Translate to Khmer

Thursday, March 5, 2009

កសិករ​នៅ​ខែត្រ​កណ្ដាល​ព្រួយ​បារម្ភ​ពី​បញ្ហា​តម្លៃ​ដំណាំ​បន្លែ​ធ្លាក់​ចុះ

អត្ថបទ​ របស់​វិទ្យុអាស៊ី​សេរី ចុះផ្សាយ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០០៩​ ដោយ កែវពេជ្រ មេត្តា។

RFA Photo/Keopich Metta អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្ភាស​កសិករ​នៅ​ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល កាលពី​ថ្ងៃ​១៦ កុម្ភៈ ២០០៩។

ប្រជា​កសិករ​អ្នក​ប្រកប​មុខរបរ​ដាំ​បន្លែ​ស្ពៃ​និង​សាលាដ​លក់​មួយចំនួន​នៅ​ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល បាន​ឲ្យ​ដឹង​ថា ដំណាំ​បន្លែ​របស់​គេ​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​គេ​លក់​មិន​ថ្លៃ​ទេ រហូត​ដល់​អ្នក​ខ្លះ​បាន​ខាតបង់​បោះចោល​បន្លែ​ទាំង​ចម្ការ។

បញ្ហា​នេះ​គេ​មាន​ការព្រួយ​បារម្ភ​ថា​នឹង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​គេ​នៅ​ពេល​ខាង​មុខ​នេះ។

«ឈ្មួញ​ហៅ​មក​ម៉ៅ​អត់​ម៉ៅ គេ​ថា​ថោក ហៅ​ឲ្យ​ទិញ​ក៏​មិន​ទិញ ខ្ញុំ​ដក​យក​មក​លក់​នៅ​ផ្សារ​យើង​បាន ១​គីឡូ ៣០០​រៀល។ ដាំ​ស្ពៃ​ក៏​អ៊ីចឹង អត់​មាន​នរណា​មក​ម៉ៅ​ទេ កាត់​ចោល​ទាំង​ចម្ការ។ រាល់​ថ្ងៃ​ឲ្យ​តែ​បាន​ទីផ្សារ​បន្លែ​ដែល​ធ្វើ​ហ្នឹង​មិន​បាច់​ថា​ឲ្យ​វា​ ខ្ពស់​ទេ ត្រឹម​លំនឹង​១​ពាន់​ជាង​បន្តិច​បន្តួច​ទៅ​បាន​ហើយ។ បើ​ថោក​ធ្លាក់​ចុះ​អ៊ីចឹង ពិបាក ដោះស្រាយ​មិន​ចេញ​សោះ ពិបាក​ដល់​សព្វថ្ងៃ ជី​ក៏​ឡើង សាំង​ក៏​ឡើង» ៖ នេះ​គឺ​ជា​សម្ដី​របស់​ប្រជាកសិករ​ឃុំ​បាក់ខែង​និង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល អំពី​ដំណាំ​បន្លែ​របស់​គេ​ដែល​ដាំ​បាន​ផល​ហើយ​តែ​លក់​មិន​សូវ​ដាច់​ហើយ​និង​ តម្លៃ​ក៏​ត្រូវ​ឈ្មួញ​ទម្លាក់​ថ្លៃ​ចុះ​ថោក​ជាង​សព្វ​ដង។

នៅ​ក្នុង​ចម្ការ​បន្លែ​សាលាដ​មួយ​នៅ​ភូមិ​ព្រែកថ្មី ឃុំ​ព្រែកអញ្ចាញ ក្នុង​ចំណោម​ចម្ការ​បន្លែ​ជា​ច្រើន​ទៀត​នៃ​ឃុំ​នេះ គេ​ឃើញ​កសិករ​ប្រុស​ស្រី ចាស់​ក្មេង ខ្លះ​កំពុង​រែក​ទឹក​ស្រោច​ដំណាំ ខ្លះ​អង្គុយ​ដក​ស្មៅ​ចេញ​ពី​រង​បន្លែ ហើយ​និង​ខ្លះ​ទៀត​កំពុង​ដក​សាលាដ​យក​ទៅ​លក់​នោះ ស្រ្តី​វ័យ​ចាស់​មួយ​រូប ឈ្មោះ អឿន លាភ ដែល​កំពុង​តែ​ដក​ស្មៅ​ក្នុង​រង​សាលាដ​បាន​ងើប​មុខ​ឡើង​ហើយ​ឆ្លើយ​តប​សំណួរ​ របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​ទៅ​ដល់​ចម្ការ​បន្លែ​ នោះ​យ៉ាង​នេះ​ថា ក្នុង​គ្រួសារ​របស់​គាត់​ក្រីក្រ​ណាស់ ហើយ​គាត់​បាន​ជួល​ដី​ចម្ការ​របស់​គេ​សម្រាប់​ដាំ​បន្លែ​សាលាដ​នេះ គ្រាន់​បាន​ប្រាក់​កម្រៃ​ខ្លះ​មក​ផ្គត់ផ្គង់​ជីវិត​រស់នៅ ក៏​ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​ស្រាប់តែ​តម្លៃ​សាលាដ​ធ្លាក់​ចុះ​យ៉ាង​ ខ្លាំង ហើយ​ចំណែក​ឯ​ឈ្មួញ​ដែល​ធ្លាប់​តែ​មក​ទិញ​ម៉ៅ​យក​ទៅ​លក់​បន្ត​នោះ ក៏​គេ​ឈប់​មក​ទិញ​ទៀត។

ស្ត្រី​ឈ្មោះ អឿន លាភ បាន​ឲ្យ​ដឹង​ថា ៖ «បើ​ខ្ញុំ​យក​ទៅ​លក់​នៅ​ផ្សារ ​វិញ ២​កញ្ឆេរ​លក់​អត់​ដាច់ លក់​កន្លែង​រោងចក្រ​ក៏​អត់​ដាច់ៗ កាន់តែ​ក្រ​ទៅៗ សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាងៗ​ហ្នឹង ខ្ញុំ​រក​ដោះស្រាយ​មិន​ចង់​ចេញ។ ទំនិញ​យើង​ថោក របស់​គេ​ថ្លៃ»

ចំណែក​ឯ​កសិករ​អ្នក​ដាំ​បន្លែ​សាលាដ​និង​ស្ពៃ​នៅ​ឯ​ភូមិ​ចំបក់មាស ក្នុង​ឃុំ​បាក់ខែង ក្នុង​ស្រុក​មុខកំពូល​ដែរ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ដំណាំ​បន្លែ​សាលាដ​របស់​គេ​ក៏​មិន​សូវ​មាន​ឈ្មួញ​ទៅ​ទិញ​ដូច​ពី​ពេល​មុន​ ឡើយ។

បុរស​កសិករ​មួយ​រូប​ឈ្មោះ មាន សេដា នៅ​ភូមិ​ចំបក់មាស បាន​បញ្ជាក់​ថា គាត់​កំពុង​តែ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់​អំពី​ជីវភាព​គ្រួសារ​របស់​គាត់​អាច​ ប្រឈម​មុខ​នឹង​ការខ្វះខាត​ទៅ​ថ្ងៃ​មុខ ពីព្រោះ​តម្លៃ​បន្លែ​សាលាដ​ដែល​គាត់​ដាំ​បាន​នេះ​បាន​ស្រុត​ចុះ​ខ្លាំង​ពេក។

លោក មាន សេដា បាន​ឲ្យ​ដឹង​ថា ៖ «ក្នុង​ខែ​មករា​មក​ទល់​ខែ​កុម្ភៈ​ ហ្នឹង​ពិបាក នៅ​មួយ​គីឡូ ៤០០​-​៥០០ រួច​ដើម​យើង​ធ្វើ​អស់​ច្រើន ជី​ថ្នាំ​អី​ថ្លៃ។ យើង​នៅ​មួយ​គីឡូ ៣​ពាន់​ជាង​នៅ​ឡើយ ទប់ទល់​អត់​ឈ្នះ​ទេ ពីរ​ខែ​ហ្នឹង​អត់​រួច​ខ្លួន​ទេ ខាត​ទាំង​ស្រុង»

ការត្អូញត្អែរ​អំពី​បន្លែ​ចុះ​ថោក​នេះ​គឺ​មិន​មែន​កើត​មាន​ត្រឹមតែ​កសិករ ​ស្រុក​មុខកំពូល​អ្នក​ដាំ​ដំណាំ​ផ្ទាល់​នោះ​ទេ សូម្បី​តែ​ឈ្មួញ​អ្នក​ទៅ​ទិញ​បន្ត​យក​មក​លក់​នៅ​ទីផ្សារ​នានា​នោះ​ក៏​បាន​ សម្ដែង​ក្តី​បារម្ភ​ដូច​គ្នា​ដែរ។

នៅ​កន្លែង​លក់​បន្លែ​បោះ​ដុំ​នា​ផ្សារ​ដើមគ​ក្រុង​ភ្នំពេញ​ដែល​តាំងពី​ ម៉ោង​៣​ទៅ​៤​ទៀប​ភ្លឺ គេ​ឃើញ​ឈ្មួញ​អ្នក​លក់​បន្លែ​បោះ​ដុំ​នៅ​ទី​នោះ​បាន​ត្អូញត្អែរ​អំពី​បញ្ហា​ នេះ។

អ្នក​លក់​បន្លែ​ស្ពៃ​ចងឹ្កះ​មួយ​រូប​បាន​បញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ ៖ «ម៉ៅ ​ចម្ការ​ខាត ចម្ការ​សុទ្ធ ១​លាន​ជាង ហើយ​យក​មក មក​លក់​៥០០​-​៦០០​អី​អ៊ីចឹង វា​ខាត។ វា​ដូច​អត់​សូវ​មាន​មនុស្ស​មក​ទិញ​មក​ដូរ​អី​អ៊ីចឹង ហើយ​ម្ល៉ោះ​ហើយ​បន្លែ​យើង​ជន់​មក​ច្រើន​ថោក​តែម្ដង»

អ្នក​លក់​បន្លែ​នៅ​ផ្សារ​ដើមគ​បាន​បញ្ជាក់​ប្រាប់​ផងដែរ​ថា កាល​ដែល​បន្លែ​ស្ពៃ​ឬ​សាលាដ​ចុះ​ថោក​ខ្លាំង​បែប​នោះ បើ​តាម​ដែល​ពួក​គាត់​បាន​ដឹង​គឺ​អាច​មក​ពី​មាន​ការកើន​ឡើង​នូវ​ចំនួន​អ្នក​ ដាំ​ក្នុង​ស្រុក ហើយ​ម្យ៉ាងទៀត​គឺ​មាន​បន្លែ​មួយចំនួន​ដែល​ត្រូវ​បាន​គេ​នាំ​ចូល​មក​ពី​ ប្រទេស​ជិត​ខាង​ក៏​ច្រើន។

ក្រៅពី​មាន​ការអះអាង​យ៉ាង​ដូច្នេះ​អ្នក​លក់​បន្លែ​ខ្លះ​ទៀត​បាន​និយាយ​ថា កត្តា​នាំ​ឲ្យ​បន្លែ​ក្នុង​ស្រុក​លក់​មិន​សូវ​ដាច់​នោះ​ក៏​មក​ពី​មាន​ការបិទ ​ទ្វារ​រោងចក្រ​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​ដែល​នាំ​ឲ្យ​ថយ​ចំនួន​អ្នក​ទិញ​ បន្លែ​យក​ទៅ​ធ្វើ​ម្ហូប​អាហារ។

ចំពោះ​បញ្ហា​តម្លែ​បន្លែ​របស់​ប្រជាកសិករ​ខ្មែរ​បាន​ចុះ​ថោក​ច្រើន​នោះ វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សាកសួរ​ទៅ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រម៉ាញ់​និង​នេសាទ ជា​ច្រើន​ដង​ផងដែរ ប៉ុន្តែ​មន្ដ្រី​ទាំង​នោះ​បាន​ឆ្លើយ​ថាជាប់​រវល់​ប្រជុំ​ពេញ​មួយ​ថ្ងៃ។

ប្រធាន​គណៈកម្មការ​នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) លោក ប្រាក់ សេរីវឌ្ឍន៍ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ចំពោះ​ដំណាំ​កសិកម្ម​របស់​កសិករ​ដូច​ជា​បន្លែ​បង្ការ​ជា​ដើម​នោះ​ជា​រឿយៗ​គេ ​តែងតែ​ឮ​ថា​កសិករ​មាន​ការពិបាក​រក​ទីផ្សារ​លក់ ហើយ​បើ​លក់​បាន​ក៏​មាន​តម្លៃ​ថោក ជា​ពិសេស​នៅ​ក្នុង​រដូវ​ជន់​បន្លែ​ដូច​ជា​ពេល​នេះ​ជាដើម។

លោក​បាន​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​កសិករ​អ្នក​ដាំ​បន្លែ​គេ​គួរ​គប្បី​ធ្វើការ​ កែប្រែ​ទម្លាប់​ពី​ការដាំ​បន្លែ​ស្រប​គ្នា​ដូច​គ្នា​តែមួយ ហើយ​និង​ធ្វើការ​ដាំ​ឲ្យ​បាន​គ្រប់​រដូវ​ឡើង​វិញ។

លោក ប្រាក់ សេរីវឌ្ឍន៍ បាន​មាន​ប្រសាសន៍​ថា ៖ «ពីព្រោះ​បន្លែ​វា​មិន​ មែន​ថោក​រហូត​ទេ វា​ថោក​តែ​ក្នុង​រដូវ​រំហើយ ហើយ​និង​រដូវ​ដែល​សមស្រប​ហ្នឹង។ ទីផ្សារ​គេ​និយាយ​ពី​តម្រូវការ​និង​ការផ្គត់ផ្គង់ កាលណា​ការផ្គត់ផ្គង់​ច្រើន​នៅ​លើ​ទីផ្សារ ទំនិញ​ហ្នឹង​វា​ចុះថោក​ទៀត វា​អត់​មាន​នរណា​អាច​ជួយ​បាន​ទេ​អា​ហ្នឹង។ អ៊ីចឹង​យើង​ត្រូវ​រៀបចំ​ជា​ក្រុម ចងក្រង​ជា​សហករ​អី​ដើម្បី​យើង​រៀបចំ​ប្រតិទិន​ដាំ​ដុះ​ឲ្យ​ត្រឹមត្រូវ នរណា​ដាំ​អី​នៅ​ពេល​ណា​ដើម្បី​កុំ​ឲ្យ​ផលិតផល​បន្លែ​មុខ​ណា​មួយ​នោះ​វា​ជន់​ ពេក​នៅ​លើ​ទីផ្សារ​ក្នុង​កន្លែង​ណា​មួយ។ ទី​២​ទៀត យើង​ត្រូវ​រៀបចំ​លៃ​យ៉ាង​ណា​ឲ្យ​ផលិតផល​បន្លែ​ហ្នឹង​អាច​ដាំ​បាន​យូរ កុំ​ឲ្យ​ដាំ​តែ​រដូវ​រំហើយ រដូវ​ស្រួល រដូវ​ក្ដៅ រដូវ​ភ្លៀង​អី​ក៏​អាច​ដាំ​បាន​ដែរ»

មន្ដ្រី​អង្គការ CEDAC បាន​បញ្ជាក់​ទៀត​ដែរ​ថា កន្លង​មក​ក៏​ដូច​ជា​ពេល​នេះ​ដែរ អង្គការCEDAC បាន​ចូលរួម​ជួយ​បង្ហាត់​បង្ហាញ​កសិករ​អំពី​ការដាំដុះ​និង​របៀប​ចងក្រង​ជា​ សហគមន៍​ដើម្បី​ឲ្យ​គេ​មាន​ទីផ្សារ​លក់ ដូច​ជា​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង និង​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជាដើម។

លោក​បាន​បន្ត​ទៀត​ថា ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាកសិករ​អ្នក​ដាំ​បន្លែ​នៅ​ទូទាំង​ ប្រទេស​ដែល​ក្រៅពី​ប្រជាកសិករ​ខ្លួន​ឯង​មាន​គំនិត​ច្នៃ​ប្រឌិត​នោះ ក្នុង​នោះ​គេ​ត្រូវ​ទាមទារ​ដល់​គ្រប់​មន្ទីរ ក្រសួង ព្រមទាំង​អង្គការ​នានា ដែល​មាន​ការងារ​ក្នុង​វិស័យ​នោះ​ចូលរួម​ជួយ​ដល់​កសិករ​ទាំងអស់​គ្នា​ផងដែរ​ ទើប​គេ​អាច​ការធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​បាន​ជាពិសេស​រាជ​រដ្ឋាភិបាល។

មន្ដ្រី​អង្គការ CEDAC បាន​មាន​ប្រសាសន៍​ថា ៖ «ពីព្រោះ​ខ្ញុំ​ឃើញ​ ផលិតផល​បន្លែ​នាំ​ចូល​ពី​ក្រៅ​ច្រើន​ពេក ហើយ​ប្រទេស​ជិតខាង​យើង​ហ្នឹង​គេ​មាន​សមត្ថភាព​ផលិត​ខ្ពស់​ជាង​យើង ពីព្រោះ​អី​ថ្លៃ​ដើម​គេ​វា​ទាប អ៊ីចឹង​យើង​ប្រកួត​ប្រជែង​មិន​ឈ្នះ​គេ​ទេ។ យើង​ដើម្បី​ផលិត​បាន​ឲ្យ​ដូច​គេ​ហ្នឹង ថ្លៃ​ដើម​យើង​ខ្ពស់​ណាស់ អ៊ីចឹង​ទាល់តែ​រដ្ឋ​យើង​ហ្នឹង​អាច​នឹង​ជួយ​ប្រើ​វិធានការ​ពាណិជ្ជកម្ម​ ផ្សេងៗ​ដើម្បី​ទប់ស្កាត់​ខ្លះ។ ធម្មតា​យើង​ចូល​អង្គការ WTO យើង​ចូល... អី​អ៊ីចឹង យើង​មិន​អាច​ទប់ស្កាត់​គេ​ទាំង​ស្រុង​ទេ ប៉ុន្តែ​យើង​ត្រូវ​ប្រើ​វិធានការ​ផ្សេងៗ​នៅ​ក្នុង​ច្បាប់​ពាណិជ្ជកម្ម​ហ្នឹង ​ដោយ​យើង​អាច​យក​មក​ប្រើ​បាន»

ប្រជាកសិករ​ឃុំ​បាក់ខែង​និង​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល អ្នក​ដាំ​ដំណាំ​បន្លែ​លក់​ក៏​បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ផងដែរ​សុំ​ ឲ្យ​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​ទីផ្សារ​លក់​ផលិតផល​បាន​ថ្លៃ និង​ជួយ​បណ្ដុះ​បណ្ដាល​ដល់​គេ​ជា​កសិករ​ឲ្យ​មាន​បច្ចេកទេស​ក្នុង​ការដាំ​ដុះ ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​គេ​ឲ្យ​បាន​ល្អ​ប្រសើរ ពីព្រោះ​សព្វថ្ងៃ​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​ខ្វះខាត​ខ្លាំង​ដោយសារ​តែ ​មិន​មាន​ទីផ្សារ​លក់​ផលិតផល​បាន​ថ្លៃ​នោះ៕


Search

Loading...

Buddha Quotes

Dalai Lama Quotes

Benjamin Franklin Quotes

Ronald Reagan Quotes

Shared News