Translate to Khmer

Saturday, November 7, 2009

ស្ថានភាព​ពលករ​ខ្មែរ​ដែល​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ


ដោយ អយុធ្យា 2009-11-06
ពលករ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​បម្រើការ​នៅ​ប្រទេស​ថៃ បាន​សម្តែង​ការ​ភ័យ​ព្រួយ ខណៈ​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ បាន​សម្រេច​ដក​ឯក​អគ្គ​រាជ​ទូត​រៀងៗ​ខ្លួន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា​ដោយ​មិន​មាន​អ្វី​ប្រែប្រួល​​ទេ។

លោក សាន រតនា ជា​ពលករ​ខ្មែរ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប ដែល​បាន​ទៅ​បម្រើ​ការ​នៅ​ក្រុមហ៊ុន ភី.អេស ហ្វូដ ចំកាត់ (P.S. Food Limited) ប្រទេស​ថៃ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា នេះ​ថា ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ដែល​ចេញ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ផលិត​ចំណី​ អាហារ​នៅ​ខេត្ត​សមុទ្រ​ប្រាកាន ប្រទេស​ថៃ​ទាំង​អស់ គឺ​មាន​ការ​ភិត​ភ័យ​ជា​ខ្លាំង បន្ទាប់​ពី​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​ទាក់​ទង​ទៅ​នឹង​ការ​ដែល​កម្ពុជា-ថៃ បាន​ដក​ឯក​អគ្គ​រាជ​ទូត​ចេញ​ពី​ប្រទេស​កម្ពុជា។

ថ្វី​បើ​ដូច្នេះ​ក្ដី លោក​បញ្ជាក់​ថា ស្ថានការណ៍​រស់​នៅ​របស់​ពលករ​ខ្មែរ​ទាំង​អស់​ដែល​បម្រើ​ការ​នៅ​ប្រទេស​ថៃ គឺ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ​ខណៈ​នេះ។
លោក សាន រតនា ឲ្យ​ដឹង​ដូច្នេះ ៖ «អត់​មាន​អី​ទេ ចាំ​មើល​ចេញ​បញ្ជា​តែ​ពី​ថៅកែ បើ​សិន​ជា​ថា​ម៉េច គេ​បញ្ជូន​ដូច​កាល​ដុត​ស្ថាន​ទូត​អ៊ីចឹង»

អ្នកស្រី ប្រាក់ សុខខេង មាន​ទី​លំនៅ​ខេត្ត​បាត់ដំបង ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ​ដែរ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «បើ​ទៅ​អត់​មាន​អី​ហូប ចេះ​តែ​នៅៗ​សិន​ទៅ មើល​គេ​មើល​ឯង។ មិន​ដឹង​ម៉េច​ទេ កូន​ចៅ​នៅ​ខ្មែរ​ផង​អី​ផង»

ដោយ​ឡែក​ពលករ​ខ្មែរ​ឈ្មោះ សុខ សុភ័ក្រ្ដ បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ស្ថានភាព​រស់​នៅ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំង ​អស់ គឺ​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​ការ​រស់​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។

លោក សុខ សុភ័ក្រ្ដ មាន​ប្រសាសន៍​ដូច្នេះ ៖ «ភ័យ​ចេះ​តែ​ភ័យ​ហើយ តែ​យើង​អត់ ខ្វះ​ខាត​ចេះ​តែ​នៅៗ​ហើយ ចាំ​មើល​គេ​មើល​ឯង»

ពលករ​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​ទៅ​បម្រើការ​នៅ​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ ជាង​៨​ឆ្នាំ​មក​ហើយ​នោះ មាន​ប្រសាសន៍​ដោយ​ស្នើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា ការ​រស់​នៅ​របស់​ប្រជាពលករ​ខ្មែរ ដែល​បម្រើការ​នៅ​ប្រទេស​ថៃ​ទាំង​អស់​ពេល​បច្ចុប្បន្ន​នេះ គឺ​ស្ថាន​ការណ៍​រស់​នៅ​ស្ថិត​នៅ​ធម្មតា​ទេ ប៉ុន្តែ​ស្ថិត​ក្នុង​ការ​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច ៖ «ធម្មតា វា​មិន​មាន​អី​កើត​ឡើង​ភ្ញាក់​ផ្អើល​ទេ បារម្ភ​ចេះ​តែ​បារម្ភ​ហើយ រឿង​ធ្វើការ​ចេះ​តែ​ធ្វើ​បណ្ដើរៗ​ហើយ រឿង​មាន​បញ្ហា​គេ​ប្រាប់​ទៅ...»

យោង​តាម​ប្រសាសន៍​របស់​លោក សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ក្នុង​សន្និសីទ​កាសែត នា​យប់​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ដក​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋាភិបាល​ថៃ ដែល​បាន​កោះ​ហៅ​លោក ប្រាសាស ប្រាសាវិនិឆៃ (Prasas Prasavinitchai) ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា ឲ្យ​ប្រឡប់​ចូល​ទៅ​ទីក្រុង​បាងកក​វិញ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ សម្រេច​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន​ត្រឡប់​មក​បំពេញ​បេសកម្ម​ការទូត​ នៅ​កម្ពុជា​វិញ​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា ទៅ​បន្ត​បេសកម្ម​ការទូត​នៅ​ប្រទេស​ថៃ​វិញ​ដែរ។

លោក សុខ អាន បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​ធ្វើ​បដិការ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ ដែល​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ប្រជាជន​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​ថៃ ហើយ​ការ​ធ្វើ​ទំនាក់​ទំនង​គ្នា​ទៅ​មក​ឆ្លង​ដែន​រវាង​ប្រជាជន​ទាំង​ពីរ​នឹង​ នៅ​តែ​ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News