Wednesday, November 13, 2019

កម្មវិធីបណ្តុះបណ្តាលសិស្សហាត់ការកសិកម្ម

នៅសហរដ្ឋអាមេរិក ទោះបីជា គេ​ជាប្រទេស​ជឿនលឿនក៏ដោយ​ ក៏រដ្ឋាភិបាលអាមេរិក គេ​នៅ​តែ​គិត​គូរ​លើវិស័យកសិកម្ម​ខ្លាំងណាស់ ជាពិសេស ការបណ្ដុះ​បណ្ដាល​ពលរដ្ឋ​ឱ្យចេះ​ប្រកបរបរកសិកម្ម ជា​ចំណេះ​ ជំនាញ​អាជីព​។ ​ខាងក្រោមនេះ ជាអត្ថបទ​ពាក់ព័ន្ធ​ការបណ្ដុះបណ្ដាល​ចំណេះ និងជំនាញ​កសិកម្ម នៅសហរដ្ឋ​អាមេរិក។ 

កសិករដែលមានសេចក្តីប្រាថ្នាចង់ចេះ អាចរៀនធ្វើកសិកម្មយ៉ាងជាក់លាក់នៅក្នុងកម្មវិធីហាត់ការថ្មីនៅកសិដ្ឋាន ដែលនឹងចាប់ផ្តើមពី ខែមករា ឆ្នាំ២០២០។

ឥឡូវនេះ ផ្នែកប្រព័ន្ធកសិកម្មនៃសាកលវិទ្យាល័យអាកាន់សាស (Arkansas) ចាប់ផ្ដើមទទួលពាក្យសុំ ចូលរៀន ដែលមានគោលបំណងផ្ដោតលើបុគ្គលដែលកំពុងពិចារណាលើការធ្វើកសិកម្មជាមុខរបរអាជីព។ ហេឌើ ហ្វ្រេដដ្រីច (Heather Friedrich) ប្រធានចាត់ចែងកម្មវិធី នៅនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា កម្មវិធីកសិករហាត់ការនៅកសិដ្ឋាន ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលដើម្បី សហគ្រិនប្រព័ន្ធកសិកម្ម និងស្បៀងអាហារ នឹងបង្រៀនសិស្សកសិករឱ្យចេះមើលដំណើរជីវិតនៅកសិដ្ឋានដោយខ្លួនឯង។

មជ្ឈមណ្ឌលសហគ្រិនភាពនៃប្រព័ន្ធកសិកម្ម និងស្បៀងអាហារ (CFFSE) គឺជាដៃគូពហុជំនាញ ដែលប្រតិបត្តិការតាមរយៈសាខាស្រាវជ្រាវរបស់នាយកដ្ឋាន ដែលជាស្ថានីយ៍ពិសោធន៍កសិកម្ម អាកាន់ សាស។ ហ្វ្រេដ្រីច មានប្រសាសន៍ថា កម្មវិធីហ្វឹកហ្វឺនសម្រាប់កសិកររៀនអនុវត្តជាក់ស្ដែងនេះ គឺជាគន្លឹះនៃបេសកកម្មរបស់មជ្ឈមណ្ឌលសហគ្រិនភាពនៃប្រព័ន្ធកសិកម្ម និងស្បៀងអាហារ ដើម្បីពង្រឹងប្រព័ន្ធស្បៀងអាហារ និងកសិកម្ម តាមរយៈឱកាសរៀនធ្វើដោយផ្ទាល់។

កម្មវិធីនេះផ្គូរផ្គងសិស្សកសិករ ឱ្យរៀនជាមួយគ្រូកសិកម្មពេញម៉ោងដែលធ្លាប់ទទួលបានជោគសម្រាប់កម្មវិធីដែលមានរយៈពេល១០ខែ ទៅ២ឆ្នាំ។ ហ្វ្រេដ្រីច (Friedrich) បញ្ជាក់ថា កម្មវិធីនេះ ផ្សារភ្ជាប់ការរៀនទ្រឹស្ដីក្នុងថ្នាក់ នឹងការអនុវត្តផ្ទាល់ នៅកសិដ្ឋានដែលធ្លាប់ធ្វើបានជោគជ័យរួចមកហើយ។ ហ្វ្រេដរិចបាននិយាយថា កម្មវិធីហាត់ការងារកសិកម្មនេះ ត្រូវបានរៀបចំឡើងសម្រាប់សិស្សកសិករដែលមានបទពិសោធន៍ខ្លះៗក្នុងការដាំដំណាំស្បៀងអាហារ ប៉ុន្តែត្រូវការការបណ្តុះបណ្តាលបន្ថែម មុនពេលចាប់ផ្តើមធ្វើអាជីវកម្មកសិកម្មដោយខ្លួនឯង។

Friedrich មានប្រសាសន៍ថា “យើងកំពុងស្វែងរកអ្នកដែលកំពុងពិចារណាអំពីការងារផលិតកម្មស្បៀងអាហារ សម្រាប់ទីផ្សារក្នុងស្រុក និងក្នុងតំបន់ ជាអាជីព”។ “ពិតណាស់ហើយ អ្នកដែលចូលរៀនក្នុងកម្មវិធីនេះ នឹងទទួលបានបទពិសោធមួយចំនួនពាក់ព័ន្ធផលិតកម្មស្បៀងអាហារ មិនថា ពីកសិដ្ឋាន ឬពីការធ្វើសួនដំណាំ ឬពីការរៀន ជាដើម”។

អ្នកចូលរួមវគ្គនេះ នឹងចាប់ផ្តើមរៀនតាមកម្មវិធីដែលរៀបចំបង្រៀនផ្ទាល់ក្នុងថ្នាក់រៀន ជាមេរៀនដែលបង្កើតនូវមូលដ្ឋានគ្រឹះនៃចំណេះ និងជំនាញកសិកម្ម។ ហ្វ្រេដ្រីច និយាយថា យោងតាមគោលដៅ និងព័ត៌មានដែលយើងប្រមូលបាន ក្នុងអំឡុងពេលដាក់ពាក្យសុំនោះ បេក្ខជនដែលបានដាក់ពាក្យសុំរៀនហាត់ការ នឹងត្រូវបានផ្គូរផ្គងឱ្យរៀនជាមួយគ្រូបង្ហាត់ដែលអាចជាគ្រូកសិកម្មម្នាក់ ឬច្រើននាក់ ដើម្បីសម្ភាសន៍ពេលដំបូង។ មុននឹងឈានដល់ការព្រមព្រៀងគ្នាចុងក្រោយ គ្រូបង្រៀនកសិកម្ម និងកូនសិស្សហាត់ការ អាចជ្រើសរើសយកថ្ងៃរៀននៅកសិដ្ឋានដើម្បីសាកល្បងទំនាក់ទំនងការរៀន និងបង្រៀនរបស់សិស្ស និងគ្រូ។

ហ្វ្រេដ្រីច បាននិយាយថា “រឿងមួយដែលល្អបំផុតអំពីកម្មវិធីនេះគឺ ឱកាសបង្រៀនផ្ទាល់“។ គាត់បញ្ជាក់ថា "សិស្សហាត់ការត្រូវរៀនផ្ទាល់ជាមួយគ្រូកសិកម្ម ដែលមានបទពិសោធន៍រហូតដល់ ២ឆ្នាំ។ នោះគឺជាឱកាសល្អខ្លាំងណាស់ ក្នុងការកសាងទំនាក់ទំនងរឹងមាំ ជាមួយកសិករគ្រូ និងអាចបន្តរាប់សិបឆ្នាំទៅទៀត”។

ហ្វ្រេដ្រីចថា បទពិសោធន៍ជាក់ស្ដែងនៅកសិដ្ឋាននីមួយៗខុសគ្នា ដូច្នេះសិស្សហាត់ការគប្បីត្រូវរំពឹងថា នឹងត្រូវរៀនយ៉ាងជិតស្និទ្ធជាមួយគ្រូ ដែលជាម្ចាស់កសិដ្ឋាន ដើម្បីកំណត់អំពីព័ត៌មានលម្អិតពិតប្រាកដសម្រាប់រៀន។ ព័ត៌មានលម្អិតអាចមានដូចជា ការរៀបចំការស្នាក់នៅ ម៉ោងដែលរំពឹងថាត្រូវរៀន និងការទូទាត់ប្រាក់។ ការប្រកាសអំពីកសិដ្ឋាន ជាធម្មតានឹងចាប់ផ្តើមនៅចុងរដូវរងា ប៉ុន្តែកាលបរិច្ឆេទពិតប្រាកដនឹងអាស្រ័យលើតម្រូវការរបស់គ្រូម្នាក់ៗ។

Melissa Millsap ម្ចាស់កសិដ្ឋាន Red Barn នៅ Bentonville នៃរដ្ឋអាកាន់សាស កំពុងផ្ដល់សេវាបម្រើ ជាកន្លែងបង្ហាត់ជាក់ស្ដែង សម្រាប់ថ្នាក់រៀនហាត់ការខាងមុខនេះ។ Millsap បាននិយាយថា “ជាកសិករម្នាក់ ខ្ញុំដឹងថា យើងត្រូវការមានកសិដ្ឋានច្រើនទៀត។ ខ្ញុំក៏ដឹងដែរថា វាពិតជាលំបាកណាស់ក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងលោក ក្នុងការកាន់កាប់ និងដំណើរការប្រតិបត្តិការធ្វើកសិដ្ឋាន តាមរយៈថ្នាក់រៀន”។ ខ្ញុំចង់ ឲ្យកសិករដែលមានចំណង់ចំណូលចិត្តធ្វើកសិកម្ម មានឱកាសដឹងច្បាស់អំពីអ្វីដែលពួកគាត់កំពុងសម្លឹងមើលការរស់នៅធ្វើកសិកម្ម ជាអាជីពមួយ"។

ហ្វ្រេដ្រីច បាននិយាយថា “បេះដូងនៃកម្មវិធីនេះគឺការរៀនធ្វើជាក់ស្ដែង ដែលត្រូវរៀននៅកសិដ្ឋានផ្ទាល់”។ លោកស្រីបាននិយាយថា សិស្សរៀនហាត់ការ អាចរៀនច្រើនម៉ោងជាង ក្នុងម៉ោងធ្វើការមិនប្រក្រតីជាធម្មតា និងត្រូវចូលរួមរៀនគ្រប់ម៉ោងក្នុងថ្នាក់ និងចូលរួមចំណែកក្នុងការសរសេរប្លក់ ប្រចាំសប្តាហ៍។ ហ្វ្រេដ្រីច មានប្រសាសន៍ថា “សិស្សហាត់ការ នឹងត្រូវប្រើកម្លាំងកាយច្រើន ប៉ុន្តែក៏គប្បីត្រូវសួរសំណួរ សង្កេតការណ៍ ចូលរួមយ៉ាងសកម្មក្នុងការស្វែងយល់អំពីប្រព័ន្ធកសិកម្ម ដែលសិស្សហាត់ការចូលទៅរៀន ព្រោះថា ថ្ងៃណាមួយ គេនឹងក្លាយជាម្ចាស់កសិដ្ឋានដោយខ្លួនឯង”។
ពាក្យសុំត្រូវផុតកំណត់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៩។ ប្រសិនបើ ពាក្យសុំនោះត្រូវបានទទួល ពេលនោះ បេក្ខជនត្រូវបង់ប្រាក់ ២៨៥ដុល្លារ ក្នុងមួយឆ្នាំ សម្រាប់កម្មវិធីអប់រំ និងរដ្ឋបាល។

No comments:

Post a Comment

Search

Shared News