ជាមួយនឹងគម្របព្រៃឈើដែលនៅសល់នៅក្នុងប្រទេស និងសកម្មភាពថែរក្សាបរិស្ថាននានា ប្រទេសកម្ពុជា ត្រូវបានគេគិតថាអាចនឹងរកប្រាក់រាប់សិបលានដុល្លារ ពីការលក់ឥណទានការបោននៅក្នុងទីផ្សារការបោនស្ម័គ្រចិត្ត ប្រសិនបើកម្ពុជាមានអ្នកជំនាញការ។
នៅក្នុងប្រទេសកម្ពុជារហូតមកដល់ពេលនេះ មានមនុស្សតិចតួចណាស់ដែលដឹង និងបានយល់អំពីវិធីនៅក្នុងការទាញយកថវិកាមកបម្រើសកម្មភាព អភិវឌ្ឍន៍ និងមនុស្សធម៌ផ្សេងៗដោយស្របច្បាប់ពីទីផ្សារកាបូនស្ម័គ្រចិត្ត តាមការលក់ឥណទានការបោននោះ នៅក្នុងខណៈពេលដែលកម្ពុជានៅពេលនេះត្រូវបានគេគិតថា ជាប្រទេសមួយដែលផ្ដល់សច្ចាប័នលើពិធីសារ ស្ដីអំពីបរិស្ថាននៅក្នុងទីក្រុងក្យូតូ ហើយក៏ជាប្រទេសដែលមានសក្ដានុពលមួយផងដែរ។
ទីផ្សារការបោនស្ម័គ្រចិត្ត គឺជាទីផ្សារពាណិជ្ជកម្មសេរីមួយ ដែលគេបង្កើតឡើងក្រោយពេលដែលប្រទេសជាច្រើន បាននាំគ្នាចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើពិធីសារក្រុងក្យូតូ។ វាគឺជាទីផ្សារដែលកើតពីការស្ម័គ្រចិត្តរបស់អ្នកទិញ ដែលភាគច្រើនគឺជាក្រុមហ៊ុនធំៗ ដែលបានបំភាយឧស្ម័នកាបូនិក ឬកាបូនឌីអុកស៊ីតខ្ពស់ នៅក្នុងប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ជាមួយនឹងអ្នកលក់ដែលភាគច្រើន គឺអង្គការ ឬសហគមន៍នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងធ្វើសកម្មភាពអភិរក្សព្រៃឈើ ឬក៏សកម្មភាពណាដែលជួយទប់ស្កាត់ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនៅ ក្នុងស្រទាប់បរិយាកាស។ នៅក្នុងទីផ្សារការបោនស្ម័គ្រចិត្តនេះ ភាគីទាំងពីរ អាចទូទាត់គ្នាតាមរយៈឥណទានការបោន ដែលភាសាសម្រាយគេហៅថា ជាបរិមាណកាបូនឌីអុកស៊ីតដែលបានកាត់បន្ថយនៃការបំភាយនៅក្នុងស្រទាប់ បរិយាកាស ដោយសារតែសកម្មភាពណាមួយ។ ឧទាហរណ៍ ការប្រើប្រាស់ចង្ក្រានមួយដែលដុតអុស វាអាចធ្វើឲ្យវាបំភាយកាបូនឌីអុកស៊ីត១,៥គីឡូក្រាមនៅក្នុងស្រទាប់ បរិយាកាស ប៉ុន្តែសហគមន៍មួយគាត់បានបង្កើតគំនិតច្នៃប្រឌិតរកឃើញចង្ក្រាន ថ្មីមួយបែបដែលអាចដុតចម្អិនអាហារបានដូចចង្ក្រានមុន តែវាបំភាយកាបូនឌីអុកស៊ីតត្រឹមតែ១គីឡូក្រាមតែប៉ុណ្ណោះ។ ដូច្នេះ០,៥គីឡូក្រាម ដែលនៅសល់វាគីជាឥណទានកាបូនដែលគេអាចយកទៅសន្សំទុកសម្រាប់ធ្វើ ការដោះដូរយកថវិកាបាន។
សព្វថ្ងៃនេះ នៅលើពិភពលោកនៅក្នុងកាបូនឌីអុកស៊ីតមួយតោន គេអាចដោះដូរយកឥណទានការបោន មានតម្លៃរហូតដល់ពី១ដុល្លារ រហូតដល់ទៅ៣០អ៊ឺរ៉ូ (១អ៊ឺរ៉ូមានតម្លៃស្មើនឹង១,៦៦ដុល្លារ)។
លោក មិញ គួង លិហ្វាង (Minh Goung Leguan) ប្រធានក្រុមបម្រែបម្រួលបរិស្ថាននៃអង្គការជឺរ៉េស(geres) បានអះអាងកាលពីពេលថ្មីៗកន្លងទៅនេះថា គិតមកដល់ពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទាំងមូល មានគម្រោងប្រមាណជា៣តែប៉ុណ្ណោះ ដែលបានទទួលឥណទានពីទីផ្សារការបោនស្ម័គ្រចិត្ត ហើយនៅក្នុងនោះក៏មានគម្រោងមួយរបស់អង្គការជីរ៉េសផងដែរ។ ប៉ុន្តែលោកក៏មិនបានដឹងថា តើគម្រោងទាំងអស់នោះ បានដោះដូរឥណទានការបោនបានប៉ុន្មានដុល្លារនៅឡើយទេ ដោយគ្រាន់តែអះអាងថា ជាទូទៅវាគឺជាការសម្ងាត់ ពីព្រោះនៅក្នុងទីផ្សារការបោនស្ម័គ្រចិត្ត ក៏ប្រឈមមុខនឹងការប្រកួតប្រជែងដូចទីផ្សារពាណិជ្ជកម្មផ្សេងៗទៀតដែរ ដោយគ្រាន់តែអះអាងថា កម្ពុជាគឺជាប្រទេសដែលមានសក្ដានុពលមួយ។
លោកបានបញ្ជាក់ថា «ការទូទាត់ ឥណទានកាបូន គឺដូចជាការទិញម្ហូបដូច្នេះដែរ ហើយអ្នកលក់ វិញក៏កាច់កុងគ្នាខ្លាំងដែរ។ វាគឺជាទីផ្សារពាណិជ្ជកម្មតម្លៃរបស់វាគឺទៅតាមគុណភាព និងការចរចា»។
បើតាមការប៉ាន់ប្រមាណរបស់លោក លីហ្វាង មកដល់ពេលនេះ តម្លៃនៃការទូទាត់ឥណទាន ការបោនដែលកម្ពុជាអាចទទួលបាននោះ គឺនៅក្នុងរង្វង់ពី៤ដុល្លាររហូតដល់២០អ៊ឺរ៉ូ នៅក្នុងមួយតោននៃកាបូនឌីអុកស៊ីត ហើយអតិថិជនរបស់កម្ពុជាគឺភាគច្រើនអឺរ៉ុប និងអូស្ត្រាលី ដោយឡែកនៅក្នុងស្រុកក៏មានខ្លះដែរ។ តម្លៃដែលកម្ពុជាមិនអាចទទួលបានខ្ពស់ដូចដែលគេអាចធ្វើបាននោះ គឺដោយសារតែកម្ពុជានៅពេលនេះ គឺនៅមិនទាន់មានសមត្ថភាពដោយផ្ទាល់ទៅកាន់ទីផ្សារការបោន ស្ម័គ្រចិត្តនៅឡើយទេ។ ការលក់របស់កម្ពុជាគឺតាមរយៈឈ្មួញកណ្ដាល។
លោក លីហ្វាង បានបញ្ជាក់ថា «ខ្ញុំមិនបានដឹងអំពីគម្រោងដទៃទៀតទេ តែសម្រាប់គម្រោងរបស់អង្គការជឺរ៉េស មួយចេញពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៧ យើងបានជួយកាត់បន្ថយការបោនឌីអុកស៊ីតចំនួន៣១៤,៨៥៤តោន ហើយគម្រោងនេះបានជួយដល់ប្រជាពលរដ្ឋប្រមាណជា១,២លាននាក់»។
សព្វថ្ងៃនេះទីផ្សារការបោនស្ម័គ្រចិត្តនេះ គឺកំពុងតែដើរនៅក្នុងប្រទេសមួយចំនួនដូចជា អូស្ត្រាលី សហគមន៍អឺរ៉ុប ប្រទេសញូវស៊ីលែន និងអាមេរិក។ យោងទៅតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកកាលពីឆ្នាំ២០០៧ វិសាលភាពនៃទីផ្សារការបោននៅទូទាំងពិភពលោកមានតម្លៃជាប្រាក់ដុល្លារ រហូតដល់ទៅ៦៤ពាន់លាន ប៉ុន្តែជាក់ស្ដែងនៅលើទីផ្សារ គេអាចលក់ឥណទានការបោនបានត្រឹមតែ១២៣លានតោប៉ុណ្ណោះនៅក្នុងឆ្នាំ ២០០៨ ដោយមានតម្លៃប្រមាណជា៧០៥លានដុល្លារតែប៉ុណ្ណោះ។ ក្រៅពីគម្រោងទាំងបី ដែលលើកឡើងដោយលោក លីហ្វាង ខាងលើកម្ពុជានៅមានគម្រោងមួយទៀតដែលកំពុងតែរៀបចំឡើងដោយរដ្ឋបាល ព្រៃឈើ និងអង្គការផាក (Pact)។
លោក ឡុង រតនៈកុមារ អនុប្រធាននាយកដ្ឋានសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ បានអះអាងតាមទូរស័ព្ទកាលពីសប្ដាហ៍មុនថា ក្រោមកិច្ចសហការជាមួយនឹងអង្គការផាក និងសហគមន៍ការពារព្រៃឈើចំនួន៩ នៅក្នុងខេត្តឧត្តរមានជ័យ យើងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនមួយ មានទីស្នាក់ការនៅក្នុងសហរដ្ឋអាមេរិកឲ្យអភិរក្សព្រៃឈើមួយកន្លែង ដែលមានទំហំ៦០,០០០ហិកតារ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃឧស្ម័នកាបូនិច ឬកាបូនឌីអុកស៊ីត នៅក្នុងរយៈពេលពេល៣០ឆ្នាំបាន៨,៥លានតោន។
បើតាមលោករតនៈកុមារលោក ក៏នៅមិនទានបានដឹងថា តើកិច្ចព្រមព្រៀងនេះមានតម្លៃប៉ុន្មាននោះទេ ដោយអះអាងថា វាត្រូវទាមទារនូវលក្ខខណ្ឌ និងទម្រង់ការជាច្រើនទៀត។
ពាក់ព័ន្ធនឹងបញ្ហាចរចាលក់ ឬទិញដូរឥណទានការបោននៅក្នុងទីផ្សារការបោនស្ម័គ្រចិត្តនោះ លោក លីហ្វាង បានអះអាងថា វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយបុគ្គលម្នាក់ៗក៏មិនអាចនឹងធ្វើសកម្មភាពណាមួយដែលការពារ បរិស្ថាន ហើយយកទៅរៀបចំសុំលក់ឥណទានកាបោនបានដែរ។ ថវិកាដែលបានមកពីការទូទាត់ឥណទានកាបូននេះទៀតសោត ក៏មិនអាចបង្វិលចូលហោប៉ៅរបស់បុគ្គលម្នាក់ដែរ។ ថវិកាទាំងអស់គឺសម្រាប់ជាកិច្ចការជាសមូហភាព មានដូចជា ការបណ្ដុះបណ្ដាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកសាងសាលារៀន ការបង្កើតមុខរបរដែលប្រកបដោយនិរន្តរភាពជាដើម។
លោកបានបញ្ជាក់ថា «មនុស្សម្នាក់ៗ អាចចូលរួមថែរក្សាបរិស្ថានដោយអត់ប្រើយានយន្តជាដើមបាន តែគេអត់អាចយកសកម្មភាពនោះមកទូទាត់ជាលុយបានទេ។ ការទូទាត់លុននោះទៀតសោត វាត្រូវការអ្នកពិគ្រោះយោបល់ និងឆ្លងកាត់ទម្រង់ការជាច្រើនដ៏ស្មុគស្មាញ»។
គិតរហូតមកដល់ពេលនេះបណ្ដាគម្រោងដែលបានទទួលឥណទានពីការទូទាត់ ឥណទានការបោននៅក្នុងទីផ្សារការបោនស្ម័គ្រចិត្តនេះ មានគម្រោងផលិតចង្ក្រានមួយរបស់អង្គការជឺរ៉េស គម្រោងមួយរបស់អង្គការសេដាក់ និងគម្រោងមួយទៀតរបស់កម្មវិធីជីវឧស្ម័នថ្នាក់ជាតិកម្ពុជា។ គេរំពឹងថា នៅក្នុងពេលអនាគតដ៏ខ្លីនេះសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ នឹងទទួលបានមួយគម្រោងទៀត៕
ប្រភពព័ត៌មាន៖ កាសែតរស្មីកម្ពុជា ឆ្នាំទី៖ ១៧ លេខ៖ ៤៩៨៤
ចេញផ្សាយ៖ ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០០៩
ដោយ៖ ពិស្ដារ
ស្នើដោយ៖ រតនា កាលបរិច្ឆេទ៖ សុក្រ 28 Aug 2009
No comments:
Post a Comment