អ្វីទៅជា BarCamp Phnom Penh 2009? ខាងក្រោមនេះជាអត្ថបទរបស់ "អំពីស្ត្រី"។
BarCamp Phnom Penh 2009 គឺជាព្រឹត្តិការណ៍សន្និសីទបើកចំហរយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ខែ តុលា ឆ្នាំ២០០៩ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ស្ដីអំពីបច្ចេកវិជ្ជាមធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិត។ វាជាព្រឹត្តិការណ៍ជួបជុំគ្នារវាងអ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិជ្ជាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍន៍វិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា អ្នកសារព័ត៌មាន និងសារព័ត៌មានសង្គម (Social media) សហគ្រិនវ័យក្មេង និស្សិតព័ត៌មានវិទ្យា-ពាណិជ្ជកម្ម និងសារព័ត៌មាន (Media) ជាដើម ហើយអ្នកទាំងនោះនឹងមកធ្វើការចែករំលែកបទពិសោធន៍ចំណេះដឹង និងរៀនសូត្រ ពីគ្នាទៅវិញទៅមកជាមួយប្រធានបទនានាដែលទាក់ទងទៅនឹងបច្ចេកវិជ្ជា ថ្មីៗ ការបង្កើតគំនិតច្នៃប្រឌិតផ្សេងៗ ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងនានាដើម្បីបង្កើនភាពរីកចម្រើន ក្នុងស្ថាប័ន ឬអង្គភាពអាជីវកម្មរបស់ខ្លួន។
នេះគឺជាព្រឹត្តិការណ៍លើកទី២ហើយ យើងឲ្យឈ្មោះថា BarCamp Phnom Penh ២ (bcpp2)។ ព្រឹត្តិការណ៍ BarCamp Phnom Penh លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលមានអ្នកចូលរួមប្រហែល៣៥០នាក់ ក្នុងនោះមានអ្នកចូលរួមមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ជាដើម និងមានប្រធានបទជាច្រើនដែលបានលើកឡើងដូចជា Web 2.0 tools ការទំនាក់ទំនងសង្គម (Social Networking) online marketing ណែនាំអំពី Programing language វិធីសាស្ត្រសរសេរកម្មវិធី វិធីរកចំណូលតាមអ៊ីនធឺណិត ការសិក្សាពីចម្ងាយ (Elearning) កុំព្យូទ័រយូរដៃសម្រាប់ក្មេង Open Source Software,កុំព្យូទ័រស៊ីភ្លើងតិចជាដើម។
BarCamp Phnom Penh លើកទី២នេះនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់អ្នកចូលរួមដូចជា
- បានដឹងអំពីបច្ចេកវិជ្ជា និងបច្ចេកទេសថ្មីទាក់ទងទៅនឹងវិស័យបច្ចេកវិជ្ជាព័ត៌មានវិទ្យា និងបច្ចេកវិជ្ជាទូរស័ព្ទ ព្រមទាំងមធ្យោបាយទំនាក់ទំនងផ្សេងៗទៀត។
- អាចបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន (ទេពកោសល្យ) លើវិស័យបច្ចេកវិជ្ជាព័ត៌មានវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗ។
- ដឹងអំពីការធ្វើពាណិជ្ជកម្មក្នុងយុគសម័យនៃការរីកចម្រើនលើវិស័យអ៊ីនធឺណិត និងបច្ចេកវិជ្ជាគមនាគមន៍ព័ត៌មានវិទ្យា។
- ដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់ Commercial Software និង Open Source Saftware
- ដឹងអំពីសារព័ត៌មានសង្គម និងទំនាក់ទំនងសង្គម (Social Media, Social Network)
- ដឹងអំពីការប្រើប្រាស់ web tools ឥតគិតថ្លៃសម្រាប់អង្គភាព ស្ថាប័នមិនស្វែងរកប្រាក់ចំណេញ និងអង្គភាពពាណិជ្ជកម្មធុនតូច (Non-Profit and Small Business)
- អាចបង្កើតជាសហគមន៍ព័ត៌មានវិទ្យាដើម្បីអភិវឌ្ឍន៍លើវិស័យសង្គម-ពាណិជ្ជកម្មផ្សេងៗ
- បង្កើតទំនាក់ទំនង (Networking) ជាមួយ BarCampers (អ្នកចូលរួមកម្មវិធី BarCamp) នៅក្នុងប្រទេសកម្ពុជានឹងអ្នកមកពីបណ្ដាប្រទេសផ្សេងៗដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ជាដើម៕
No comments:
Post a Comment