Wednesday, February 4, 2009

ការ​នាំ​ចេញ​អង្ករ​ដោយ​ក្រុមហ៊ុន​ឯកជន​ក្នុង​ឆ្នាំ​២០០៩​នឹង​កើន​ឡើង

ខាង​ក្រោម​នេះ​ជាអត្ថបទ​របស់ ​វិទ្យុ​អាស៊ី​សេរី ចុះ​ផ្សាយ​​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ដោយ​ ម៉ៅ​ សុធានី។
ការ​នាំ​អង្ករ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​ក្រុមហ៊ុន​ឯកជន​នៅ​ឆ្នាំ​២០០៩​នេះ គេ​រំពឹង​ថា នឹង​អាច​កើន​ឡើង​ចំនួន​១០​ដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨។

លោក ភូ ពុយ ប្រធាន​សហព័ន្ធ​នៃ​សមាគម​ម្ចាស់​រោង​កិន​ស្រូវ​នៅ​កម្ពុជា បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា យោង​តាម​តម្រូវការ​ទីផ្សារ នៅ​ក្នុង​ឆ្នាំ​នេះ សមាគម​ម្ចាស់​រោង​កិន​ស្រូវ​នឹង​នាំ​ចេញ​អង្ករ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដែល​នឹង​អាច​កើន​ឡើង​ពី ២​ម៉ឺន​តោន​នៅ​ឆ្នាំ​២០០៨ ទៅ ២០​ម៉ឺន​តោន​ក្នុង​អំឡុង​ឆ្នាំ​២០០៩​នេះ សម្រាប់​យក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ម៉ាឡេស៊ី ប្រ៊ុយណេ និង​ប្រទេស​អារ៉ាប៊ី សាអូឌិត។

លោក ភូ ពុយ មាន​ប្រសាសន៍​បន្ត​ថា សហព័ន្ធ​នៃ​សមាគម​ម្ចាស់​រោង​កិន​ស្រូវ​នៅ​កម្ពុជា​ប្រមូល​ផល​ស្រូវ​បាន​ ចំនួន ៣០​ម៉ឺន​តោន​ហើយ ក្នុង​រដូវ​ច្រូត​កាត់​ចុង​ក្រោយ​នេះ ហើយ​សមាគម​របស់​លោក​បាន​ខ្ចី​ប្រាក់​ចំនួន ១៥​លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ ដែល​មាន​ការ​ប្រាក់​ទាប​សម្រាប់​ការ​ចំណាយ​ដើម្បី​ពង្រឹង​គុណភាព​និង​ពង្រីក ​បរិមាណ​នៃ​ការ​ផលិត​អង្ករ៕

No comments:

Post a Comment

Search

Shared News