Friday, December 13, 2019

បច្ចេកវិទ្យា​ដាំដំណាំវៃឆ្លាត

តើក្រុមហ៊ុន ដំណោះស្រាយការដាំដំណាំវៃឆ្នាត (IGS) ជួយ​កាត់​បន្ថយការចំណាយលើការដាំដំណាំបញ្ឈរដោយរបៀបណា

កំណត់សម្គាល់របស់អ្នក​និពន្ធ៖ ដំណោះស្រាយការដាំដំណាំវៃឆ្លាត (Intelligent Growth Solutions, IGS) គឺជាក្រុមហ៊ុនផលប័ត្រ AgFunder's ដែល​ក្នុងពេលថ្មីៗនេះ បានទាក់ទាញការវិនិយោគពី​វិនិយោគិន​ឈានមុខ Ospraie។ ដំណោះស្រាយការដាំដំណាំវៃឆ្លាត (IGS) ផ្តល់ជូននូវបច្ចកវិទ្យា​ដាំដំណាំ​បញ្ឈរ ជូនអ្នកប្រកបរបរ​ដាំដំណាំបញ្ឈរ ដែលគេនិយាយ​ថា អាចបង្កើនប្រសិទ្ធផល និងកាត់បន្ថយចំណាយបានច្រើន បើប្រៀបធៀបទៅនឹង ការដាំដំណាំ​​បញ្ឈរដទៃទៀត។ វាពិតជាពិបាកក្នុងការពន្យល់ឱ្យច្បាស់លាស់ ថាតើ​បច្ចេកវិទ្យានេះ​ដំណើរការយ៉ាងដូចម្តេច។ ដូច្នេះហើយ យើងបាន​ជួបជាមួយ​វិស្វករមេកានិកម្នាក់​នៅក្រុមហ៊ុន ដំណោះស្រាយ​ការដាំដំណាំ​​វៃឆ្លាត ដើម្បី​ឱ្យ​គាត់ជួយពន្យល់ស៊ីជម្រៅ ថាតើ បច្ចេកវិទ្យានេះដើរ​ និងជួយដោយរបៀបម៉េច។

តើការលំបាកៗអ្វីខ្លះចំពោះមុខសម្រាប់​​ទីផ្សារដាំដំណាំបញ្ឈរ ដែលបច្ចេកវិទ្យា ដំណោះស្រាយ​ការដាំដំណាំ​វៃឆ្លាត ជួយដោះស្រាយបាន ហើយតើវាជួយ​ដោះស្រាយ​របៀប​ដូចម្តេច?

ខណៈដែលការដាំដំណាំបញ្ឈរ មិនមែនជាដំណោះស្រាយចុងក្រោយចំពោះ​ការប្រឈមមុខ​នឹង​កសិកម្ម​របស់ពិភពលោកក៏ដោយ ក៏វា​ពិត​ជា​ជួយ​ដល់​ការគ្រប់គ្រងបម្រែបម្រួល​ជាច្រើន ឬ​និយាយឱ្យច្បាស់​គឺ​វាជួយ​ដល់ការគ្រប់គ្រង​អាកាសធាតុ។ ចំពោះ បច្ចេកវិទ្យា ដំណោះស្រាយ​ការដាំដំណាំវៃឆ្លាត យើងបានងាក​ទៅមើលមូលដ្ឋានគ្រឹះនៃវិធីសាស្រ្តបច្ចេកវិទ្យារបស់យើង ដើម្បីធ្វើឱ្យការគ្រប់គ្រងអាកាសធាតុ ក្លាយជាការពិត ដោយបង្កើតបាន៤គ្រួសារមានប៉ាតង់ និងកំពុងរង់ចាំ​ទទួល​ប៉ាតង់ថែមទៀត​។

យើងបានទទួលស្គាល់ថា ការប្រកបរបរ​ដាំដំណាំ​បញ្ឈរ ចាំបាច់ត្រូវតែមានលក្ខណៈសាមញ្ញ ទោះបីជា បច្ចេកវិទ្យាគាំទ្រ​វា មិនសាមញ្ញ​ក៏ដោយ! តាមការរចនាបង្កើតឡើងរបស់វា ការដាំដំណាំ​បញ្ឈរ ច្រើនតែស្ថិតក្នុងបរិស្ថានបច្ចេកទេស និងស្មុគស្មាញជាងកសិដ្ឋានបែបបុរាណ ឬស្មុគស្មាញ​ជាង សូម្បីតែបរិស្ថាន​​ផ្ទះ​​កញ្ចក់ ។ ប៉ុន្តែ ប្រព័ន្ធបច្ចេកទេសខ្លាំងពេក​នោះ អាចមិនគួរ​ឱ្យ​សប្បាយចិត្ត​ ឬចូលចិត្ត​ទេ​ ដូច្នេះយើងក៏បានងាកមកគិតរក​វិធី​ខុសពីនោះ​ គឺ​គ្មាន​កុំព្យួទ័រ គ្មាន​ខ្សែ ឬគ្មានឧបករណ៍បញ្ចូលភ្លើង នៅក្នុងប្រព័ន្ធរបស់យើងទេ។

ជាការពិតណាស់​ យើងបានគិត​អំពីលទ្ធភាពថ្មីស្រឡាង ថាតើត្រូវធ្វើរបៀបយ៉ាងណាដើម្បីនាំអាកាសធាតុពីខាងក្រៅមកប្រើខាងក្នុង ហើយប្រើកម្មវិធីទូរស័ព្ទចល័ត ដើម្បីគ្រប់គ្រងវា។ ក្របខ័ណ្ឌប្រព័ន្ធវាស់វែង ដោត​ប្រើ របស់យើង ជួយដោះស្រាយបញ្ហាប្រឈមនឹងថាមពល និងថ្លៃដើមកម្លាំងពលកម្ម ព្រមទាំងផ្តល់ឱកាសក្នុងការរបៀបចំផែនការអាកាសធាតុមុន ដើម្បីធានាបាននូវផលិតភាព ទិន្ន​ផល និរន្តរភាព និងគុណភាព ​ជា​អតិបរិមា។ កិច្ចខិតខំប្រឺងប្រែងសំខាន់ៗក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់យើងគឺដើម្បីធានាបាននូវ លទ្ធភាពដាំដំណាំ ឬធ្វើកសិកម្ម កាន់តែប្រសើរឡើង សម្រាប់អ្នកប្រកបរបរនេះ និងការផ្តោត​ទៅលើបច្ចេកវិទ្យា​កាត់បន្ថយ​​ការប្រើ​ប្រាស់​ភ្លើង​អគ្គិសនី​ ហើយ​ដំណើរការដោយស្វ័យប្រវត្តិ ​ជាករណី​សំខាន់បំផុត។ វិធីសាស្រ្តនេះ​ បានជួយឱ្យយើងមានឱកាសបង្ហាញយ៉ាងច្បាស់ អំពីការកាត់បន្ថយការប្រើប្រាស់​ភ្លើង​អគ្គិសនីរហូតដល់ ៥០% និងតម្លៃពលកម្មរហូតដល់៨០%។​

បន្ថែមលើសមត្ថភាពរបស់យើង​ក្នុងគ្រប់គ្រងថាមពល យើងមានការរំភើបជាពិសេស ចំពោះប៉ាតង់របស់យើង ដែល​ជួយ​ដោះស្រាយបញ្ហាធ្ងន់ធ្ងរ​ដែលប្រឈម​នឹង​ខ្យល់ចេញចូលនៅក្នុងកន្លែងបិទជិត​។ ការ​រក្សាដំណាំឱ្យ​ស្ថិត​នៅក្នុង​សីតុណ្ហភាពស្មើ ឬថេរ ក្រោមពន្លឺ​ក្តៅ ខណៈ​រក្សាលំនឹង​កាបោន​ឌីអុកស៊ីដចូល និង​អុកស៊ីហ្ស៊ែនចេញ ​គឺនៅមានមន្ទិល​ច្រើន ប៉ុន្តែ ក្នុងស្ថានភាព​នេះ បច្ចេកវិទ្យាប៉ាតង់ ដែលយើងកំពុងរង់ចាំ ជាដំណោះស្រាយមួយដែលផ្តល់តុល្យភាព​ចាំបាច់​ត្រូវតែមាន ទោះបីជា វាចាប់យកចំហាយ បង្កកជាទឹក ហើយប្រើឡើងវិញនូវទឹកដែលរុក្ខជាតិបញ្ចេញក៏ដោយ​។

តើអ្នកអាចពន្យល់លម្អិតបន្ថែមទៀតទេ ថាតើ​បច្ចេកវិទ្យារបស់អ្នកអាចកាត់បន្ថយការប្រើប្រាស់ភ្លើង​អគ្គិសនី​ក្នុងការ​ដាំដំណាំបញ្ឈរ​ដោយរបៀបណា? យើងបានបង្កើតកម្មវិធីគ្រប់គ្រង​អគ្គិសនីដែលប្រែប្រួល​​​ទៅតាម​បន្ទះអគ្គិសនីតាមស្ថានភាព​ជាក់ស្តែងដែល​ធ្វើ​ឱ្យ​​វាដំណើរការទៅតា​ម​បម្រែបម្រួល​ខាងក្រៅ ដូចជា លំនឹង​​បន្ទះ​អគ្គិសនី និងការយកមក​ប្រើប្រាស់​អគ្គិសនីដែលមាន​។ នេះមានន័យថា គេ​​អាចទាញយក​អគ្គិសនីមកប្រើ នៅពេលដែលវាមានតម្លៃថោក ​ឬបិទវាវិញ នៅពេលដែលវាមានតម្លៃ​ថ្លៃជាង និងទៅតាមតម្រូវការ សំខាន់គឺ​​ វាមានតួនាទី ដូចអាគុយ​ធំមួយ ដែលអគ្គិសនី​​លើស ត្រូវបាន​ប្ដូរទៅជា​ផលិតផលសម្រាប់​ដាំដំណាំ។ ការប្រើប្រាស់ឧបករណ៍បញ្ជាដើរ​​ដោយ​​កម្មវិធីទំនើប​ ដើម្បីធ្វើឱ្យប្រព័ន្ធរបស់យើងដើរ​​ដោយស្វ័យប្រវត្តិនោះ​ អាចធ្វើ​ឱ្យអគ្គិសនី​ដើរ​ឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដាច់អគ្គិសនី និងមាន​ន័យ​ថា ​កន្លែង និង​បន្ទះ​អគ្គិសនី​នីមួយៗ ទទួលបាន​អគ្គិសនី​តាមតម្រូវការ​។ ជាលទ្ធផល គ្មានប្រព័ន្ធ​ណាមួយ ដែល​ចាំបា់ច់ ត្រូវ​រៀបចំ បញ្ចូលកម្មវិធីឡើងវិញ ឬ​មនុស្ស​​ទៅប្តូរទីតាំង​របស់វាទេ។

ប្រព័ន្ធរបស់យើងមានការប្រើប្រាស់អគ្គិសនីគោល​​៦០​គីឡូវ៉ាត់ ដែលអាចតម្លើង​ភ្លាមៗ​ដល់​១០៥ គីឡូវ៉ាត់ ឬបន្ថយមកវិញ​ត្រឹម៣០គីឡូវ៉ាត់​ក្នុងរយៈពេលខ្លី ដើម្បីបង្កើនស្ថេរភាពនៃបន្ទះ​អគ្គិសនី។ ប្រព័ន្ធ​​ផ្សេងទៀត ពាក់​ព័ន្ធ​នឹង​អគ្គិសនី រួមមានប្រព័ន្ធ​បញ្ចេញ​កំដៅ និងភាពត្រជាក់ ប៉ុន្តែប្រព័ន្ធទាំងអស់របស់យើង រួមទាំងប្រព័ន្ធ​ស្រោចស្រព្វ​ផង មានប្រព័ន្ធដើរ​វិលបិទដើម្បីកាត់បន្ថយការប្រើប្រាស់​បរិមាណ​អគ្គិសនី​ឱ្យនៅតិច​បំផុត​។ អ្វីដែលយើងបង្កើតឡើង​គឺ កាត់បន្ថយតម្រូវការបញ្ចេញ​​​​ខ្យល់ធូលីប្រសិទ្ធផល​ខ្ពស់ ដើម្បីសម្អាតបរិមាណច្រើននៃខ្យល់ចូល ហើយប្រព័ន្ធ​កំដៅនិង/ឬ​ត្រជាក់នៃខ្យល់ នេះអាស្រ័យ​ទៅតាម​​ទីតាំងនិងរដូវ - ដែល​ទាំងអស់នេះគឺជាការបញ្ចេញ​អគ្គិសនី។ ជារួម​ប្រសិទ្ធផលទាំងនេះ ជួយ​រួមចំណែកដល់ការសន្សំ​អគ្គិសនី​បាន​៥០​%។

ជាមួយនឹង​ អំពូល LED ជាង ១០០០ អំពូល ក្នុងមួយថាស ឬទម្រ​ ពន្លឺបង្កើតបាន ច្រើនជាង ២ភាគ៣ នៃតម្រូវការអគ្គិសនីរបស់ប្រព័ន្ធ។ យើងបានប្តេជ្ញាចិត្ត អភិវឌ្ឍប្រព័ន្ធដែលមានប្រសិទ្ធភាពជាងមុន ដើម្បីជំរុញឱ្យមានអំពូល LED ដែលចំណុចនេះហើយ​ ការរចនាបង្កើតការផ្ដល់អគ្គិសនីបីដំណាក់កាល​ កើត​ជារូបរាងឡើង។ ប្រព័ន្ធនេះត្រូវបានប្រើជាទូទៅ ដើម្បីផ្ដល់អគ្គិសនីទៅម៉ាស៊ីនភ្លើង នៅក្នុងបរិយាកាស​​ឧស្សាហកម្ម ប៉ុន្តែដើរដោយការផ្ទេរភ្លើងទៅកម្រិតវ៉ុលដែលមានសុវត្ថិភាព ហើយបញ្ជូនវាទៅតាមថាស ឬទម្រ​នីមួយៗ នៅក្នុងកន្លែង​ដាំដំណាំបញ្ឈរ ដោយប្រើបំពង់អាលុយមីញ៉ូម ជាជាងប្រើខ្សែ។ ដោយប្រើបំពង់ជំនួសខ្សែ យើងអាចបង្កើនប្រសិទ្ធភាពនៃការបញ្ជូនភ្លើង។ បំពង់អាលុយមីញ៉ូម ក៏មានតម្លៃថោកច្រើនជាង និងបើប្រៀបធៀប វាស្រាលជាងខ្សែស្ពាន់។ តាមរយៈការប្រើប្រាស់អគ្គិសនីបីដំណាក់កាលតាមថ្នាក់ថាស​ ឬទម្រ​នីមួយៗ យើងក៏អាចកាត់បន្ថយការបាត់បង់អគ្គិសនីបន្ថែមទៀត និងផ្តល់តុល្យភាពក្នុងដំណាក់កាលជាប់លាប់។ ចំណុចនេះ នឹង​លុបបំបាត់នូវតម្រូវការ ប្រើប្រាស់ដែលមានតម្លៃខ្ពស់ និងគ្មានប្រសិទ្ធភាព និងការកែតម្រូវកត្តាអគ្គិសនី ក៏ដូចជាការប្រើប្រាស់ឧបករណ៍ភ្ជាប់ សម្រាប់ប្តូរចរន្តតែមួយដំណាក់កាល។ វិធានការណ៍ទាំងនេះ រួមចំណែកជួយដល់ការបង្កើនប្រសិទ្ធភាពកម្លាំងរុញ​ពី៥% ទៅ១០%។

វិធីសាស្រ្តរបស់អ្នកចំពោះបច្ចេកវិទ្យាយកតាម​​ស្ថានភាព​​ឧស្សាហកម្ម​ច្រើន - ហេតុអ្វីបាន​ជាដូច្នេះ?

ដំបូងឡើយ នៅពេល​ក្រុម​វិស្វករដែល​ជា​ស្ថាបនិកបានជួបជុំ​គ្នា​នៅ​ឯក្រុមហ៊ុន ដំណោះស្រាយ​ការដាំដំណាំវៃឆ្លាត​ ​កាលនោះ​យើង មានប្រវត្តិគ្រឺះរឹងមាំ ខាង​ប្រតិបត្តិការឧស្សាហកម្ម។ នេះពិតណាស់ ជាគុណប្រយោជន៍គួរឱ្យ​កត់សម្គាល់​ធ្វើ​ឱ្យ​យើង​​មើលឃើញខុសៗគ្នា​ទៅលើ​បរិស្ថាននៃការដាំដំណាំ​​បញ្ឈរ​។ នោះ​គឺជាវិធីសាស្រ្តស្ថានភាព​​ឧស្សាហកម្មរបស់យើង ដែល​ជាគន្លឹះនាំឱ្យ​មានរឿងនេះ។ យើង​ដាំដំណាំ​ ក្នុងរោងដែកធំៗ ដែលមានជញ្ជាំងបិទជិតដើម្បីផ្ដាច់​​​បរិស្ថាន​ខាងក្រៅ។ ឧទាហរណ៍ រោងដាំដំណាំ​​ស្តង់ដារ មានកំពស់​១០ម៉ែត្រ ដែលអាច​ឱ្យ​យើង​​​រៀប​បាន ២៦ថាស ឬទម្រ​ ​ក្នុងរោង​កម្ពស់​រហូតដល់៩ម៉ែត្រ ប៉ុន្តែយើង​ផ្តល់ជូន​នូវ​ជំរើស​ច្រើនថែមទៀត។ ពិតណាស់ បែបផែន​របស់​វាមានលក្ខណៈកាន់តែដូច​ផ្នែក​ឧស្សាហកម្ម​ច្រើនជាង ការរៀបចំការដាំដំណាំ​​បែបប្រពៃណី។ ការគ្រប់គ្រង​ថាស​ក្នុងបរិស្ថាន​បែបនេះ មិនតម្រូវឱ្យមានការចូលរួមពីមនុស្សទេ​។ ត្រង់ចំណុចនេះហើយ ដែល​យើងអាចសន្សំបាន៨០%​លើ​ផ្នែក​ពលកម្ម។

នៅក្នុងកន្លែងដាំដំណាំ​​នីមួយៗ យើងបានបង្កើតប្រព័ន្ធខ្យល់ចេញចូល​ និងប្រព័ន្ធ​ស្រោចស្រព្វ​វិលបិទជិត​ដោយឡែកពីគ្នា ដែលបន្សុទ្ធ និងប្រើប្រាស់ខ្យល់​និងទឹកឡើងវិញ​ដោយស្វ័យប្រវត្តិ ដូច្នេះ​អ្វីដែលប្រព័ន្ធត្រូវការទៀងទាត់​នោះ​​​គឺ អគ្គិសនី គ្រាប់ពូជ អាហារបំប៉ន កាបូនឌីអុកស៊ីត និងទឹកភ្លៀង​ដែលបានប្រមូល រក្សាទុក។ ខ្យល់ត្រូវបានបន្សុទ្ធដោយបច្ចេកវិទ្យាច្រោះកាំរស្មីយូវី - ស្រដៀងនឹងអ្វីដែលគេ​ប្រើនៅក្នុងបន្ទប់ស្អាត។ ឧបករណ៍កំដៅ​ និងឧបករណ៍ ធ្វើឱ្យ​ត្រជាក់​ ធ្វើឱ្យខ្យល់​​ត្រជាក់ និង​ស្ងួត ដែលបន្ទាប់មកត្រូវធ្វើ​ឱ្យក្ដៅ​តាមតម្រូវការ ហើយក៏ទាញយកប្រយោជន៍​កំដៅសល់ពីកន្លែង​ជាច្រើនក្នុង​កន្លែងដាំដំណាំនោះ​។ កាបូនឌីអុកស៊ីតអាចត្រូវបានបន្ថែមទៅក្នុងចរន្ទ​វិលនេះ នៅពេលចាំបាច់។ ការគ្រប់គ្រងយ៉ាង​​ប្រសើរនៅក្នុងផ្នែក​ទាំងអស់​របស់​ប្រព័ន្ធរបស់យើងពេលប្រៀបធៀបជាមួយបរិស្ថានធម្មតា និងផ្ទះកញ្ចក់ វា​ជួយ​ដល់ការកាត់បន្ថយការប្រើប្រាស់​អគ្គិសនី​ពី៤០ ទៅ៥០ភាគរយ​។

កត្តាសំខាន់ៗទាំងអស់ ដូចជា ពន្លឺ កំដៅ សំណើម ទឹក សារធាតុចិញ្ចឹម និងចលនាដំណាំ ត្រូវបានគ្រប់គ្រងដោយឧបករណ៍បញ្ជា​ដោយកម្មវិធី​ ដែលដំណើរ​ការ​​លើស្ថាបត្យកម្ម ដែលមិនត្រូវការ ការធ្វើបច្ចុប្បន្នភាពដែលគេ​មិនបានគិត​​ទុកជាមុននោះទេ។ ឧបករណ៍បញ្ជា​ដោយកម្មវិធី​ Omron SYSMAC ប្រើប្រតិកម្មត្រឡប់ពីឧបករណ៍ចាប់សញ្ញា ដែលដាក់គ្រប់កន្លែង​ក្នុង​កន្លែង​ដាំដំណាំ និងក្នុង​ប្រព័ន្ធ ដែលត្រូវបានផ្ទេរទៅប្រព័ន្ធគ្រប់គ្រង​ក្នុងពពក។ ប្រព័ន្ធនេះ យកចេញនូវ​តម្រូវការ​ប្រើ​កុំព្យូទ័រ និងប្រព័ន្ធត​​ខ្សែ។ វាធ្វើឱ្យប្រព័ន្ធទាំងមូលមានលក្ខណៈសាមញ្ញជាងមុន ក្នុងការបញ្ជា ថែទាំ ​និងគ្រប់គ្រង។

ដោយមានការគ្រប់គ្រងខ្ពស់លើប្រព័ន្ធ LED របស់អ្នកច្រើនជាងដៃគូប្រកួតប្រជែង (បើមិនទាំងអស់) តើហេតុអ្វីបានជាអ្នកផ្តោតការច្នៃប្រឌិតរបស់អ្នកលើផ្នែកនេះ? តើវានាំមកនូវផលប្រយោជន៍អ្វីខ្លះ?

ការរៀបចំ​ពន្លឺ ត្រូវបានចាត់​ទុក​​ជា​ផ្នែក​យ៉ាង​សំខាន់មួយ នៅពេលយើងកំពុងអភិវឌ្ឍប្រព័ន្ធរបស់យើង ព្រោះថា នេះជាផ្នែក​​ដែលស៊ីភ្លើង​ច្រើនបំផុត។ ជាពិសេស យើងបានផ្តោតលើអាំងតង់ស៊ីតេពន្លឺ និងការបន្ថយពន្លឺ​ ដូច្នេះយើងអាចគ្រប់គ្រងពណ៌នីមួយៗនៅក្នុងវិសាលភាពរបស់វា​។ អំពូល LED របស់យើងត្រូវបានបំពាក់ជាចង្កោម ដែលក្នុង​ចង្កោមនីមួយៗមានផ្ទុកអំពូល LED គ្រប់ប្រភេទ។ ប្រព័ន្ធរបស់យើងអាច​ធ្វើ​ឱ្យ​វិសាលភាព ឬការកាត់បន្ថយ​កម្លាំង​អគ្គិសនី និងអាំងតង់ស៊ីតេ​ប្រែប្រួល​ ដើម្បីបង្កើតឱ្យ​មាន​​កាំរស្មីព្រះអាទិត្យ។ យើងជឿជាក់ថា នេះគឺជាលក្ខណៈពិសេសមួយនៃប្រព័ន្ធរបស់យើង។​

រលកពន្លឺនីមួយៗអាចនឹង​ត្រូវបើក ឬបិទ ឬធ្វើឱ្យថយចុះ ​តាមរយៈការកាត់បន្ថយ​កម្លាំង​អគ្គិសនី ភាពថយចុះនៃពន្លឺលីនេអ៊ែរ ឬតាមរយៈ​ទាំងពីរ​រួមគ្នា។ ទោះយ៉ាងណាក៏ដោយ យើងកំពុងតែស្ថិតក្នុងដំណាក់កាលដំបូងនៃការស្វែងយល់​ថា តើ​ការប្រើពន្លឺចម្រុះ សម្រាប់ដំណាំ​ និងដំណាក់កាលនីមួយៗ​នៃការលូតលាស់អាចប្រែប្រួល​​តាម​លំដាប់​នៃដំណាំផ្សេងៗ​គ្នា យ៉ាងដូចម្ដេច​។ ចំណុចនេះហើយ​​ដែលយើងប្រើ បញ្ញានិម្មិត​ (AI) ដើម្បីវាស់វែង និងស្វែងយល់អំពីវឌ្ឍនភាពរបស់ដំណាំដើម្បីលើកកម្ពស់ការរៀនសូត្ររបស់យើងក្នុងវិស័យនេះ។ យើងកំពុងសង្កេតគួរឱ្យចាប់អារម្មណ៍ខ្លះហើយ លើ​​ដំណាំ​ទូទៅ​ជាច្រើន ព្រម​ទាំង​កំពុងបង្ហាញ​នូវ​ការកែលម្អទិន្នផល ដែលកើនឡើង​រហូតដល់ ២​ទៅ​៣ដង។

ប្រព័ន្ធរបស់យើងក៏អាច​ធ្វើ​ឱ្យ​អាំងតង់ស៊ីតេ ប្រែប្រួល​ តាមរយៈការថយចុះ​ពន្លឺលីនេអ៊ែរ ឬការកាត់បន្ថយ​កម្លាំង​អគ្គិសនី។ យើងអាច​ធ្វើ​ឱ្យ ការកាត់បន្ថយ​កម្លាំង​អគ្គិសនី​ប្រែប្រួល​យ៉ាងជាក់លាក់​ ក្នុងកំណើន​ ០.០១% លើរលកទាំងអស់ ព្រមគ្នា និងរក្សាប្រសិទ្ធភាពអគ្គិសនី ៩០% ពី​បន្ទះ​​អគ្គិសនីទៅ​អំពូល​ LED ដែលនេះមានន័យថា យើងពិតជាអាចវាយតម្លៃបាននូវ​ការ​ប្រើប្រាស់​​ពន្លឺ​មានឥទ្ធិពល​លើ​ដំណាំលូតលាស់​ល្អ​យ៉ាង​ណា។

តើ បញ្ញានិម្មិត ​និងការប្រមូលផ្តុំទិន្នន័យ មានសារសំខាន់ប៉ុណ្ណា នាពេលអនាគត​ក្នុង​ការដាំដំណាំ​បញ្ឈរ?

វានឹងក្លាយជាកត្តាយ៉ាង​សំខាន់ណាស់ គឺ​ជាអ្នកផ្លាស់ប្តូរល្បែង​យ៉ាង​ពិតប្រាកដ។ វាអនុញ្ញាតឱ្យមានការគ្រប់គ្រង ត្រួតពិនិត្យ ការប៉ាន់ស្មាន​ទុកមុន និងសមត្ថភាពក្នុងការធានានូវគុណភាព និរន្តរភាព និងលទ្ធផលនៃផលិតផលក្នុងពេល​តែមួយ។ យើងបាន​​បញ្ចូល​ប្រព័ន្ធបញ្ញានិម្មិត និងសមត្ថភាពប្រមូលទិន្នន័យ នៅក្នុងប្រព័ន្ធទាំងអស់របស់យើង ហើយធ្វើឱ្យការគ្រប់គ្រងប្រចាំថ្ងៃ កាន់តែងាយស្រួល​គួរចាប់អារម្មណ៍។ វាក៏ធ្វើ​​ឱ្យមានគំរូ​​​ជាប្រវត្តិសាស្ត្រដែលត្រូវកត់ត្រា​តាមដាន​ ដែលអាចធ្វើ​ឱ្យយើងព្យាករណ៍វិធីសាស្រ្តដាំដុះ​នាពេល​អនាគត និងផ្តល់ទិន្នន័យយ៉ាងល្អសម្រាប់លទ្ធផលដាំដុះ​​ល្អបំផុត​ជូន​អតិថិជនរបស់យើង នៅពេលអនាគត។

No comments:

Post a Comment

Search

Shared News