Translate to Khmer

Wednesday, November 18, 2009

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាញ់​បង្រ្កាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី

ដោយ ហ្សាការីយ៉ា, 2009-11-17

សមត្ថកិច្ច​ស្រុក​សន្ទុក ខែត្រ​កំពង់ធំ បាន​បញ្ជូន​កម្លាំង​ប៉ូលិស​និង​ប៉េអឹម ប្រើ​អំពើ​ហិង្សា​និង​បាញ់​ប្រហារ​បង្ក្រាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ប្រមាណ​ ១.០០០​គ្រួសារ​ដែល​ការពារ​ដី​ចម្ការ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួស​មនុស្ស​៩​នាក់។

លោក សម ប៊ុនធឿន បាន​ឃើញ​ហេតុ​ការណ៍​បាញ់​បង្ក្រាប​នោះ​បាន​រៀបរាប់​ថា កាល​ពី​ថ្ងៃ​ទី​១៦ និង​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា គឺ​ស្នងការ​ខែត្រ​កំពង់ធំ ឈ្មោះ នូ ថានី និង​អភិបាល​ស្រុក​សន្ទុក លោក ពេជ្រ សុធា បាន​យក​កម្លាំង​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​ដែល​មាន​គ្រឿង​ចក្រ​ជា​ ច្រើន​គ្រឿង​ឈូស​ឆាយ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង។

លោក សម ប៊ុនធឿន បញ្ជាក់​ដូច្នេះ ៖ «ប្រជាជន​ខឹង​លើក​គ្នា​មក​ទាំង​ ហ្វូង​មក គេ​ថា អ្ហែង​ចូល​មក​អញ​អត់​ដែល​បាន​បាញ់​យូរ​ហើយ ឥឡូវ​អញ​កំពុង​ចង់​បាញ់។ ប្រជាជន​ចេះ​តែ​ចូលៗ​ទៅ បាញ់​៣​គ្រាប់។ ខ្ញុំ​ថា បារមី​ពូកែ​ទៅ​ចុះ គ្រាប់​ដែល​វា​បាញ់​តម្រង់​ជើង​បាញ់​អត់​ផ្ទុះ ដល់​បាញ់​ទៅ​ដី​ផ្ទុះ»

មន្រ្តី​នៃ​សមាគម​យោធិន​ពិការ​លោក ហៃ ហេន បាន​លើក​ឡើង​ថា ដី​នៅ​ចំណុច​បន្ទាយរនាង ឃុំ​ក្រយា ស្រុក​សន្ទុក​នោះ សមាគម​របស់​លោក​បាន​ទទួល​លិខិត​ពី​គណៈរដ្ឋមន្រ្តី ដែល​ភាសា​សាមញ្ញ​ហៅ​កាត់​ថា ស.ជ.ណ ពី​ឧប​នាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​យក​ផ្ទៃ​ដី​ជាង​១​ម៉ឺន​ហិកតារ​នោះ​ឲ្យ​សមាគម​របស់​លោក​ដើម្បី​ ចែក​ជូន​យោធិន​ពិការ​និង​យោធិន​រំសាយ​ជាង​១.៧០០​គ្រួសារ ទទួល​ដី​កាន់​កាប់​ក្នុង​មួយ​គ្រួសារ​ជាង​១​ហិកតារ​តាំង​ពី​ឆ្នាំ​២០០៥​មក។

លោក ហៃ ហេន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ដី​ហ្នឹង​សមាគម​យោធិន​ពិការ​ហ្នឹង ​មាន​ស.ជ.ណ​ចេញ​ពី​ឧប ស ខេង តម្កល់​ឈ្មោះ​ភូមិ​នៅ​មហាផ្ទៃ គាត់​ទទួល​ស្គាល់។ ប្រធាន​សមាគម​នឹង​សុំ​បន្ត​មក​ដល់​រាជ​រដ្ឋាភិបាល មក​ដល់​សម្ដេច​នាយក​ទៀត សម្ដេច​នាយក​កំពុង​តែ​រៀបចំ​ឲ្យ»

លោក​បាន​បន្ត​ថា ស្រាប់​តែ​ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ​ថា តាន់បៀន បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​នោះ  ដែល​កាល​ពី​មុន​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខែត្រ​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​ តាន់បៀន ក៏​ដូច​ជា​ស្នងការ​ខែត្រ​និង​អភិបាល​ស្រុក​សន្ទុក បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា។ ប៉ុន្តែ​អភិបាល​ខែត្រ​កំពង់ធំ លោក ឈុន ឈាន់ បាន​បញ្ជាក់​ថា យោធិន​ពិការ​ទាំង​នោះ​បាន​រស់​នៅ​លើ​ដី​រដ្ឋ ដែល​ដី​នោះ​រដា្ឋភិបាល​បាន​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​តាន់បៀន​ចំនួន ​៧០​ឆ្នាំ ដើម្បី​ដាំ​កៅស៊ូ។

លោក ឈុន ឈាន់ បាន​បញ្ជាក់​ដូច្នេះ ៖ «ក្រុមហ៊ុន​គេ​ប្ដឹង​ទៅ​រដ្ឋាភិបាល ដោយសារ​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​សម្រេច​ជូន​គេ​ហើយ»

លោក​អភិបាល​ខែត្រ​កំពង់ធំ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​ទាន់​បាន​ដឹង​អំពី​ការ​ប្រើ​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​នៅ​ឡើយ​ទេ។

លោក អំ សំអាត មន្រ្តី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើប​អង្កេត​និង​ដោះស្រាយ​បញ្ហា​នេះ​ ឲ្យ​បាន​ឆាប់ ដ្បើម្បី​ជួយ​សម្រួល​ដល់​ជន​ពិការ​ទាំង​នោះ។ លោក​បាន​បញ្ជាក់​ថា រឿង​ទំនាស់​ដី​នេះ​ជា​រឿង​ចាស់​ដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០០៧​មក។

ក្រុម​យោធិន​ពិការ​ទាំង​នោះ​បាន​លើក​ឡើង​ថា ពួកគេ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ចាប់​ខ្លួន ហើយ​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ​ផង​ដែរ៕

ប្រភពព័ត៌មានៈ វិទ្យុអាស៊ីសេរី

Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News