សមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាកំពុងចលនាប្រមូលទិញស្រូវពីកសិករ កម្ពុជាខណៈដែលថៃនៅតែបន្តដាក់បំរាមមិនឲ្យកសិផលខ្មែរនាំចូល ប្រទេសរបស់ខ្លួន។
លោក ភួ ពុយ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានមានប្រសាសន៍ថា សមាគមបានទទួលប្រាក់កម្ចីចំនួន១៤លានដុល្លារនៅសល់៣លានដុល្លារ ទៀតពីធនាគារអភិវឌ្ឍន៍ជនបទដើម្បីប្រមូលទិញស្រូវពីកសិករខ្មែរ។
ថ្លែងនៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ លោក ភួ ពុយ បានបញ្ជាក់ថា ថវិកាខាងលើនេះត្រូវបានទទួលយកនិងផ្តល់ទៅឲ្យបណ្តាលរោងម៉ាស៊ីន កិនស្រូវចំនួន៣០០ជាសមាជិកដើម្បីបង្កើនសមត្ថភាពប្រមូលទិញស្រូវ ស្តុកទុកនិងជួយទិញស្រូវពីកសិករដែលកំពុងជួបវិបត្តិទីផ្សារ។
លោក ភួ ពុយ បានឲ្យដឹងថា ៖ «ប្រមូលទិញហ្នឹង ...អត់មានសកម្មភាពអីដែលយើងត្រូវផ្អាកទេ យើងកំពុងតែសម្រុកទិញ»។
មន្ត្រីខ្មែរបានថ្លែងថា ប្រទេសថៃរហូតមកទល់នឹងពេលនេះនៅតែបន្តដាក់បំរាមមិនឲ្យកសិផល កម្ពុជាហូរចូលប្រទេសរបស់ខ្លួន។
ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោក ហេង ប៊ុនហោ បានថ្លែងថា កសិករខ្មែរបានខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុនៅពេលបង្ក បង្កើនផល ហើយថាកសិផលលក់មិនចេញពួកគេកំពុងជួបវិបត្តិថវិការ។
លោក ហេង ប៊ុនហោ បានមានប្រសាសន៍ថា ៖ «គាត់ធ្វើផលិតកម្មហ្នឹង គាត់ខ្ចីឥណទានពីមីក្រូហិរញ្ញវត្ថុផ្សេងៗមក។ អ៊ីចឹងដល់ពេលគាត់ប្រមូលផលគាត់ត្រូវលក់ដោះស្រាយសងគេវិញ»។
ទោះជាយ៉ាងនេះក្តី ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា លោក ភួ ពុយ បានបញ្ជាក់ថា កសិករអាចលក់ស្រូវទៅឲ្យបណ្តារោងម៉ាស៊ីននានាឬតាមរយៈឈ្មួញកណ្តាល ដែលមានតម្លៃក្នុងមួយតោនថ្លៃ៧០០០បាត ហើយសមាគមជាមួយគ្នានេះក៏កំពុងរកទីផ្សារនៅក្រៅប្រទេសសម្រាប់ ដំឡូងមីស្ងួតដែរ។
នៅខែមករាដើមឆ្នាំ២០០៩ រដ្ឋាភិបាលខ្មែរបានសម្រេចផ្តល់មូលនិធិ១៨លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យធនាគារអភិវឌ្ឍន៍ជនបទដើម្បីជួយដល់ការប្រមូលទិញកសិផលខណៈ ដែលប្រទេសថៃបានដាក់បំរាមមិនឲ្យមានលំហូរកសិផលពីប្រទេសកម្ពុជា។
ប្រធានធនាគារអភិវឌ្ឍន៍ជនបទ លោក ស៊ុន គន្ធរ បានមានប្រសាសន៍ថា ក្នុងមូលនិធិ១៨លានដុល្លារមានថវិកា១០%ត្រូវបានផ្តល់ជាប្រាក់ កម្ចីទៅឲ្យសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាដើម្បីបង្កើនសមត្ថភាព ក្នុងការប្រមូលស្រូវស្តុកទុកនិងទិញស្រូវពីកសិករ។
លោក ស៊ុន គន្ធរ បានបញ្ជាក់ថា ៖ «ប៉ុន្តែ១៨លានហ្នឹងគឺ១០%ទេនៃ តម្រូវការជាក់ស្តែង សម្រាប់យើងមិនអាចទាំងអស់បានទេ ព្រោះម្ចាស់រោងម៉ាស៊ីនកិនស្រូវនីមួយៗត្រូវតែមានដើមទុនផ្ទាល់ ខ្លួនគាត់»។
លោកបន្តថា ក្រៅពីការផ្តល់ទុនទៅរោងម៉ាស៊ីនកិនស្រូវ ធនាគារអភិវឌ្ឍន៍ជនបទក៏បានផ្តល់ទុន៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅ ឲ្យសមាគមជួយកសិករនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំរានហាលដំឡូងមីផងដែរ ហើយថាធនាគារអភិវឌ្ឍន៍ជនបទកំពុងសម្លឹងមើលបណ្តាសមាគមផ្សេងទៀតនៅ តាមបណ្តោយព្រំដែនដើម្បីជួយ។
យោងតាមមន្ត្រីកសិកម្មក្រៅពីបញ្ហាស្រូវនៅមានដំឡូងមីរាប់សិប ម៉ឺនហិកតារទៀតនៅក្នុងដីដូចជានៅខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏កំពុងជួបវិបត្តិទីផ្សារដែរ៕
No comments:
Post a Comment