Thursday, February 26, 2009

មន្ត្រី​ជំនាញ៖ ការ​ប្រើ​ប្រាស់​ជី​គីមី​អាច​ប៉ះពាល់​ដល់​សុខភាព

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​បណ្ឌិត ហ៊ាន វណ្ណហន បាន​មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ជី​គីមី​របស់​កសិករ​បាន​ថយ​ចុះ​ខ្លះ​ដែរ ហើយ​សព្វ​ថ្ងៃ​នះ ប៉ុន្តែ​ប្រការ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​នៅ​តាម​តំបន់​ព្រំដែន​ ខ្មែរ​វៀតណាម ពីព្រោះ​នៅ​ទី​នោះ​កសិករ​បាន​នាំ​គ្នា​ប្រើប្រាស់​ជី​គីមី​មាន​ចំនួន​កើន​ ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ឆ្នាំ​នេះ ជា​ពិសេស​អ្នក​ដែល​ធ្វើ​ស្រែ​ប្រាំង​ពង្រោះ។

លោក​បាន​បន្ត​ថា ការ​ដែល​កសិករ​នាំ​គ្នា​និយម​ធ្វើ​ស្រូវ​ប្រាំង​ដោយ​ព្រោះ ហើយ​ដាក់​ជី​គីមីច្រើន​នោះ​ពីព្រោះ​គេ​បាន​ឃើញ​ប្រទេស​ជិត​ខាង​ធ្វើ​បាន​ ទទួល​លទ្ធផល​ច្រើន​ជាង​កាល​ដែល​គេ​ធ្លាប់​ស្ទូង​ស្រូវ។

លោក​បណ្ឌិត ហ៊ាន វណ្ណហន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​ដែល​ធ្វើ​ដោយ ​ព្រោះ​យក​នេះ គឺ​វា​ទាមទារ​ការ​រៀបចំ​ដី​ហ្នឹង​ហ្មត់​ចត់​ណាស់ តែ​មិន​ហ្មត់​ល្អ គឺ​ប្រភព​ស្មៅ​វា​អាច​នៅ​សល់​ច្រើន អ៊ីចឹង​គឺ​ត្រូវការ​បំប៉ន​ជី​បន្ថែម អ៊ីចឹង​ជំរុញ​ទៅ​ដល់​ការ​ប្រើប្រាស់​ជី​ច្រើន ប្រជាកសិករ​ដែល​រស់​នៅ​តាម​តំបន់​ជិត​ព្រំដែន​ហ្នឹង គឺ​វា​មាន​ការ​ឆ្លង​បច្ចេកទេស»

មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ក្រៅ​ពី​មាន​ការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​ជី​គីមី​លើ​ដំណាំ​ស្រូវ​ប្រាំង ក្នុង​នោះ​នៅ​ក្នុង​ខេត្ត​កណ្ដាល គេ​ឃើញ​កសិករ​អ្នក​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ទៀត ដូចជា​បន្លែ ពោត សណ្ដែក។ល។ ក៏​គេ​នាំ​គ្នា​ប្រើ​ប្រាស់​ជី​គីមី​ច្រើន​ណាស់​ដែរ​ពីព្រោះ​តែ​គេ​យល់​ថា ការ​ប្រើ​ជី​គីមី​ច្រើន​ឲ្យ​ផល​ទាន់​ចិត្ត។

ប្រជាកសិករ​នៅ​ស្រុក​ស្អាង ខេត្ដ​កណ្ដាល​មួយ​ចំនួន​នោះ ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា គេ​ពិត​ជា​ចូល​ចិត្ត​ប្រើប្រាស់​ជី​គីមី​សម្រាប់​ដំណាំ​កសិកម្ម​ពីព្រោះ​ ដោយសារ​តែ​ការ​ប្រើ​ជី​គីមី​នាំ​ឲ្យ​ដំណាំ​លូត​លាស់​ល្អ ហើយ​អាច​តម្រូវការ​ទាន់​ទីផ្សារ​ទៀត។

ក្នុង​ចំណោម​ប្រជាកសិករ​ទាំង​នោះ ស្ដ្រី​កសិករ​មួយ​រូប​ឈ្មោះ ម៉ាក់ លី បាន​បញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ ៖ «ដូច ​ដាក់​ល្ងាច​ហ្នឹង ស្អែក​ឡើង​យើង​ទៅ​មើល​ដឹង​ប្រែ​ភ្លាម លឿន។ គេ​ធ្វើ​គ្រប់​តែ​គ្នា​ទូទៅ​លឿន​អ៊ីចឹង​តែ​ម្ដង។ ហើយ​ហ្នឹង​ដូច​ថា​យើង​ធ្វើ​រាប់​ហិកតារ​លឿន​ទាន់​ចិត្ត ហើយ​នោះ​យើង​នៅ​រែក​ដាក់​អី​វា​យូរ។ ឥឡូវ​ដល់​ពេល​លើក​មុន​បាញ់​ថ្នាំ ស្នប់​ស្ពាយ​ខ្នង ឥឡូវ​អត់​ទេ បាញ់​ម៉ាស៊ីន​ទៀត ប្រើ​ទុយោ​ហ្នឹង​បាញ់​ទៅ​កន្លះ​ម៉ោង​ហើយ​បាត់»

បុរស​កសិករ​មួយ​រូប​ទៀត​ឈ្មោះ អ៊ុំ អេម នៅ​ស្រុក​ស្អាង​នោះ​ដែរ បាន​ប្រាប់​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ កសិករ​នៅ​ទីនេះ​ស្ទើរ​តែ​ទាំង​អស់​គ្នា​បាន​យល់​ដឹង​ថា ការ​ប្រើប្រាស់​ជី​គីមី​នាំ​ឲ្យ​ខូច​សុខភាព​និង​ខូច​គុណភាព​ដី ក៏​ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព​រស់​នៅ​ទប់​មិន​ឈ្នះ​និង​ទំនិញ​ទីផ្សារ​នោះ ដូច្នេះ​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​ជី​គីមី​ទៅ​លើ​ដំណាំ​បន្លែ​ក៏​ដូចជា​ ដំណាំ​ស្រូវ​ដើម្បី​ឲ្យ​ឆាប់​បាន​ផល​បេះ​យក​ទៅ​លក់ ៖ «បើ​យើង​មិន​ប្រើ​ អាហ្នឹង​អត់​បាន​ទាល់​តែ​សោះ សូម្បី​តែ​ដាំ​ពោត តែ​អត់​ជី​ហ្នឹង​ដាក់​ក៏​អត់​បាន​ដែរ ស្រូវ​ក៏​ច្រើន​អ៊ីចឹង​ដែរ។ ស្រូវ​ដាក់​ទៅ​ដឹង​តែ​បាន​ទាន់​ចិត្ត ដូច​ដង្កូវ​ដាក់​ទៅ​ងាប់​ភ្លាម អាហ្នឹង​បើ​មិន​ដាក់​ដាំ​មិន​បាន​ទាល់​តែ​សោះ»

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក​បណ្ឌិត ហ៊ាន វណ្ណហន បាន​បញ្ជាក់​ប្រាប់​ដែរ​ថា មន្រ្តី​របស់​ក្រសួង​កន្លង​មក ក៏​ដូច​សព្វ​ថ្ងៃ​នេះ​គឺ​បាន​ចុះ​អប់រំ​និង​ធ្វើការ​បង្ហាត់​បង្ហាញ​ដល់​ ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​ដែល​ក្នុង​នោះ​រួម​ទាំង​កសិករ​តាម​តំបន់​ ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល​ផង​ដែរ​អំពី​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​និង​ បង្រៀន​ឲ្យ​គេ​ចេះ​ផលិត​ជី​កំប៉ុស​តាម​បែប​ធម្មជាតិ។

លោក​បាន​បន្ត​ថា បើ​កសិករ​នាំ​គ្នា​ងាក​បែរ​មក​ប្រើ​ជី​ធម្មជាតិ​នោះ​គឺ​នឹង​នាំ​ឲ្យ​គេ​មាន​ ផល​ចំណេញ មិន​ចំណាយ​ដើម​ទុន​ច្រើន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​និង​អាច​រក្សា​គុណភាព​ដី​ដាំ​ដំណាំ​របស់​គេ​ឲ្យ ​នៅ​ល្អ​ផង​ដែរ។

លោក ហ៊ាន វណ្ណហន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «នៅ​ក្នុង​ដី​របស់ ​យើង​មាន​ពពួក​អតិសុខុម​ប្រាណ​ល្អិតៗ​ដែល​រស់នៅ ហ្នឹង​រាប់​បញ្ចូល​ទាំង​សត្វ​ធំ​ដូច​ជា​ជន្លេន​ផង។ ទាំង​អស់​ហ្នឹង មាន​តួនាទី​វា គឺ​វា​កាច់​បំប្លែង​សារធាតុ​សរីរាង្គ។ សារធាតុ​សរីរាង្គ​ហ្នឹង​សំដៅ​ទៅ​លើ​គល់​ជញ្រ្ជាំង​ស្មៅ ឬ​កម្ទេច​កម្ទី​រុក្ខជាតិ​ដែល​រលួយ ឬ​ក៏​ជី​អាចម៍​គោ​ដែល​យើង​ដាក់​ទៅ អាហ្នឹង​គឺ​សុទ្ធ​តែ​សរីរាង្គ វា​កាច់​អាហ្នឹង​ឲ្យ​ទៅ​ជា​រ៉ែ។ បើ​សិន​ជា​ដី​នោះ​មិន​មាន​ជាតិ​សារធាតុ​សរីរាង្គ​សោះ មិន​មាន​ជី​កំប៉ុស មិន​មាន​ជី​អាចម៍​គោ​សោះ ទីបំផុត​សារពាង្គ​កាយ​តូច​ល្អិតៗទាំង​អស់​នោះ គឺ​វា​នឹង​បាត់បង់​ជីវិត​វិនាស​អន្តរាយ ដី​ហ្នឹង​វា​ទៅ​ជា​ហាប់​ដោយសារ​អត់​ពពួក​អស់​នោះ»

អនុប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​នៃ​ ក្រសួង​សុខាភិបាល​លោក​វេជ្ជបណ្ឌិត ជិន សុភ័ក្រ្ត​រ៉ូ បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​ជី​គីមី​ឬ​ការ​បាញ់​ថ្នាំ​កសិកម្ម​សម្លាប់​សត្វ​ល្អិត​នៅ​លើ ​ដំណាំ​កសិកម្ម​ដែល​កសិករ​មួយ​ចំនួន​នាំ​គ្នា​ប្រើ​ប្រាស់​នោះ ប្រសិន​បើ​គេ​ប្រើ​មិន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស​ទេ​នោះ​គឺ​ប្រាកដ​ជា ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​អ្នក​ប្រើ​ថ្នាំ​ផ្ទាល់ ហើយ​និង​អ្នក​ទិញ​យក​មក​បរិភោគ។

លោក​វេជ្ជបណ្ឌិត ជិន សុភ័ក្រ្ត​រ៉ូ មាន​ប្រសាសន៍​ថា ៖ «សារធាតុ​គីមី​ជា​អាវុធ​មុខ​ពីរ វា​អាច​ធ្វើ​ឲ្យ​យើង​ចំណេញ ធ្វើ​ឲ្យ​យើង​ខាត ហើយ​ចំពោះ​ការ​ដែល​យើង​ដាក់​លើ​ដំណាំ គឺ​យើង​ប្រើ​គីមី​ដែល​សម្លាប់​ពួក​សត្វ​ល្អិត ហើយ​វា​ជា​សារធាតុ​ពុល ដូច្នេះ​កាល​ណា​យើង​ប្រើ​វា​មិន​ត្រឹមត្រូវ​តាម​ក្បួន​វា គឺ​វា​ធ្វើ​ឲ្យ​ពុល​យើង ពុល​អ្នក​ដែល​ប្រើ​ភ្លាមៗ​ហ្នឹង ជួនកាល​អត់​មាន​ស្រោម​ដៃ​អី គាត់​ដាក់​ផ្ទាល់ ប៉ះ​ដៃ​ទៅ​វា​រលាក​ដៃ​អី​ចូល​តាម​ស្បែក​ចូល​តាម​អី​ទៅ ដូច​គាត់​បាញ់ ឬ​គាត់​គ្មាន​អី​ពាក់​ការពារ​ច្រមុះ​គាត់ វា​ហុយ​ចូល​ក្នុង​ខ្លួន​គាត់។ ចំពោះ​អ្នក​ដែល​បរិភោគ​ដោយសារ​សារធាតុ​គីមី​វា​នៅ​ជាប់​នឹង​បន្លែ​អី​អ៊ីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ញ៉ាំ​ហ្នឹង ហើយ​វា​ចូល​ទៅ​ក្នុង​ខ្លួន បើ​សិន​ជា​បរិមាណ​ច្រើន​វា​អាច​គ្រោះថ្នាក់​ភ្លាមៗបើ​សិន​ជា​តិចតួច​វា​អាច​ គ្រោះថ្នាក់​យូរ​អង្វែង»

ប្រជាកសិករ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​បញ្ជាក់​ដែរ​ថា ប្រសិន​បើ​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ជី​គីមី​លើ​ដំណាំ​កសិកម្ម​នោះ​គឺ​ លុះត្រា​តែ​រដ្ឋាភិបាល​បិទ​កុំ​ឲ្យ​មាន​ការ​នាំចូល​មក​ពី​ក្រៅ ពីព្រោះ​បើ​មិន​មាន​ការ​នាំ​ចូល​យក​មក​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ ប្រជាកសិករ​អ្នក​ដាំ​ដំណាំ​ក៏​មិន​អាច​មាន​លទ្ធភាព​ទៅ​រក​ទិញ​ជី​គីមី​នៅ​ឯ​ ណា​បាន​ដែរ ៖ «នាំ​ចូល​នៅ​តែ​ប្រើ​អាហ្នឹង​អ៊ីចឹង ព្រោះ​អាហ្នឹង​វា​មាន​ប្រសិទ្ធភាព​ខ្លាំង ដាក់​ទៅ​ដឹង​តែ​បាន​ទាន់​ចិត្ត»

មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើប្រាស់​ជី​គីមី​បាន​ថយ​ចុះ​ខ្លះ​ដែរ គឺ​ឃើញ​កើន​ឡើង​តែ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-វៀតណាម ដូចជា​នៅ​ក្នុង​ខេត្ត​កណ្ដាល​តែ​ប៉ុណ្ណោះ៕

No comments:

Post a Comment

Search

Shared News