នៅក្នុងវេទិកាសេដ្ឋកិច្ចលើកទី៣ នាព្រឹកថ្ងៃព្រស្បតិ៍ ទី៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ឆ្នាំនេះ កម្ពុជាបានផលិតស្រូវច្រើនលើសលុប ក៏ប៉ុន្តែកម្ពុជាខ្វះមូលដ្ឋានដោះស្រាយបញ្ហាផលិតផលកសិកម្មដែលទទួល បានមកនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «ឥឡូវស្ថានភាព ស្រូវឆ្នាំនេះវាច្រើនពេកៗ យើងខ្វះឃ្លាំង យើងខ្វះប្រាក់ប្រមូលទិញស្រូវពីប្រជាពលរដ្ឋ។ នេះជាចំណោទមួយដែលខ្ញុំនិយាយថា យើងមានមាសហើយតែខ្វះក្រដាសខ្ចប់»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវស្នើឲ្យធនាគារបញ្ចេញថវិកាដើម្បីជួយទប់ទល់ផ្នែក វិស័យកសិកម្មនេះដែរ ៖ «អ៊ីចឹងទេចង់ឲ្យផ្នែកធនាគារនោះ ដែលយើងកាត់បន្ថយទុនពី ១៦% មកនៅ ១២% ប្រើប្រាស់ទុន ៤% ដែលដកចេញទៅវិញ គឺរួមចំណែកទៅលើវិស័យកសិកម្ម»។
ទោះបីជាយ៉ាងណាក៏ដោយ កសិករបានថ្លែងថា បញ្ហាកកស្ទះនិងការចុះថ្លៃផលិតផលកសិកម្មនេះ នៅមិនទាន់មានដំណោះស្រាយនិងកិច្ចជួយអន្តរាគមន៍ជាក់ស្តែងនៅឡើយ ទេ។
យោងតាមប្រសាសន៍របស់លោកស្រី សុផាន់ណា នៅឯខេត្តបន្ទាយមានជ័យ ការកកស្ទះមិនអាចនាំស្រូវទៅកាន់ទីផ្សារថៃបាននោះ គឺមិនត្រឹមតែធ្វើឲ្យគុណភាពស្រូវថយចុះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យតម្លៃស្រូវកាន់តែចុះថោកទៀតផង។
លោកស្រី សុផាន់ណា មានប្រសាសន៍ថា ៖ «តែកាលណាបិទអ៊ីចឹង ទុកទៅអាចខូចគុណភាពស្រូវទៅជាលឿង ហើយលក់ទៅតម្លៃខុសគ្នាមិនចេះតិច មិនមែនមួយជាពីរ និយាយរួមបើថា យើងហាងឆេងរាល់ថ្ងៃកន្លះហ្នឹង អាចនៅសល់ត្រឹម ៣-៤បាតអស់ហើយ»។
ចំណែកឯពលរដ្ឋម្នាក់ទៀត នៅឯខេត្តបន្ទាយមានជ័យដែរបានថ្លែងថា ៖ «ដល់ ពេលយើងទុកយូរបាត់គីឡូ ជួនកាលភ្លៀងផ្គរមកយើងមិនអាចគ្របទាន់ វាសើម វាដុះអ៊ីចឹងទៅ ជួបផលវិបាកច្រើន។ ខ្ញុំទុក ៦០០-៧០០បាវ បាត់អស់ បាត់អត់គ្រប់តោន បាត់គីឡូដល់ពេលទុកហាលថ្ងៃ»។
នាយប៉ុស្តិ៍ច្រកបឹងត្រកួននៅឯខេត្តបាត់ដំបង គឺលោក ប្រាក់ សាំ បានឲ្យដឹងថា ទាហានប៉ារ៉ាថៃបានរារាំងមិនឲ្យនាំស្រូវខ្មែរចូលទៅលក់ក្នុង ទីផ្សារថៃនោះ គឺបានកើតឡើងតាំងពីពាក់កណ្តាល ខែមករា មកម្ល៉េះ។
លោក ប្រាក់ សាំ មានប្រសាសន៍ដូច្នេះថា ៖ «ប្រជាពលរដ្ឋរបស់វា សំណូមពរទៅរាជរដ្ឋាភិបាលវា សុំឲ្យកសិផលដូចជាដំឡូង ស្រូវ នៅប្រទេសថៃហ្នឹង ឲ្យមានចរាចរណ៍ ការលក់ដូរចេញឲ្យអស់សិន បានកសិផលស្រូវដំឡូងយើងដំណើរការចូលបាន អាហ្នឹងវាពាក់ព័ន្ធបញ្ហាកសិផលស្រូវអង្កររបស់វានៅក្នុងប្រទេស។ ការពិតតម្រួតហ្នឹងនៅតាមគោលដៅចំណុចឈរជើងរបស់គេតាំងពីដើម តែរឿងស្រូវអង្ករនៅតាមច្រករបៀងហ្នឹង គេមិនបានឲ្យចូលទេ ដោយសារកសិផលរបស់គេមិនទាន់ចរាចរចេញទៅក្រៅតទៅទៀត»។
នៅឯខេត្តកំពង់ចាមឯណោះវិញ ដំណាំដំឡូងបានចុះថ្លៃជាងឆ្នាំកន្លងទៅជិត៤០០រៀល ក្នុងមួយគីឡូក្រាម ហើយបើតាមការអះអាងរបស់លោក ថោង ឡេង ឈ្មួញវៀតណាម ក៏បន្ថយការចុះមកទិញនោះដែរ។
លោក ថោង ឡេង មានប្រសាសន៍ដូច្នេះថា ៖ «ទីផ្សារដំឡូងឆ្នាំមុន វា ៣០០ជាង ដំឡូងស្រស់ ហើយដំឡូងដែលគេកាប់ហាលហ្នឹង ៦០០-៧០០។ ពេលបច្ចុប្បន្ន ដំឡូងស្រស់ ១៣០រៀល ហើយដំឡូងក្រៀមបានតែ ២៥០ក្នុងមួយគីឡូ ហើយប្រជាពលរដ្ឋជួលដីគេផងអីផង ហើយទូទាត់កម្មករផង វាអត់រួចថ្លៃកម្មករហ្នឹង។ ក្នុងគ្រួសារខ្លះដាំតាមដីតិចដីច្រើន ដូចខ្ញុំដី ៦-៧ហិកតារ វាទូទាត់កម្មកររួច ប៉ុន្តែអ្នកខ្លះដាំ ២ហិកតារអី ដូចខ្លះគេជួលដីគេក្នុង១ហិកតារ ៥០ម៉ឺនរៀលអី ទូទាត់កម្មករទៅវាអត់រួច»។
លោក ថោង ឡេង បានគូសបញ្ជាក់អំពីការប្រឈមរបស់កសិករក្នុងគ្រាដែលផលិតដំណាំបាន ហើយ ខ្វះទីផ្សារ និងធ្លាក់តម្លៃនោះយ៉ាងដូច្នេះទៀតថា ៖ «អ្នក ខ្លះ ចងការលុយធនាគារ ខ្លះចង់លក់ផ្ទះសងគេវិញទៀត។ ឥឡូវដល់ពេលប្រមូលផលហើយ ប្រជាពលរដ្ឋអត់មានលុយសងថ្លៃការធនាគារគេហ្នឹង ហើយធនាគារហ្នឹងគេចង់រឹបអូសផ្ទះ ដីធ្លីអ៊ីចឹង វាបញ្ហាហ្នឹង»។
ចំពោះការប្រឈមរបស់កសិករខាងលើនេះ លោកតំណាងរាស្ត្រ សម រង្ស៊ី ធ្លាប់ថ្លែង រិះគន់ថា បញ្ហានេះបណ្តាលមកពីរដ្ឋាភិបាលខ្មែរមិនមានថវិកាបម្រុងដើម្បី ប្រមូលទិញផលិតផលពីកសិករក្នុងតម្លៃសមរម្យ។
លោក សម រង្ស៊ី មានប្រសាសន៍ដូច្នេះថា ៖ «ដើម្បីឲ្យគាត់សល់ ប្រាក់ទៅទូទាត់ចំណាយរបស់គាត់ គាត់ជំពាក់លុយគេកាលពីទិញជី ទិញប្រេងសាំងទិញអី ធ្វើម៉េចឲ្យតម្លៃហ្នឹងសមរម្យបានកសិករយើងអាចរស់បាន។ ដូច្នេះយើងត្រូវតែមានថវិកា ពិសេសដូចប្រទេសនានាទាំងអស់គេរៀបចំបែបហ្នឹងទាំងអស់ដូចគ្នា។ ខ្ញុំឆ្ងល់ដែរថា ហេតុអ្វីបានអ្នកដឹកនាំប្រទេសកម្ពុជាយើងមិនគិតដល់ជីវភាពកសិករ ម៉េចក៏ព្រលែងឲ្យបងប្អូនកសិករយើងឥឡូវនេះវេទនាដោយតម្លៃលើ ទីផ្សារវាធ្លាក់ចុះហួសហេតុ»។
ចំណែកឯក នាយកកម្មវិធីសហគ្រាសរបស់អង្គការ សេដាក គឺលោក ឡាង សេងហ៊ង បានថ្លែងថា ផលិតផលកសិកម្មរបស់ខ្មែរ ប្រឈមនឹងផលវិបាកពីរយ៉ាង គឺដោយសារតែអាស្រ័យលើទីផ្សារនៃប្រទេសជិតខាង និងការខ្វះទន់សម្រាប់ទិញស្តុកទុក។
លោក ឡាង សេងហ៊ង ថ្លែងបន្ថែមថា ផលវិបាកដែលនាំឲ្យកកស្ទះនូវផលិតផលកសិកម្មនេះទៀត ក៏បណ្តាលមកពីកង្វះយន្តការសម្របសម្រួលនិងព័ត៌មានផ្នែកទីផ្សារ សម្រាប់កសិករនោះដែរ ៖ «គោលនយោបាយសំខាន់ទាក់ទងការកំណត់នូវ តម្រូវការទំនាក់ទំនងរឿងទីផ្សារអ៊ីចឹង ហើយយើងអាចជូនដំណឹងដល់កសិករដើម្បីឲ្យគាត់បានដឹង ជៀសវាងដូចថា កសិករដែលគាត់ដាំ ដាំតាមគ្នា បច្ចុប្បន្នដាំតាមគ្នា ដូចរដូវណាដែលមានឈ្មួញពីប្រទេសជិតខាងអីគេមកទិញច្រើនអ៊ីចឹង តម្លៃហ្នឹងវាឡើង ដល់ពេលឆ្នាំក្រោយគាត់បុកនាំគ្នាដាំទៅ ដល់ដាំទៅ ធ្វើឲ្យមានបញ្ហារឿងទីផ្សារហ្នឹង។ ដល់អ៊ីចឹងរដ្ឋាភិបាលត្រូវដើរតួនាទីសំខាន់ក្នុងការជួយសម្របសម្រួល ហ្នឹង ដើម្បីជៀសវាងភាពប្រថុយប្រថានហ្នឹងខ្លាំងពេកចំពោះកសិករ»។
វិស័យកសិកម្ម ត្រូវបានចាត់ទុកថា ជាវិស័យសំខាន់មួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ពលរដ្ឋប្រមាព ៦០%។ ក៏ប៉ុន្តែ មន្ត្រីអង្គការផ្នែកកសិកម្មខាងលើបានថ្លែងថា ប្រព័ន្ធទ្រទ្រង់សម្រាប់ជំរុញវិស័យកសិកម្មនៅមានកម្រិត ហើយការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ក៏នៅមានកម្រិតតិចតួចនៅឡើយដែរ៕
No comments:
Post a Comment