Showing posts with label ការ​ងារ. Show all posts
Showing posts with label ការ​ងារ. Show all posts

Friday, September 6, 2019

ឱកាសការងារ ពីផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត

ដើម្បីចូលរួម លើកកម្ពស់ កម្រិតជីវភាព និង សេដ្ឋកិច្ចគ្រួសារកសិករ ព្រមទាំង​ចូលរួម តភ្ជាប់ផលិតផលកសិកម្ម (ដំណាំសរីរាង្គ) នឹងទីផ្សារកសិផលសរីរាង្គ ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត គ្រោងពង្រីកទីផ្សារផលិតផលស្លឹកគ្រៃសរីររាង្គ ទូទាំងរាជធានីភ្នំពេញ ដូច្នេះហើយ ផ្ទះស្លឹកគ្រៃក្សេមក្សាន្ត ត្រូវការ ជ្រើសរើស​បុគ្គលិក​ដូចខាងក្រោម៖

១. ជំនួយការប្រធានទីផ្សារ និងចែកចាយ កសិផលស្លឹកគ្រៃសរីរាង្គ (១នាក់) ប្រាក់ខែ ចរចាគ្នា (ការងារ​ពេញម៉ោង អាចចរចា​ធ្វើការ​កន្លះថ្ងៃ)៖

  • ស្ថិតក្រោមការគ្រប់គ្រងរបស់ ម្ចាស់ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត និងធ្វើការជាមួយ ប្រធានទីផ្សារ និងចែកចាយ ដែលធ្វើការងារសំខាន់ៗដូចខាងក្រោម៖ 
  • ដឹកស្លឹកគ្រៃជូនអតិថិជន (អាចជាមួយប្រធានទីផ្សារ ឬម្នាក់ឯង), 
  • សិក្សា និងរកអតិថិជនថ្មី ដើម្បីពង្រីកទីផ្សារ (អាចជាមួយប្រធានទីផ្សារ ឬម្នាក់ឯង), 
  • ពិនិត្យ និងកត់ត្រាបរិមាណលក់ប្រចាំថ្ងៃ,
  • ធ្វើរបាយការណ៍លក់ ប្រចាំថ្ងៃ,
  • ការងារពាក់ព័ន្ធផ្សេងទៀត ក្នុងករណីចាំបាច់,
  • រាល់ការងារពាក់ព័ន្ធ​ត្រូវពិគ្រោះ​ជាមួយម្ចាស់ស្លឹកគ្រៃ ក្សេក្សាន្ត ជាមុន មុននឹងសម្រេចធ្វើអ្វីមួយ​,
២. អ្នករៀបចំ និងវេចខ្ចប់គល់ស្លឹកគ្រៃ (១នាក់) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត (ប្រាក់ខែ ចរចាគ្នា ១(ធ្វើការពេញម៉ោង អាចចរចា ធ្វើការ កន្លះថ្ងៃ) ដែលការងារសំខាន់ៗមានដូចខាងក្រោម៖

  • ទទួលស្លឹកគ្រៃពីឡាន និងលើកទុកក្នុងឃ្លាំង ពេលឡានដឹកគល់ស្លឹកគ្រៃមកដល់, 
  • កត់ត្រាចំនួនស្លឹកគ្រៃចូល (មកដល់ ជាប្រចាំ),
  • រៀបចំ និងវេចខ្ចប់គល់ស្លឹកគ្រៃ ទៅតាមបរិមាណកំណត់, 
  • បិទស្លាកសញ្ញាលើផលិផលស្លឹកគ្រៃ (ពេលមានស្លាក),
  • ពិគ្រោះយោបល់ជាមួយម្ចាស់ស្លឹកគ្រៃក្សេមក្សាន្ត មុនធ្វើការងារពាក់ព័ន្ធណាមួយ,
  • ការងារពាក់ព័ន្ធ ពេលត្រូវការចាំបាច់,
លក្ខណៈសម្បត្តិ សម្រាប់ការងារទាំង២៖

  • បេក្ខជនទាំងពីរភេទ
  • ចប់បាក់ឌុប ឬកំពុងរៀនថ្នាក់បរិញ្ញាប័ត្រ (សម្រាប់ការងារជា ជំនួយការប្រធានទីផ្សារ និងចែកចាយ), 
  • ចេះសរសេរ និងគិតលេខ (អ្នករៀបចំ និងវេចខ្ចប់គល់ស្លឹកគ្រៃ), 
  • មានកម្លាំងពលំរឹងមាំ និងមានសុខភាពល្អ, 
  • អាយុ១៨ឆ្នាំឡើង, 
  • ពិសេស ជាបេក្ខជនដែលចង់រៀន និងចង់ចេះរកស៊ី, ចូលចិត្ត និងស្រឡាញ់ការងារកសិកម្ម ចង់ជួយកសិករខ្មែរ លើកកម្ពស់ដំណាំសរីរាង្គ, 
  • ជាមនុស្សតស៊ូនឹងការងារ ហើយចង់អភិវឌ្ឍខ្លួនទៅជាម្ចាស់សហគ្រាសជំនួញផលិតផលដំណាំសរីរាង្គ,

បេក្ខជន ដែលគិតថា អាចធ្វើការ និងចង់ធ្វើការណាមួយខាងលើ សូមសរសេរប្រវត្តិរូបសង្ខេប រួចដាក់ចូលក្នុងប្រអប់សំបុត្រ ផេក​ www.facebook.com/hlemongrasshome/ ឬយកមកដាក់ ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត (នៅជាមួយ ពៅនាថ វីឡាកាហ្វេ)។

ព័ត៌មានបន្ថែម ឬព័ត៌មានផ្សេងទៀត សូមហៅទៅទូរស័ព្ទលេខខាងក្រោម៖

០១០ ៣២ ៩៦ ៩៣
០១២ ៣២ ៩៦ ៩៣
០៩០ ៣២ ៩៦ ៩៣

សូមអរគុណ
ម្ចាស់ផ្ទះស្លឹកគ្រៃ ក្សេមក្សាន្ត
សេក សុខា

Tuesday, August 25, 2009

កម្មករខ្មែរទៅធ្វើការនៅម៉ាឡេស៊ី និងកូរ៉េកើន​ឡើង​ខណៈ​ពេល​ទៅ​ថៃ​ថយ​ចុះ

ព័ត៌មានថ្មីៗ 14:08:25, 25 August 2009

បើតាមតួលេខ​របស់ស្ថាប័នជំនាញបានឲ្យដឹងថា ពលករនិងពលការិនីដែលចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​រួម​មាន​ម៉ាឡេស៊ី និង​កូរ៉េខាង​ត្បូង​មាន​ការកើន​ឡើង បើ​ទោះ​បី​ជា​​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រទេស​អាស៊ី​ទាំង​នោះ​ក៏ដោយ។ ប៉ុន្តែ​​ជា​​មួយ​​នេះ​​ពលករ​​ខ្មែរ​​ដែល​​ចេញ​​ទៅ​រក​​ការងារ​​ធ្វើ​នៅ​ថៃមានការថយចុះ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​និយាយ​ថា ដោយ​សារ​សភាព​ការណ៍​នៅ​ព្រំ​ដែន​។ លោកដែន សីមា ជូន របាយ​ការណ៍​ពិស្តារ​ពី​រាជ​ធានី​ភ្នំពេញ​។

ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា លោក អន ប៊ុនហាក់បាន​មាន​​ប្រ​សាសន៍​​ថា ការ​​បញ្ជូន​ពលករ​ពលការិនី ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី និង​កូរ៉េ​ នៅ​​ឆ្នាំ​២០០៩​​នេះ មាន​​ចំនួន​​មិន​​តិច​​ជាង​កាល​ពី​ឆ្នាំ​២០០៥​ឬ​បណ្តា​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​។ ទោះ​បី​ប្រទេស​នៅ​តំបន់​អាស៊ី​ទាំង​នោះ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លះៗ បែប​ណា​ក៏ដោយ។ តាមលោកប៊ុន ហាក់
ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០០៩​នេះ ពលករ​ខ្មែរ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​គឺ​បាន​កើន​លើស​កាល​ពី​ឆ្នាំ​២០០៨​ដែរ​។​លោក​បាន​​ប៉ាន់​ប្រមាណ​ថា សម្រាប់​ឆ្នាំ​២០០៩​នេះ បើ​គិត​តែ​ប្រទេស​កូរ៉េ​មួយ​ ពលករ​មក​ពី​គ្រប់​ប្រទេស​គិត​រួម​ទាំង​កម្ពុជា​ផង​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ឆ្នាំ​នេះ​អាច​នឹង​ឡើង​ដល់​៣០០០​នាក់។

ទី​ផ្សារ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ក្នុង​ឆមាស​ទី១​ដើម​ឆ្នាំ​២០០៩​នេះ ក៏ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ពលករ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​១៧៧៤​នាក់ និង​ទៅ​ប្រទេស​កូរ៉េ​មាន​ចំនួន​១០៥៥​នាក់។ ហើយថា​ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ទាំង​ពីរ​នេះ មាន​ចំនួន​មិន​តិច​ជាង​ឆ្នាំ​២០០៨​នោះ​ទេ។

ប៉ុន្តែ​សម្រាប់​ពលករ​ខ្មែរស្រប​​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ គឺបាន​​ថយ​ចុះ​​ គឺ​ធ្លាក់​មក​ត្រឹម​ចំនួន​៨១៧​នាក់​ប៉ុណ្ណោះ​។​មន្ត្រី​ជំនាញ​ដដែល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សម្រាប់​ទី​ផ្សារ​ពល​កម្ម​ខ្មែរ នៅ​ប្រទេស​ម៉ាឡេស៊ី និងនៅ​ប្រទេស​កូរ៉េ​នៅ​តែ​បើក​ទូលាយ ហើយ​កាន់​តែ​ប្រសើរ​ជាង​មុន។ ពលករ​ដែល​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី ពីមុន​មក​មាន​តែ​ក្រុម​ហ៊ុន​មួយ​ធ្វើការ​ជ្រើស​រើស ប៉ុន្តែ​ឥឡូវ​បាន​ពង្រីក​ដល់​ទៅ​៣​ក្រុម​ហ៊ុន​ឯណោះ។ ហើយថា ទីផ្សារ​ការងារ​នៅ​ម៉ាឡេស៊ី ក៏​មាន​ច្រើន​សម្រាប់​ផ្តល់​លទ្ធភាព​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​ជ្រើស​រើស​រួមមាន៖ រោងចក្រ សហគ្រាស​រោង​ចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូនិក សេវាកម្ម​ និងផ្នែក​សំណង់ ព្រម​ទាំង​ស្ត្រី​ជំនួយការ​ផ្ទះ​ជា​ដើម។

លោកជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា មាន​ប្រសាសន៍​ថា ទីផ្សារ​​ការងារ​នៅ​ក្រៅ​ប្រទេស សម្រាប់​ពលករ​និង​ពលការិនី​ខ្មែរ មិន​សំខាន់ ឬ​ប្រសើរ​ជាង​ទីផ្សារ​នៅ​ក្នុង​ស្រុក​នោះ​ទេ៕

(សំឡេងលោកជា មុន្នី)

(របាយការណ៍ដោយ ដែន សីមា)

Search

Shared News