Translate to Khmer

Saturday, September 26, 2009

ការ​​អប់រំ​កូន​តាម​ផ្ទះ​​គឺ​​ជា​គ្រឹះ​ដ៏​រឹងមាំ ​សម្រាប់​ការ​ចូល​រៀន​នៅ​បឋម​សិក្សា

អត្ថបទ​របស់ "អំពី​ស្ត្រី"​៖

ក្នុង​ទឹក​​មុខ​ញញឹម​ញញែម​​​ កុមារា​ អាយុ​៦​ឆ្នាំ​ដែល​កំពុង​លេង​ បាន​រត់​ចេញ​ពី​ក្រុម​មិត្ត​ភក្ដិ​នៅ​ក្នុង​សាលារៀន​ទៅ​កាន់​គ្រូ​របស់​គេ។ កុមារា​នោះ​ឈ្មោះ​ ឆាយ​ ឌីណា។ ឌីណា​​បាន​និយាយ​ថា​​ "នៅ​ពេល​​ខ្ញុំ​ធំ​ឡើង​ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ជំនាញ​ផ្នែក​កុំព្យូទ័រ​ និង​ជា​អ្នក​វិស្វករ​​ស៊ីវិល​ម្នាក់"។
កុមារា​ឌី​ រស់នៅ​ភូមិ​ក្ដី​បឹង​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម។ ឌី​ គឺ​ជា​កុមារា​​ម្នាក់​ក្នុង​ចំណោម​កុមារ​នៅ​ខេត្ត​កំពង់ចាម​​ដទៃ​ទៀត​​ដែល​ បាន​ចូល​រួម​ក្នុង​កម្មវិធី​ការ​អប់រំ​កូន​តាម​ផ្ទះ​របស់​អង្គការ​ន័រវេស្ស៍ ​សង្គ្រោះ​កុមារ។ នៅ​ឆ្នាំ​សិក្សា​២០០៨-២០០៩​នេះ​ ឌី​បាន​ចូល​រៀន​ថ្នាក់​ទី​១​ នៅ​សាលារៀន​បឋម​សិក្សា​វិហារ​ធំ។

លោកស្រី​ លឹម​ គីមស្រេង​ គឺ​ជា​​គ្រូ​របស់​ឌី​ បាន​និយាយ​ថា​ ឌី​ មក​រៀន​ទៀងទាត់​ ហើយ​រៀន​ពូកែ​​ទៀត​ផង។ អ្នក​​គ្រូ​​បាន​បន្ត​ទៀត​ថា​ ឌី​ពូកែ​អក្សរ​ និង​លេខ​ ហើយ​ទទួល​បាន​លេខ​១​រៀងរាល់​ខែ។ អ្នក​គ្រូ​បាន​និយាយ​ថា​ "កុមារ​ដែល​បាន​រៀន​តាម​កម្មវិធី​អប់រំ​កូន​តូច​តាម​ផ្ទះ​ ឬ​បាន​ចូល​រៀន​មត្តេយ្យ​ គឺ​រៀន​​ឆាប់​ចាប់​បាន​ជាង​​កុមារ​ដែល​មិន​បាន​ទទួល​បាន​សេវា​ទាំង​នោះ"។ អ្នក​គ្រូ​បាន​បន្ថែម​ទៀត​​ថា​ កុមារ​ទាំង​នោះ​មាន​ទម្លាប់​ល្អ​ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​​​ឯង។

លោក​ កាង វ៉ាន់នី​ នាយក​សាលា​បឋម​សិក្សា​វិហារ​ធំ​ បាន​មាន​​ប្រសាសន៍​ថា​ ក្នុង​ឆ្នាំ​២០០៨-២០០៩​នេះ​ សាលា​លោក​គ្រូ​ទទួល​បាន​សិស្ស​៤០​នាក់​ដែល​បាន​ឆ្លង​កាត់​កម្មវិធី​​អប់រំ​ កុមារ​តូច​តាម​ផ្ទះ។ លោក​នាយករង​បន្ថែម​ថា​​ "លោក​គ្រូ​ អ្នកគ្រូ​សាលា​ខ្ញុំ​ដណ្ដើម​គ្នា​យក​កុមារ​ទាំង​នោះ​ ដោយ​សារ​តែ​ពួក​គាត់​គិត​ថា​ កុមារ​ទាំង​នោះ​ គឺ​ជា​សិស្ស​ពូកែ​ និង​មាន​ការ​លូតលាស់​រាងកាយ​ល្អ"។

អ្នកស្រី​ វ៉ា​ ញឹម​ ម្ដាយ​របស់​ឌី​ បាន​និយាយ​ថា​ គាត់​នៅ​តែ​បន្ត​អនុវត្ត​កម្មវិធី​អប់រំ​កុមារ​តូច​ជា​មួយឌី​ ទោះ​ជា​ឌី​បាន​​ចូល​រៀន​សាលា​បឋម​សិក្សា​ហើយ​ក៏​ដោយ​ ដោយសារ​តែ​គាត់​សង្ឃឹម​ថា​ កម្មវិធី​នេះ​ធ្វើ​ឲ្យ​កូន​គាត់​មាន​អនាគត​ល្អ។ អ្នកស្រី​បាន​បន្ត​ថា​​ "ខ្ញុំ​មាន​មោទនភាព​ចំពោះ​ឌី​ណាស់។គេ​ធ្វើ​​អ្វី​ៗ​បាន​ច្រើន​ ដោយ​សារ​តែ​ខ្ញុំ​ព្យាយាម​​អនុវត្ត​កម្មវិធី​អប់រំ​កុមារ​តូច​តាម​ផ្ទះ​ជាង​ គេ"។

អង្គការ​ន័រវេស្ស៍​សង្គ្រោះ​កុមារ​​បាន​អនុវត្ត​កម្មវិធី​អប់រំ​កុមារ​នៅ ​តាម​ផ្ទះ​នៅ​ខេត្ត​កំពង់ចាម​ អស់​រយៈពេល​ជាង​៨​ឆ្នាំ​ហើយ។ កម្មវិធី​នេះ​ មាន​គោល​បំណង​​អប់រំ​ឪពុកម្ដាយ​ និង​អាណាព្យាបាល​ពី​របៀប​ថែទាំ​ និង​អភិវឌ្ឍន៍​កុមារ​ចាប់​តាំង​ពី​កើត​រហូត​ដល់​អាយុ​៦​ឆ្នាំ។ កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​កុមារ​​ដែល​ មាន​អាយុ​តិច​ជាង​៦​ឆ្នាំ​ភាគច្រើន​​ដែល​គ្មាន​ឱកាស​បាន​ចូល​រៀន​សាលា​ មត្តេយ្យ​មុន​​ពួក​គេ​ចូល​រៀន​សាលា​បឋមសិក្សា។ ជា​​លទ្ធផល​កុមារ​ដែល​បាន​ទទួល​សេវា​នេះ​រៀន​ពូកែ​នៅ​សាលា​បឋមសិក្សា៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News