ខាងក្រោមនេះជាអត្ថបទរបស់ វិទ្យុអាស៊ីសេរី ចុះផ្សាយថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយ ម៉ៅ សុធានី។
កម្ពុជាមានគម្រោងបង្កើនការចិញ្ចឹមជ្រូកក្នុងស្រុក និងការនាំចេញផលិតផលសាច់ជ្រូក។
លោក កៅ ផល ប្រធាននាយកដ្ឋានបសុព្យាបាលនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ចុះផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកុងត្រូលត្រួតពិនិត្យបន្ថែមនៅតាម ព្រំដែនដើម្បីធ្វើការឆែកឆេរការនាំចូលសត្វពាហនៈពីប្រទេសជិតខាង ដោយខុសច្បាប់។
លោកបន្តថា រដ្ឋាភិបាលនឹងផ្តល់សេវាព្យាបាលសត្វដោយឥតគិតថ្លៃនិងជំរុញឲ្យមាន អនាម័យល្អនៅកន្លែងចិញ្ចឹមជ្រូកនិងកន្លែងវះកាត់សាច់ជ្រូកក្នុង ស្រុក។
លោក កៅ ផល មានប្រសាសន៍បន្តថា ក្នុងមួយថ្ងៃ គេបាននាំចូលសត្វជ្រូកពីប្រទេសថៃនិងវៀតណាមចំនួនប្រមាណជា ៨០០ក្បាល ហើយដែលភាគច្រើន គឺលួចរត់ពន្ធចូលតែម្តង ហើយដែលចាប់តាំងពីដើមខែមករា ឆ្នាំ២០០៩ រហូតមកទល់ពេលនេះ គេបានចាប់ឃាត់ខ្លួនឈ្មួញរត់ពន្ធសត្វជ្រូក៣នាក់ រួចមកហើយនិងបានបង្គាប់ឲ្យបង់ប្រាក់ផាកពិន័យ។
លោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុងឫទ្ធី បានមានប្រសាសន៍ថា ក្រុមហ៊ុនលោកកំពុងប្រឹងប្រែងជំរុញឲ្យមានកម្រិតស្តង់ដារអនាម័យនិង កាត់បន្ថយតម្លៃចិញ្ចឹមជ្រូកក្នុងស្រុក។
លោកថា ក្រុមហ៊ុនម៉ុងឫទ្ធី កំពុងសាងសង់រោងចក្រមួយចំណាយប្រាក់ ១លានដុល្លារអាមេរិក ដែលអាចមានលទ្ធភាពផលិតសាច់ជ្រូកឲ្យបាន ១០តោនក្នុងមួយម៉ោង ហើយថា ក្នុងអំឡុងពេល ៥ឆ្នាំ រោងចក្រលោកនឹងផលិតសាច់ជ្រូកសម្រាប់ការនាំចេញទៅលក់ក្រៅប្រទេស មានប្រទេសចិននិងជប៉ុនជាដើម៕
No comments:
Post a Comment