ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ឆ្នូ២០០៩
សេចក្ដីប្រកាសព័ត៌មាន
"យើងត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយុត្តិធម៌សម្រាប់ទាំអស់គ្នា"
ប្រជាពលរដ្ឋខ្មែរប្រមាណជាងមួយម៉ីននាក់មកពីសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា រួមទាំងសហជីព និស្សិត កសិករ ប្រជានេសាទ តន្ត្រីករ យុវជន អ្នករត់ម៉ូតូឌុប អ្នករត់រ៉ឺម៉កកង់បី និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល នឹងប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងសហគមន៍របស់ពួកគាត់។
ការប្រារពទិវានេះនឹងប្រព្រឹត្តទៅក្រោមពាក្យស្លោកថា "យើងត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយុត្តិធម៌សម្រាប់ទាំអស់គ្នា" និងមាននិមិត្តសញ្ញារួមមួយគឺ "ក្រមាពណ៌ខៀវ" ដែលជាតំណាងតួនាទីយ៉ាងសំខាន់របស់អ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
ការផ្ដួចផ្ដើមគំនិតរបស់សហគមន៍នេះមិនមែនត្រឹមតែបង្ហាញនូវសមិទ្ធិផលទាំងឡាយដែលសម្រេចបានក្នុងវិស័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតលើបញ្ហាសំខាន់ៗមួយចំនួនទៀតដែរ ដែលប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនៅឡើយ ដូចជាការកេងប្រវ័ញ្ចលើដីធ្លី ធនធានធម្មជាតិ ការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្ដុំ ព្រមទាំងការរំលោភបំពានទៅលើសិទ្ធិការងារ។
ទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដើម្បីជាការរំឭកនូវការតស៊ូពុះពារក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សដែលបន្តប៉ះពាល់ដល់សង្គម និងសហគមន៍ស្ទើរតែគ្រប់ប្រទេស។
ទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាការលើកឡើងឲ្យបានជ្រួតជ្រាប និងធ្វើជាសក្ខីភាពចំពោះការរំលោភសិទ្ធិមនុស្ស ព្រមទាំងក្រោកឈរដើម្បីអំពាវនាវរកចលនា សកម្មភាព។ ពិធីប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏នឹងរំលឹកបន្ថែមទៀតអំពីឱកាសនៃអង្គការសង្គមស៊ីវិល រដ្ឋាភិបាល អង្គការអន្តរជាតិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានជ្រើសរើសយកការខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងកិច្ចធានាទទួលស្គាល់ និងការប្រតិបត្តិតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
គំរូនៃការប្រារព្វ និងសកម្មភាពមួយចំនួននៅថ្ងៃទី១០ ធ្នូ
- អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់បី ប្រមាណជាង២០០នាក់ នឹងរៀបចំសន្និសីទសារព័ត៌មាន និងបង្ហោះប៉េងប៉ោងនៅក្នុងភូមិទ្រាំង ខេត្តសៀមរៀប។
- ប្រជាពលរដ្ឋប្រមាណ៩០០នាក់ នឹងជួបជុំគ្នានៅវត្តអារាមមួយនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីពិភាក្សាការអប់រំរបស់ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស និងទស្សនាខ្សែវីឌីអូ មួយចំនួនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។
- ប្រជាពលរដ្ឋនិងកសិករ ប្រមាណ៥០០នាក់នឹងលេងល្បែងប្រជាប្រិយ ពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស និងដង្ហែក្បួន នៅភូមិឈូក ខេត្តកោះកុង។
- សិស្សានុសិស្ស ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន នឹងជួបជុំគ្នានៅក្នុងភូមិសាវ ខេត្តកំពង់ធំ ដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្ស រៀបចំដង្ហែក្បួន និងបង្ហោះប៉េងប៉ោង។
- សមាជិកក្រុមគ្រួសារ កសិករ អ្នកដឹកនាំសហជីព សិស្សនិស្សិត សិល្បករ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល នឹងដឹកនាំយកនូវកញ្ចប់ម្ហូបអាហារ និងជួបសួរសុខទុក្ខ អ្នកការពារសិទ្ធិមនុស្សចំនួន៥២នាក់ នៅតាមពន្ធនាគារនៅភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត។
លោកស្រីវេជ្ជ. ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា "គេត្រូវតែផ្ដល់យុត្តិធម៌ជូនចំពោះប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលគេមិនឲ្យតម្លៃ (ប្រជាពលរដ្ឋដែលត្រូវគេផាត់ចេញពីសង្គម) ហើយគេត្រូវតែអនុវត្តច្បាប់ឲ្យបានស្មើៗគ្នា ចំពោះអ្នកក្រីក្រ អ្នកមានទ្រព្យធន និងអ្នកមានអំណាច"។ លោកស្រីបានបន្តទៀតថា "ប្រជាកសិករក្រីក្រមានសិទ្ធិដូចគ្នានឹងអ្នកមានទ្រព្យធនដែរ។ តុលាការកម្ពុជាខកខានមិនបានផ្ដល់យុត្តិធម៌ជូនជនរងគ្រោះដែលត្រូវគេរំលោភបំពាន និងកេងប្រវញ្ចសិទ្ធិរបស់គាត់។ កំណែទម្រង់ប្រព័ន្ធតុលាការគឺជាតម្រូវការចាំបាច់ ដើម្បីពង្រឹងឯករាជភាព និងវិជ្ជាជីវៈរបស់តុលាការ និងដើម្បីលុបបំបាត់អំពើពុករលួយ"។
លោក យ៉េង វិរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ដលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៍ថា "យើងសូមស្វាគមន៍ចំពោះការអភិវឌ្ឍ ប៉ុន្តែត្រូវគិតពីផលប្រយោជន៍អ្នកក្រីក្រផង។ ត្រូវតែបញ្ឈប់ការបណ្ដេញបង្ខំទាំងឡាយ ហើយរដ្ឋាភិបាលត្រូវមានគោលនយោបាយដែលធានា និងបង្កលក្ខណៈឲ្យមានការចូលរួម អាចអនុវត្តសិទ្ធិទទួលព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការដើរហើរ"។
មិត្ត១០ធ្នូគឺជាក្រុមមិនផ្លូវការមួយ ដែលផ្ដល់ការគាំទ្រ និងជួយក្នុងការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា។
ប្រព័ន្ធសារព័ត៌មានទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការប្ររព្វទិវាសិទ្ធិមនុស្ស ១០ធ្នូ និងសូមទាក់ទងទៅមនុស្សមួយចំនួនដែលមាននៅក្នុងបញ្ជីតារាងសកម្មភាព ដែលនឹងត្រូវប្រារព្វនៅ៧០កន្លែងនៅរាជធានីភ្នំពេញ និង១៧ខេត្តក្រុងទៀត។
No comments:
Post a Comment