Translate to Khmer

Tuesday, November 17, 2009

អ្នក​ជំនួញ​ស្រូវ​ត្អូញ​ពី​បញ្ហា​ទិន្នផល​ស្រូវ​មិន​សូវ​សំបូរ

ដោយ អ៊ុក សាវបូរី 2009-11-16

អ្នក​ជំនួញ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្អូញ​ត្អែរ​ថា នៅ​ដើម​រដូវ​កំពុង​ប្រមូល​ផល​នេះ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​មិន​សូវ​សំបូរ​ដូច​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​តម្លៃ​ ស្រូវ​ថ្លៃ​ជាង​មុន​បន្តិច។

ការ​ត្អូញ​ត្អែរ​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត ទឹក​ជំនន់ និង​ខ្យល់​ព្យុះ​ក្នុង​អំឡុង​ពេល​កសិករ​កំពុង​ដាំ​ស្រូវ​វស្សា​ទូទាំង​ ប្រទេស​កម្ពុជា។

ឈ្មួញ​ទិញ​ស្រូវ​នៅ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី សែម អៀត បាន​ឲ្យ​ដឹង​ថា ទិន្នផល​ស្រូវ​ថយ​ច្រើន។ អ្នកស្រី​ថា ដោយសារ​តែ​ផល​ស្រូវ​វស្សា​មាន​តិច​ហើយ​តម្រូវការ​ទិញ​របស់​ឈ្មួញ​ថៃ​និង​ វៀតណាម​ច្រើន​នោះ តម្លៃ​ស្រូវ​បាន​ឡើង​ថ្លៃ​ជាង​ឆ្នាំ​មុន​បន្តិច ពី​១.០០០ ទៅ​១.២០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ អ្នកស្រី​ថា តម្លៃ​នេះ​ជា​ប្រភេទ​ស្រូវ​លេខ​១ មាន​ស្រូវ​សុមាលី ផ្កា​រំដួល និង​ស្រូវ​ផ្កា​ម្លិះ។

អ្នកស្រី សែម អៀត បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ស្រូវ​ហ្នឹង​គេ​ក៏​រក យើង​ក៏​រក ពេល​ខ្លះ​យើង​ទៅ​ទិញ​អត់​បាន ស្រូវ​វា​ឡើង​(ថ្លៃ)»

ឈ្មួញ​ទិញ​លក់​ស្រូវ​ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ដា សុមាលី បាន​អះអាង​ថា ផល​ស្រូវ​ឆ្នាំ​នេះ​បាន​ថយ​ច្រើន​នៅ​តំបន់​ផលិត​ដំណាំ​ស្រូវ​ច្រើន​ជាង​គេ មាន​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់  និង​ខេត្ត​កំពង់ធំ។ អ្នកស្រី​ថា ទោះ​បី​ជា​ជម្លោះ​នយោបាយ​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ថៃ កំពុង​កើត​មាន​ក៏ដោយ ជំនួញ​ស្រូវ​មិន​ទាន់​ប៉ះពាល់​ឡើយ ដោយសារ​តែ​ឈ្មួញ​ថៃ​នៅ​បន្ត​ទទួល​ទិញ​យក​ស្រូវ​ពី​ប្រទេស​កម្ពុជា។ គាត់​បាន​ទិញ​ស្រូវ​ច្រូត​ហើយ​ភ្លាមៗ ឬ​ហៅ​ថា ស្រូវ​សើម​ប្រភេទ​លេខ​១ មាន​ពូជ​ផ្កា​ម្លិះ សុមាលី និង​ផ្កា​រំដួល ១​គីឡូក្រាម​តម្លៃ​ពី​៨​ទៅ​៩​បាត។

អ្នកស្រី ដា សុមាលី មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​អត់​ទៀង ជួន​កាល​ខ្ញុំ​និយាយ​តម្លៃ​ក្នុង​ថ្ងៃ​នេះ ដល់​ស្អែក​ឡើង​ចុះ​វិញ ឬ​ក៏​ឡើង​ទៅ​ទៀត ហ្នឹង​វា​អត់​ទៀង​ទេ។ ជួនណា​កន្លែង​ណា​ដែល​គេ​ចេញ​បាន​ស្រួល គេ​មក​ដេញ​ថ្លៃ​យើង យើង​ក៏​តាម​គេ បើ​មិន​តាម​គេ​យើង​ទិញ​មិន​បាន​ទេ»

ចំណែក​ឈ្មួញ​ទិញ​ស្រូវ​នៅ​ខេត្ត​កំពង់ធំ អ្នកស្រី និន មុំ បាន​ឲ្យ​ដឹង​ថា ៖ «ខាង ​កំពង់ធំ​ដូចជា​រាង​ស្បើយ​ជាង​ឆ្នាំ​ទៅ ឆ្នាំ​នេះ​វា​លិច​ទឹក។ ស្រូវ​ផ្កា​ម្លិះ ផ្កា​រំដួល​ទិញ​មួយ​គីឡូក្រាម​១.២០០​រៀល សុមាលី ១.២០០រៀល ស្រូវ​ចម្រុះ​ធម្មតា​មួយ​គីឡូក្រាម​៩៥០​រៀល។ ខេត្ត​ព្រះវិហារ​គេ​ដឹក​ចេញ​មក​លក់​នៅ​ខេត្ត​កំពង់ធំ​ដែរ យើង​នៅ​ចាំ​ទិញ​នៅ​កំពង់ធំ ចាំ​អ្នក​ព្រះវិហារ​ដឹក​មក»

នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក​បណ្ឌិត យ៉ង សាំងកុមារ អះអាង​ថា តាម​ការ​ស្រាវជា្រវ ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​អាច​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន គឺ​ប្រមាន​៧​លាន​តោន ដោយសារ​ភ្លៀង​ធ្លាក់​ដើម​ដៃ​ល្អ​ធ្វើ​ឲ្យ​កសិករ​ពង្រីក​ផ្ទៃ​ដី​ដាំ​ស្រូវ​ ដើម​ដៃ​ច្រើន​ហិកតារ​ជា​រៀង​រាល់​ឆ្នាំ  បើ​ទោះ​បី​ជា​ក្នុង​រដូវ​វស្សា​មាន​រាំង​ស្ងួត​និង​ជំនន់ ដោយសារ​ព្យុះ​កេតសាណា​ក៏ដោយ។

លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ៖ «សម្រាប់​ផល​ស្រូវ​រដូវ​ វស្សា​មាន​ពីរ មាន​ដើម​ដៃ គឺ​ប្រមូល​ផល​ខ្ទង់​ខែ​៥ ខែ៦-​៧​ហ្នឹង ហ្នឹង​វា​ច្រើន​ជាង​រាល់​ឆ្នាំ ហើយ​បើ​ស្រូវ​ជា​រដូវ​វស្សា ផល​វា​អាច​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅ ឬ​តិច​ជាង​ឆ្នាំ​ទៅ​បន្តិច​បន្តួច ប៉ុន្តែ​យើង​បូក​ជា​រួម ផល​ស្រូវ​រដូវ​វស្សា​សរុប​ទាំង​ដើម​រដូវ​និង​ក្នុង​រដូវ ខ្ញុំ​គិត​ថា វា​អាច​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅ»

លោក​បណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ដី​សម្រាប់​ដាំ​ស្រូវ​វស្សា​ក្នុង​ប្រទេស​កម្ពុជា តាម​តួលេខ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មាន​ប្រមាណ​ពី ២,៣​លាន​ហិកតារ ទៅ ២,៥​លាន​ហិកតារ៕

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News