ដោយ សាវយុត វិទ្យុអាស៊ីសេរី
2009-01-21
ក្រុមអង្គការក្រៅរដ្ឋាភិបាលនិងកសិករមកពីប្រទេសសមាជិកសមាគមអាស៊ាន ចំនួន៧បានកំពុងមកជួបប្រជុំសិក្ខាសាលាថ្នាក់តំបន់មួយនៅខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីស្វះស្វែងរកមធ្យោបាយអនុវត្តគម្រោងសាកល្បងជួយដល់កសិករក្រីក្រឲ្យលក់ផលិតផលបានតម្លៃខ្ពស់និងមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ។
អង្គការក្រៅរដ្ឋាភិបាលនិងកសិករក្រីក្រទាំងនោះមកពីប្រទេសកម្ពុជា ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ភូមា និងតៃវ៉ាន់ បានជួបប្រជុំគ្នាតាំងពីថ្ងៃទី២០ ខែមករាមកម៉្លេះ។
អគ្គលេខាធិការអង្គការដៃគូសម្រាប់ការអភិវឌ្ឍធនធានមនុស្សក្នុងទីជនបទនៃប្រទេសអាស៊ី (Asia DHRRA) គឺអ្នកស្រី Marlene Ramirer បានមានប្រសាសន៍ថា កសិករក្រីក្រជាច្រើននៃប្រទេសអាស៊ានមានបញ្ហាជាច្រើនទៅលើបច្ចេកទេសផលិតផលដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។
អ្នកស្រី Marlene Ramirer បានមានប្រសាសន៍ថា៖ "កសិករគាត់មានបញ្ហាច្រើនទៅលើចំណេះដឹង ទៅលើធនធាន ទៅលើបច្ចេកទេស ទៅលើចំណេះដឹងទីផ្សារ ជាពិសេសគឺគាត់មិនអាចគោរពទៅតាមស្ដង់ដារតម្រូវការទីផ្សារបាន អ៊ីចឹងមានបញ្ហាច្រើន ហើយកន្លងមកមានតែពាណិជ្ជករទេដែលធ្វើហើយកសិករគាត់អត់បានទទួលផល"។
ចំណែកប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក់ ដែលបានចូលរួមប្រជុំដែរ គឺលោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ផលិតផលកសិករខ្មែរជាច្រើនកំពុងមានបញ្ហាប្រកួតប្រជែងទីផ្សារជាមួយលំហូរចូលនៃផលិតផលកសិកម្មមកពីប្រទេសជិតខាង ដោយសារតែកសិកម្មរបស់កសិករខ្មែរនៅធ្វើតាមរដូវកាលមិនទាន់ឈានដល់ ទម្លាប់នៃការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ឯកសិផលប្រទេសជិតខាងនៅលើទីផ្សារកម្ពុជាមានភាពទៀងទាត់ជាងរួមទាំងមានបច្ចេកទេស គុណភាព និងការវេចខ្ចប់ស្អាតជាងផលិតផលកសិករខ្មែរ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ «បញ្ហាត្រង់ថា ផលិតផលពីក្រៅហូរចូលមកច្រើន គេគុណភាពល្អ គេវេចខ្ចប់អ៊ីចឹង ហើយគេមកទៀងទាត់អីអ៊ីចឹង។ កសិករយើងនេះ គាត់មិនទាន់មានទម្លាប់ផលិតដាំលក់សម្រាប់មកទីផ្សារ»។
កសិករខ្មែរមួយរូបមកពីស្រុកដងទង់ ខេត្តកំពត លោក អួន សុផល បានមានប្រសាសន៍ថា កសិករជាច្រើនបានបាក់ទឹកចិត្តផលិតកសិផលនានា ដោយសារដូចជារូបលោកបច្ចុប្បន្នបានចិញ្ចឹមមាន់ ជ្រូក និងធ្វើស្រែដោយចំណាយទុនផលិតអស់ច្រើន ក៏ប៉ុន្តែដល់ពេលលក់ផលិតផលចេញគឺក្រុមឈ្មួញបានឲ្យតម្លៃថោកនិង គ្មានទីផ្សារផ្សេងឲ្យប្រសើរ។
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបាននិយាយថា កសិផលកសិករខ្មែរបច្ចុប្បន្នគ្មានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារ ដោយសារតែពួកឈ្មួញខ្លះលួចបន្លំគុណភាពដើម្បីយកចំណេញ ដូចជាទិញមាន់និងបន្លែកសិករយកទៅបាញ់ទឹកឲ្យធ្ងន់ភ្នែកគីឡូ ជាដើមធ្វើឲ្យអ្នកប្រើប្រាស់បាត់បង់ការគាំទ្រ ហើយរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ឲ្យមែនទែនក្នុងការបង្កើតច្បាប់ ទាក់ទងនឹងសុវត្ថិភាពនិងគុណភាពផលិតផល រួមនឹងការទប់ស្កាត់ការនាំចូលកសិផលពីប្រទេសជិតខាងដើម្បីលើកទឹកចិត្តកសិករខ្មែរឲ្យបង្កើនការផលិតថែមទៀត៕
No comments:
Post a Comment