ដោយ កែវ និមល 2009-08-26
អង្គការក្រៅរដ្ឋាភិបាលមួយដែលមានជំនាញខាងកសិកម្មបានអំពាវនាវនៅ ថ្ងៃទី២៥ សីហា សុំឲ្យកសិករឈប់ដុតជញ្ជ្រាំងស្រូវក្រោយពេលមានការច្រូតកាត់និង ប្រើប្រាស់ជីធម្មជាតិដើម្បីរក្សាឲ្យមានភាពសើមនៃដីស្រែដើម្បី ឲ្យដើមស្រូវមានជីវិតលូតលាស់បានល្អ។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានមានប្រសាសន៍អំពីសារប្រយោជន៍នៃសារធាតុសើមនៃដី ថា ៖ «សារធាតុ ដូចជាកាកសំណល់ ដូចជារុក្ខជាតិសត្វអីដែលវារលួយ មានលក្ខណៈពិសេសមួយដែលវាអាចជួយរក្សានូវភាពសំណើមដីបានល្អ»។
មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បានចេញសេចក្តីប្រកាសព័ត៌មានដូច្នេះក្រោយពីឃើញមានភាពរាំងស្ងួត បានកើតមាននៅក្នុងខែត្រចំនួន៨របស់ប្រទេសកម្ពុជា ហើយបើភាពរាំងស្ងួតនេះអូសបន្លាយយូរវាអាចធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់វិស័យកសិកម្មកម្ពុជានៅឆ្នាំនេះ។
នៅក្នុងពេលមានភាពរាំងស្ងួតនេះ មន្រ្តីអង្គការសេដាកមានការចុះពិនិត្យតាមវាលស្រែមួយចំនួន រកឃើញថា ដីស្រែណាដែលសំបូរទៅដោយសារធាតុសរីរាង្គ ឬភាសាសាមញ្ញហៅថា សារធាតុមមោកនោះ គឺដើមស្រូវនៅមានការលូតលាស់ល្អ ជាពិសេសដើមស្រូវនៅមានពណ៌បៃតងជាធម្មតា ដែលមានការខុសគ្នាជាមួយដីស្រែមួយចំនួនដែលមិនមានសារធាតុមមោកនិង មានការដុតជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់ហើយ។
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ៖ «ពេលយើងទុកជញ្រ្ជាំងទៅ ដល់ពេលជញ្រ្ជាំងហ្នឹងរលួយធ្វើឲ្យវាមានជាតិមមោកដី ហ្នឹងវាអាចជួយឲ្យដីមានជីជាតិ ឲ្យដីផុង ហើយឲ្យមានសំណើមអីអ៊ីចឹង»។
អង្គការសេដាកបានអំពាវនាវដល់កសិករឲ្យមានការទប់ស្កាត់កុំដុត ជញ្ជ្រាំងស្រូវក្រោយពេលច្រូតកាត់ ត្រូវបង្កើនការភ្ជួរលុបជញ្ជ្រាំងស្រូវនិងគ្របដីដើម្បីបង្កើន ជីជាតិដី កសិករគួរប្រើជីធម្មជាតិ ជាពិសេសជីកំប៉ុសឲ្យបានច្រើន បង្កើនការដាំជីស្រស់និងដំណាំគ្របដីឲ្យបានច្រើនមុនពេលដាំដុះ និងក្រោយពេលច្រូតកាត់ និងដាំដើមឈើសំបូរស្លឹកនានាឲ្យបានច្រើនដើម្បីយកស្លឹកវាដាក់ ស្រែ ដូចជាដើមក្ទម្ពទេស ដើមអង្កាញ់ ដើមស្តៅ និងដើមហាយសាន ជាដើម។
លោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ការលើកឡើងរបស់អង្គការសេដាកក្នុងការហាមកសិករកុំឲ្យដុតជញ្ជ្រាំង ស្រូវក្រោយពេលច្រូតជាការត្រឹមត្រូវ ព្រោះការដុតនោះវានាំឲ្យស្ងួតដីនិងបានកាត់បន្ថយសារជាតិនានាដែល ជួយការពារដីមិនឲ្យឆាប់ខ្សោះជីជាតិ។
មន្រ្តីក្រសួងកសិកម្មបានមានប្រសាសន៍ផងដែរថា តែការហាមនេះមានការលំបាកព្រោះកសិករភាគច្រើនគាត់ដុតជញ្រ្ជាំង ស្រូវចោលធ្វើឲ្យគាត់ងាយភ្ជួរមិនជាប់ផាលនង្គ័លនៅពេលភ្ជួរស្រែ លើកក្រោយ និងកសិករមួយចំនួនគាត់មិនបានដុតជញ្រ្ជាំងស្រូវខ្លួនគាត់ទេ តែភ្លើងវាបានឆេះរាលពីវាលស្រែជាប់គ្នាមកលើស្រែរបស់គាត់។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភចំពោះភាពរាំងស្ងួតដែលកើតមានបច្ចុប្បន្ននេះ ហើយលោកបានអំពាវនាវឲ្យស្ថាប័ននានាយកចិត្តទុកដាក់សង្រ្គោះសន្ទូង ប្រជាពលរដ្ឋដែលខ្វះទឹកនិងមានគម្រោងកាត់ប្រេងតាមស្ថាប័នរដ្ឋ ចំនួន៣០% យកមកផ្គត់ផ្គង់លើការងារបូមទឹកដាក់ស្រែទៀតផង៕
No comments:
Post a Comment