Monday, February 11, 2019

ការចិញ្ចឹមជន្លេន

តើអ្វី​ជាការ​ចិញ្ចឹមជន្លេន? 

របរចិញ្ចឹមជន្លេន ដែលគេហៅម្យ៉ាងទៀតថា កសិកម្មជន្លេន គឺជាដំណើរការនៃការប្រើប្រាស់ជន្លេនដើម្បី​ឱ្យវាកែប្រែ​កាកសំណល់សរីរាង្គ​ទៅជាជីដែលសម្បូរសារធាតុចិញ្ចឹមបំផុតនៅក្នុងពិភពលោកគឺ ជីជន្លេន។ ជីជន្លេន ដែលគេ​ស្គាល់ម្យ៉ាងទៀតថា ជីកំប៉ុសជន្លេន​ សម្បូរទៅដោយសារជាតិរ៉ែ សារធាតុចិញ្ចឹម និងសារធាតុមីក្រូសរីរាង្គដែលមានប្រយោជន៍​​យ៉ាងសំខាន់ដល់​ការលូតលាស់ប្រកបដោយសុខភាព​​​របស់រុក្ខជាតិ ការលូតលាស់របស់ឫស ​និងការ​ទប់ស្កាត់​ជំងឺផ្សេងៗ។ ដោយសារតែ ឧត្តមភាព​សារធាតុចិញ្ចឹមនៃ​​ជីជន្លេន ដូច្នេះ​កសិករ និង​អ្នកធ្វើសួនដំណាំ​ តែងតែហៅជីនេះ​ថា "មាសខ្មៅ" ព្រោះគេ​គ្រាន់តែប្រើវា​តែមួយស្លាបព្រា​បាយនោះ វាគ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​រុក្ខជាតិ​មួយដើមតូចបានរយៈពេលបីខែ​។

ក្នុងចំណោម​ជន្លេន​​ដែលគេស្គាល់​៤០០០ ប្រភេទ មាន​ជន្លេន៧​ប្រភេទ សមស្រប​សម្រាប់យកមកចិញ្ចឹម​ធ្វើជីកំប៉ុស ​ដែល​​ទាំង៧​ប្រភេទនេះ ជាអំបូរ​រស់នៅស្រទាប់ដីលើ​។ ជន្លេន​អំបូរនេះ មានពណ៌ក្រហម និងជាសត្វ​រស់នៅលើផ្ទៃដី ដែលធំធាត់យ៉ាងឆាប់រហ័សនៅក្នុងកាកសំណល់សរីរាង្គពុកផុយ​ស្រស់​។ នៅទូទាំងពិភពលោក ប្រភេទ​ពូជជន្លេនដែលត្រូវគេប្រើច្រើនជាងគេបំផុតគឺ ជន្លេនខ្លា ដែលគេហៅតាមឈ្មោះវិទ្យាសាស្ត្រថា Eisenia Fetida។

ដោយមាន​ដើមកំណើតនៅ ទ្វីបអឺរ៉ុប ជន្លេនខ្លា មាន​ភាពបន្ស៊ាំ​​​ពិសេស ហើយស៊ូទ្រាំ​នឹង​ប្រភពអាហារ​ផ្សេងៗ ការប្រែប្រួលសីតុណ្ហភាព (១០-៣០°) និងសំណើម (៦០-៩០%)។ ដោយវាមានអង្គ​សរីរាង្គផ្លូវភេទទាំង​ញី និងឈ្មោលផង​ ដូច្នេះ​លក្ខណៈ​ជីវសាស្ត្របន្តពូជ​របស់វា អាចជួយឱ្យបង្កើតកូនលឿន​។ ​ជាពិសេស ជន្លេន​ខ្លាមានសមត្ថភាពបង្កើតកូនទ្វេដង ជារៀងរាល់៦០ថ្ងៃ ឬពីរខែម្ដង និងស៊ីអាហារ​ស្មើពាក់កណ្ដាល​ដងខ្លួន ឬរាងកាយ​របស់វា ក្នុងមួយថ្ងៃ ដែលធ្វើឱ្យ​វា​មានលក្ខណៈពិសេស សមស្រប​ ​ក្នុង​ការគ្រប់គ្រង​កាកសំណល់សរីរាង្គរបស់យើង​។ ជន្លេន​ខ្លា អាចរស់នៅបាន​​ និងស៊ី​កាកសំណល់ ដូចជាកាកសំណល់ពីរោងបាយ លាមកគោ និងបន្ស៊ាំខ្លួនវា​បានល្អ និង​ប្រភព​សារធាតុសរីរាង្គ​ជាច្រើនទៀត។

ហេតុអ្វីចាំបាច់បើកកសិដ្ឋានចិញ្ចឹម​ជន្លេន?

តថភាព​នៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធានធម្មជាតិ និងនគរូបនីយកម្មរីកលូតលាស់​យ៉ាង​ធំសម្បើម ជាហេតុនាំ​ឱ្យ​មានការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ចំពោះសន្តិសុខស្បៀងអាហារ​សកល និងការរស់រានមានជីវិតរបស់មនុស្សជាតិ។ របរចិញ្ចឹមជន្លេន​ ជាដំណោះស្រាយដើម្បីជួយយើងក្នុង​ការបំពេញ និងដោះស្រាយបញ្ហាប្រឈមទាំងនេះ ជាលក្ខណៈបុគ្គល សហគមន៍ ស្ថាប័ន និងអាជីវកម្ម។ ជាពិសេស ដំណើរការ​នៃមុខរបរនេះ ជួយដល់បរិស្ថាន​ក្នុងទីប្រជុំជន​ ដោយរបរនេះ​ប្រើ​ប្រព័ន្ធចិញ្ចឹម​​ នៅផ្ទះ ខ្នាតតូច ប្រើបច្ចេកវិទ្យាទាប និងតម្លៃសមរម្យ។ ដោយមាន​ប្រជាជន​៨៣% រស់នៅ​ក្នុងទីក្រុង ​(ចក្រភពអង់គ្លេស)​ ដូច្នេះ ចលនា​នៃ​​មុខរបរចិញ្ចឹម​ជន្លេន នៅក្នុងទីក្រុង គឺសំខាន់សម្រាប់សុវត្ថិភាពម្ហូបអាហារនាពេលអនាគត និង​ជាដំណោះស្រាយងាយស្រួលសម្រាប់ប្រើប្រាស់ និងគ្រប់គ្រង​កាកសំណល់ពីផ្ទះបាយ។

កាកសំណល់អាហារបញ្ចេញ ឧស្ម័នម៉េតាន និងអុកស៊ីដនីត្រូដ ក្នុងកម្រិត​៣១ និង​ខ្លាំងជាងកាបូនឌីអុកស៊ីត​៣១០ដង​។ ក្នុងកម្រិត​ជា​បុគ្គល និងនៅមូលដ្ឋាន របរ​ចិញ្ចឹម​ជន្លេន​ មានសក្តានុពលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នម៉េតាន​ ដោយការ​កាត់បន្ថយ​បរិមាណកាកសំណល់អាហារដែលគេយក​ទៅចាក់ចោល​​ក្នុង​ទីចាក់សំរាម និងជាលទ្ធផល​ កាត់បន្ថយភាពចាំបាច់ក្នុងការប្រើ​រថយន្ត​​​ដែលប្រើឥន្ធនៈ​សម្រាប់ប្រមូលកាកសំណល់​។

របរចិញ្ចឹមជន្លេន ជួយបង្កភាពងាយស្រួល​ដល់យើង ក្នុង​ការប្រើប្រាស់ដីឡើងវិញ ដោយបង្កើតជីធម្មជាតិ និងជីកំប៉ុស​ដែលសម្បូរសារធាតុ​ចិញ្ចឹមពីកាកសំណល់របស់យើង ដើម្បីគាំទ្រដល់ការផលិតស្បៀងអាហារដែលសម្បូរសារធាតុចិញ្ចឹម។ ដោយមានការបន្សល់នូវដីស្រទាប់លើ​តិច​ជាង​៤០​ឆ្នាំ​ (នៅចក្រភពអង់គ្លេស) និង​តិចជាង​៦០ឆ្នាំ នៅទូទាំងពិភពលោក យើងត្រូវតែនាំគ្នាធ្វើ​រៀងៗខ្លួន ​ប្រសិនបើ យើងចង់តស៊ូ​នឹងភាពមិនអនុគ្រោះនេះ និងបញ្ចៀស​​គ្រោះ​ទុរ្ភិក្ស។ ការ​ប្រកបរបរ​ចិញ្ចឹម​ជន្លេន ជាឱកាសដើម្បី​ប្រើប្រាស់ដីឡើងវិញ នៅ​ផ្ទះ សហគមន៍ និងនៅ​​កសិដ្ឋានរបស់យើង។ គំរូនៃទស្សន​វិស័យកសិកម្មដែលពឹងផ្អែកទៅលើសារធាតុគីមី បានដើរតួ​ខាង​​របរកសិកម្ម​ជាង​មួយសតវត្ស ដោយមិនបាន​យកចិត្តទុកដាក់លើសុខភាព និងជីវិតរបស់ដីនិងអ្នកដែលធ្វើការងារ​លើដីនោះ​។ ជាលទ្ធផល សុខភាពរបស់មនុស្សជាតិ និងផែនដីបានរងការឈឺចាប់ និងខូចខាត​ហួសពីការវាស់វែង ហើយឥឡូវនេះយើងកំពុងប្រឈមមុខនឹងការ​ផ្គត់ផ្គង់​ស្បៀងអាហារ ទៅពិភពលោកនៅពេល​ដែល​ប្រភពផលិតកម្មស្បៀងរបស់យើងកាន់តែថយចុះយ៉ាងឆាប់រហ័ស។ ការវិនិយោគលើ​បច្ចេកវិទ្យា​កសិកម្ម​ទំនើប មិនមែនជាការឆ្លើយតបនោះឡើយ ប៉ុន្តែ​ការវិនិយោគលើដី និង​ការចិញ្ចឹមជន្លេន​ពិតនឹងដោះស្រាយបញ្ហាទាំងនោះបាន​។

សិក្សា ស្រាវជ្រាវ និងបកប្រែព្រមទាំងកែសម្រួល ចែកជូនជាចំណេះដឹងដល់កសិករខ្មែរ ដោយ សេក សុខា, ថ្ងៃទី​១១ ខែកុម្ភៈ​ ឆ្នាំ​២០១៩។ 

Search

Shared News