Translate to Khmer

Tuesday, September 8, 2009

អ្នក​ភូមិ​នៅ​រតនគិរី​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ស្នើ​សុំ​ការ​វិល​ត្រឡប់​នៃ​សកម្ម​ជន​សិទ្ធិ​មនុស្ស

ដោយ រដ្ឋា វីសាល 2009-09-08

អ្នក​ភូមិ​ជាង ៥០០​នាក់ មក​ពី​ស្រុក​ចំនួន​៥ នៅ​ក្នុង​ខេត្ត​រតនគិរី បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​គាំទ្រ​និង​ទាមទារ​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​ មនុស្ស លោក ប៉ែន ប៊ុណ្ណារ៍ បាន​មក​បំពេញ​ភារកិច្ច​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​នេះ​ដូច​ដើម ​វិញ។

ញត្តិ​គាំទ្រ​នេះ​បាន​ដាក់​ជូន​ការិយាល័យ​សមាគម​អាដហុក​ខេត្ត កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០០៩ និង​ចម្លង​ជូន​ខុទ្ទកាល័យ​សាលា​ខេត្ត​រតនគិរី អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ខុទ្ទកាល័យ​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ស្ថាប័ន​រដ្ឋសភា​និង​ព្រឹទ្ធ​សភា។

លោក ជុ សាវ៉ាត តំណាង​ឲ្យ​អ្នក​ភូមិ​ដែល​បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​បញ្ជាក់​ពី​ការ​គាំទ្រ ៖ «គេ ​កក់​ក្ដៅ​លើ​គាត់ គាត់​ធ្វើការ​ល្អ ជួយ​ជន​ជាតិ​ភាគ​តិច​ទន់​ខ្សោយ ជួយ​ការពារ​ទឹក​ដី​ព្រៃ​ឈើ គាត់​ធ្វើ​អត់​មាន​ពុក​រលួយ អត់​មាន​ទេ បាន​គេ​ស្រលាញ់​គាត់»។

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៩ លោក ប៉ែន ប៊ុណ្ណារ៍ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ភារកិច្ច​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ជាមួយ​លោក ឆាយ ធី ជា​សហការី បន្ទាប់​ពី​លោក ថោ សារ៉ន ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​ចេញ​ដីកា​កោះហៅ​លោក​ទៅ​សាកសួរ​ក្នុង​រឿង​ ក្ដី​ញុះញង់​អ្នក​ភូមិ​ប៉ាតាង​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស។

លោក អ៊ិន គាត អគ្គនាយក​សមាគម​អាដហុក និង​ជា​ប្រធាន​ស្ដីទី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ញត្តិ​នោះ​នៅ​ឡើយ ក៏​ប៉ុន្តែ​ទទួល​ស្គាល់​ថា ការ​ផ្លាស់​ប្ដូរ​តួនាទី​លោក ប៉ែន ប៊ុណ្ណារ៍ ពាក់ព័ន្ធ​នឹង​មន្រ្តី​តុលាការ​ដែល​មិន​ចុះ​សម្រុង​ក្នុង​ការ​បំពេញ​ ភារកិច្ច​របស់​លោក ប៉ែន ប៊ុណ្ណារ៍។

លោក អ៊ិន គាត ថ្លែង​យ៉ាង​ដូច្នេះ ៖ «ទាក់ទង... លោក ប៊ុណ្ណារ៍ ហើយ​តុលាការ​គេ​ទម្លាក់​បន្ទុក​អ៊ីចឹង យើង​ត្រូវ​ដក​ឃ្លា​ដើម្បី​យើង​រក​យុទ្ធសាស្រ្ដ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​រង​ គ្រោះ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស»។

លោក ថោ សារ៉ន ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​រតនគិរី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​សេចក្ដី​អត្ថាធិប្បាយ​របស់​លោក អ៊ិន គាត ទេ ៖ «នេះ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​តុលាការ»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា អង្គការ​លោក​កំពុង​តែ​ចងក្រង​ឯកសារ​ពី​ភាព​មិន​ប្រក្រតី​របស់​លោក ថោ សារ៉ន ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ចៅក្រម ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​តួនាទី​របស់​លោក ប៉ែន ប៊ុណ្ណារ៍។

លោក អ៊ូ វីរៈ ថ្លែង​យ៉ាង​ដូច្នេះ ៖ «អ្វី​ដែល​បាន​លើក​ឡើង​ជា​សាធារណៈ ​ដោយ​លោក​ចៅក្រម គឺ​វា​ខុស​សីលធម៌​និង​តួនាទី​របស់​ចៅក្រម​រួច​ទៅ​ហើយ ដូច្នេះ​វា​ទាក់ទង​លោក ប៉ែន ប៊ុណ្ណារ៍។ អ្វី​ដែល​បាន​លើក​ឡើង​ដោយ​លោក​ចៅក្រម យើង​ឃើញ​ថា មិន​ប្រក្រតី​ករណី​នេះ​យើង​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត»។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​នោះ ក៏​ប៉ុន្តែ​ជា​បញ្ហា្ផ​ផ្ទាល់​ខ្លួន​របស់​លោក ថោ សារ៉ន ដែល​ព្យាយាម​ពន្លាត​រឿង​ក្ដី​អ្នក​ភូមិ​ប៉ាតាង​ក្នុង​បំណង​ឲ្យ​លោក​ចាក​ចេញ​ ពី​ភារកិច្ច​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​កំពុង​កើត​មាន​ទៅ​លើ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ប៉ាតាង។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អ៊ីចឹង​រូបភាព​គំរាម​ កំហែង ចោទ​ប្រកាន់​លើ​ខ្ញុំ ទី​១ គឺ​ញុះញង់​ប្រជា​ពលរដ្ឋ​តវ៉ា​រឿង​ដី​ធ្លី ទី​២ គេ​ចោទ​ប្រកាន់​រហូត​ដល់​ទៅ​ភេរវកម្ម​ទៀត»។

លោក ប៉ាវ ហំផាន អភិបាល​ខេត្ត​រតនគិរី ធ្លាប់​បាន​ធ្វើ​អត្ថាធិប្បាយ​ថា អាជ្ញាធរ​ខេត្ត​មិន​មាន​បញ្ហា​ល្អក់​កករ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​លោក ប៉ែន ប៊ុណ្ណារ៍ ជា​មន្រ្តី​សិទ្ធិ​មនុស្ស​នោះ​ទេ។ តំណាង​អ្នក​ភូមិ​ខាង​លើ​បញ្ជាក់​ថា ការ​ផ្ដិត​មេ​ដៃ​គាំទ្រ​ដូច​គ្នា​នឹង​បន្ត​ធ្វើ​ចំពោះ​អ្នក​ភូមិ​ដោយ​ ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក​មួយ​ចំនួន​ទៀត៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News