព​ជី​ធម្មជាតិ​ជប៉ុន​នេះ​ថា បាន​ជួយ​ទ្រទ្រង់​ដើម​ស្រូវ​នៅ​ពេល​បឺត​យក​ជី​មក​ចិញ្ចឹម​ដើម​ហើយ​នោះ ទោះ​បី​មេឃ​រាំង​ក៏​សន្ទូង​គាត់​មិន​ងាប់​ដូច​សន្ទូង​អ្នក​ប្រើ​ជី​គីមី​ ដែរ។

លោក ម៉ាក មឿន បាន​បញ្ជាក់​ថា ៖ «១​ហិកតារ​បើ​ដាក់​អាចម៍​គោ​វា​១០​តោន ហ្នឹង​អាចម៍​គោ​សុទ្ធ បើ​យើង​រក​អត់​បាន រក​ស្លឹក​ឈើ​អត់​បាន​ទេ ដូច​ជិះ​មក​ហ្នឹង​វាល​ភ្លឹង​ហើយ ព្រៃ​ភ្នំ​អត់​មាន តំបន់​ខ្ញុំ​អត់​មាន​ព្រៃ​ភ្នំ ហើយ​គេ​កាប់​អស់​ទៀត។ ទន្រ្ទាន​ខេត្ត​ក៏​អត់​សូវ​មាន​ដុះ​ដែរ ស្រុក​ខ្ញុំ​អត់​មាន​ទេ​ទន្រ្ទាន​ខេត្ត មាន​ដែរ​មាន​តាម​ដង​ផ្លូវ​បន្តិចៗ រក​យក​ម​កជា​ធនធាន​សម្រាប់​ធ្វើ​ឲ្យ​គ្រប់គ្រាន់​ប្រចាំ​ថ្ងៃ​អត់​បាន​ទេ។ អ៊ីចឹង​មាន​តែ​ខែ​ហ្នឹង​ទេ​មាន​ស្លឹក​ឈើ ដល់​ខែ​ប្រាំង​អស់​ហើយ អ៊ីចឹង​យើង​ដល់​ខែ​ទំនេរ ជី​កំប៉ុស​ខែ​ទំនេរ​អស់​ស្លឹក​ឈើ​ទៀត»។

តាម​ការ​កត់​សម្គាល់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​ស្រុក​បាទី​នោះ ស្ទើរ​គ្រប់​គ្រួសារ​គេ​និយម​ប្រើ​តែ​ជី​គីមី​បាច​ដាក់​ស្រែ។

ជំទប់​ទី​២ ឃុំ​ចំប៉ី លោក ភួង យ៉ាន់ មាន​ប្រសាសន៍​ថា ការ​ចុះ​អប់រំ​កសិករ​ឲ្យ​ប្រើ​ជី​ធម្មជាតិ​មក​ជំនួស​ជី​គីមី​បាន​ធ្វើ​រាល់​ មុន​រដូវ​ដាំ​ដុះ ប៉ុន្តែ​អ្នក​ភូមិ​នៅ​អល់អែក​ក្នុង​ការ​ប្រើ​ជី​ធម្មជាតិ ដោយសារ​អ្នក​ស្រុក​មាន​ដី​ផលិត​កសិកម្ម​តិចតួច ឯ​មនុស្ស​ក្នុង​គ្រួសារ​មួយៗ​កើន​ច្រើន ទើប​គេ​មិន​ហ៊ាន​ប្រថុយ​ប្រើ​ជី​ធម្មជាតិ​ខ្លាច​បាច​ទៅ​មិន​សូវ​បាន​ផល​ដូច​ ជី​គីមី។

លោក ភួង យ៉ាន់ បាន​មាន​ប្រសាសន៍​ថា ៖ «មក​ពី​ខ្វះ​ខាត​សម្បត្តិ​ធម្មជាតិ ដូច​ជា​អាចម៍​គោ ដូច​ស្លឹក​ឈើ ស្លឹក​ព្រៃ​អី​អ៊ីចឹង គាត់​មិន​ទាន់​យល់​ដឹង​អំពី​ការ​ធ្វើ​ជី​ធម្មជាតិ​ហ្នឹង​ឲ្យ​បាន​រីក​ចម្រើន ​ក្នុង​ភូមិ។ គាត់​ពឹង​ផ្អែក​ទៅ​លើ​ជី​គីមី​ទាំង​ស្រុង​តែម្ដង»។

លោក ចាន់ វណ្ណៈ នាយក​ក្រុមហ៊ុន​បាយ័ន ហេរីធេច ហូលឌីង គ្រូប (Bayon Heritage Holding Group Co., Ltd.) នាំ​ចូល​ជី​កសិកម្ម​ប្រភេទ​សរីរាង្គ​សញ្ញា​ផែន​ដី ឬ​ជី​ធម្មជាតិ​ជប៉ុន​សញ្ញា​ផែន​ដី អះអាង​ថា មាន​ច្បាប់​អនុញ្ញាត​នាំ​ចូល​ពី​ចុង​ឆ្នាំ​២០០៧ ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នាយកដ្ឋាន​នីតិកម្ម​កសិកម្ម។

លោក​បន្ត​ថា ៖ «ជី​ហ្នឹង​ជា​ជី​ធម្មជាតិ​សុទ្ធសាធ​ដែល​ធ្វើ​នៅ​ប្រទេស ​ជប៉ុន។ សារធាតុ​ដើម​គេ​យក​មក​ផ្សំ​ហ្នឹង​មាន​ដូច​ជា​ឆ្អឹង​សត្វ សាច់​សត្វ​ដែល​គេ​ហូប​មិន​កើត សល់​ហួស​កម្រិត​និង​បន្លែ កាក​សំណល់​ផ្សេងៗ។ ការ​លក់​ជូន​កសិករ​ជី​យើង​ហ្នឹង គឺ​លក់​ជូន​គាត់​ក្នុង​តម្លៃ​២៧​ទៅ​២៨​ដុល្លារ​ក្នុង​មួយ​បេ ៥០​គីឡូក្រាម ហើយ​ក្នុង​ហ្នឹង​គឺ​កសិករ​គាត់​យក​ទៅ​ប្រើប្រាស់​លើ​ដី​ស្រែ​តាម​រដូវ​វស្សា ​យើង​ហ្នឹង តែ​២​ទៅ​៤​បាវ»។

សូម​ជម្រាប​ថា ជី​សរីរាង្គ​ឬ​ជី​ធម្មជាតិ​ជប៉ុន​នេះ​ត្រូវ​ក្រុម​កសិករ​នៅ​ខេត្ត​កណ្តាល តាកែវ កំពង់ចាម កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ទើប​ចាប់ផ្តើម​ប្រើប្រាស់​បាន​តិច​តួច​ក្នុង​ការ​សាកល្បង​ដាក់​ទៅ​លើ​ដំណាំ​ បន្លែ​និង​ស្រូវ​ប្រាំង​វស្សា ប៉ុន្តែ​ខាង​អ្នក​បច្ចេកទេស​ប្រើប្រាស់​ជី​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ ដឹង​ថា គេ​អាច​ប្រើ​ទៅ​លើ​ដំណាំ​ហូប​ផ្លែ មាន​ស្វាយ ល្មុត ធុរេន សាវម៉ាវ មង្ឃុត និង​ដាក់​ក្នុង​ចម្ការ​ផ្កា​ម្លិះ​នាំ​ឲ្យ​មាន​ក្លិន​ក្រហូប​បែប​ធម្មជាតិ​ ផងដែរ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News