ខាងក្រោមនេះជាអត្ថបទរបស់ ព័ត៌មានពីកម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយរស់ ឌីណា។
«នេះគឺជាពេលវេលាចាត់វិធានការជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាកសិករកម្ពុជា»។ ប្រយោគមួយឃ្លានេះត្រូវបានលើកឡើង នាថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការគណបក្សសម រង្ស៊ី ដែលត្រូវបានរៀបចំធ្វើឡើងរួមគ្នាដោយគណបក្សប្រឆាំងសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលទើបតែបានបង្កើតសម្ព័ន្ធភាពមួយនាពេលថ្មីៗកន្លងមកនេះ ហៅថា «ចលនាប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ»។
លោកកឹម សុខា បានកត់សម្គាល់ថា «បន្ទាប់ពីតម្លៃផលិតផលរបស់កសិករបានធ្លាក់ចុះ កសិករត្រូវជំពាក់បំណុលធនាគារយ៉ាងច្រើន ពួកគេមិនមានលទ្ធភាពសងបំណុលបាននោះទេ។ ប្រជាកសិករកាន់តែត្រូវបានធនាគាររឹបអូសកម្មសិទ្ធិដីធ្លីជា បន្តបន្ទាប់»។ លោកបានអះអាងថាលោកបានធ្វើការសង្កេតការណ៍មួយដោយផ្ទាល់ នៅពេលលោកចុះទស្សនកិច្ចនៅតាមបណ្តាខេត្តនៅក្នុងប្រទេសកម្ពុជា។
ចំណែក លោកសម រង្ស៊ី បានអំពាវនាវដល់រាជរដ្ឋាភិបាលអោយជួយធានាតម្លៃសមស្រប សម្រាប់កសិករ ហើយបំណុលរបស់ពួកគេគប្បីព្យួរទុកមួយរយៈពេលសិន នៅអំឡុងពេលមានវិបត្តិ និងត្រូវកាត់បន្ថយការប្រាក់។
លោក កឹម សុខា បានគូសបញ្ជាក់ថា «គណបក្សប្រឆាំងមិនមានសិទ្ធិបញ្ជាលើស្ថាប័នហិរញ្ញវត្ថុនោះទេ ។ ប៉ុន្តែ យ៉ាងហោចណាស់ យើងអាចដាក់សំណើទៅកាន់រដ្ឋាភិបាល អោយចាត់វិធានការ។ រដ្ឋាភិបាលអាចចាត់វិធានការនេះបាន ប្រសិនជារដ្ឋាភិបាលមានបំណងជួយកសិករ!»។ លោកព្រមានថា បើមិនដូច្នោះទេ ប្រទេសកម្ពុជាអាចនឹងប្រឈមនឹងវិបត្តិសង្គមមួយដ៏ធ្ងន់ធ្ងរ។
គណបក្ស ប្រឆាំងទាំងពីរក៏បានផ្ញើលិខិតមួយច្បាប់ ជូនរដ្ឋាភិបាល កាលពីខែមករា ឆ្នាំ២០០៩ ដោយបានផ្តល់អនុសាសន៍អោយរដ្ឋាភិបាលតម្កល់ថវិកា៥០០លានដុល្លារ ដើម្បីជួយស្រោចស្រង់វិស័យដែលជួបការលំបាកនៅប្រទេសកម្ពុជា អោយរួចផុតពីវិបត្តិហិរញ្ញវត្ថុពិភពលោក។
យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានឆ្លើយតបទៅនឹងលិខិតនោះថារដ្ឋាភិបាលបានត្រៀមថវិកាច្រើនជាង នេះរួចជាស្រេច ដើម្បីប្រឈមមុខនឹងវិបត្តិនេះ។ ជាពិសេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានរម្លឹកអំពីការចុះហត្ថលេខាលើកិច្ចសន្យា មួយ ដែលមានទឹកប្រាក់១៨លានដុល្លារ ធៀបនឹង១២លានដុល្លារ កាលពីឆ្នាំ២០០៨ ជាមួយធនាគារអភិវឌ្ឍន៍ជនបទកម្ពុជា ដើម្បីផ្តល់ជំនួយដល់សមាគមរោងម៉ាស៊ីនកិនស្រូវប្រមូលទិញស្រូវពី កសិករ និងដើម្បីរក្សាតម្លៃស្រូវអោយមានស្ថេរភាព និងបំពេញតាមតម្រូវការរបស់ប្រជាកសិករ។
ដោយឡែក លោកសម រង្ស៊ីបានឆ្លៀតឱកាសនៅក្នុងសន្និសីទសារព័ត៌មាននេះ ដើម្បីបង្ហាញលិខិតមួយច្បាប់ ដែលលោកបានផ្ញើទៅកាន់រដ្ឋាភិបាលនៃបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក ដែលក្នុងនោះ មានប្រទេសផ្តល់ជំនួយផងដែរ ដើម្បីអោយរដ្ឋាភិបាលទាំងនោះថ្កោលទោសថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការការពារបរិស្ថាន Global Witness កាលពីឆ្នាំ២០០៧ ចំណងជើងថា «ខ្សែស្រឡាយអ្នកលួចជាតិ» និងរបាយការណ៍ នាខែកុម្ភៈ ឆ្នាំ២០០៩ ចំណងជើងថា «ប្រទេសសម្រាប់លក់»។ មេដឹកនាំគណបក្សប្រឆាំងកម្ពុជារូបនេះបានស្នើរដ្ឋាភិបាលទាំងនោះ កុំផ្តល់ទិដ្ឋាការ ដល់បុគ្គលជាប់ចោទ រឺគ្រួសាររបស់ពួកគេ ប្រសិនជាពួកគេត្រូវការធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ។ លោកក៏បានណែនាំអោយរឹបអូសទ្រព្យសម្បត្តិ និងបង្កកគណនី ដែលពួកគេមាននៅក្នុងប្រទេសទាំងនេះ ព្រមទាំងបញ្ឈប់ទាំងស្រុង រាល់ការធ្វើពាណិជ្ជកម្មជាមួយបុគ្គលដែលត្រូវបានលើកឡើងដោយអង្គការ ការពារបរិស្ថានខាងលើ។
No comments:
Post a Comment