Monday, August 24, 2009

ក្មេង​ស្រី​ខ្មែរ​​សម័យ​ថ្មី​ខ្លះ​កំពុង​​វកវី​នឹង​សម្រស់​សិប្បនិម្មិត

ភ្នំពេញ៖ ខ្លះ​មាន​​ធ្មេញ​​ដាក់​គ្រាប់​​ពេជ្រ​​តូច​មួយ​ ខណៈ​ដែល​ខ្លះ​​ទៀត​នាំ​គ្នា​ដាក់​ធ្មេញ​ទន្សាយ​ ឬ​ពាក់​ខ្សែ​ជើង។ រឿង​នេះ​បាន​ក្លាយ​ទៅ​ជា​និន្នាការ​មួយ​ ដែល​​ក្មេង​ស្រី​សម័យ​ថ្មី​មួយ​ចំនួន​គិត​ថា​នឹង​បង្កើន​សម្រស់​របស់​ពួក​ គេ។ ប៉ុន្តែ​ចាស់​ទុំ​ខ្លះ​ក៏​បាន​រិះគន់​ចំពោះ​អាកប្បកិរិយា​​ថ្មី​នេះ​របស់​ យុវតី​ខ្មែរ​ ដែល​តាម​ប្រពៃណី​​ជា​នារី​ស្រគត់ស្រគំ​ និង​ចូល​ចិត្ត​សម្ផស្ស​តាម​បែប​ធម្មជាតិ​ជា​ជាង​សម្ផស្ស​សិប្បនិម្មិត​ ដែល​បាន​មក​ពី​ការ​ដាំ​គ្រាប់​ពេជ្រ​ ឬ​ត្បូង​​គ្រីស្តាល់​នៅ​លើ​ធ្មេញ​ ឬ​ក៏​ការ​ពាក់​ខ្សែ​ជើង​ជា​ដើម។

"ត្បូង​ដែល​ខ្ញុំ​ដាក់​ជាប់​នឹង​ធ្មេញ​នេះ​​​អាច​ជួយ​លើក​សម្រស់​ខ្ញុំ​ មួយ​កម្រិត​ទៀត"។ នេះ​ជា​សម្ដី​របស់​កញ្ញា​សួស្ដី​​អាយុ​២០​ឆ្នាំ​ ដែល​ឆ្លើយ​ទៅ​កាន់​បុរស​ម្នាក់​ដែល​សួរ​សំណួរ​ទៅ​កាន់​នាង​ថា​ ហេតុអ្វី​បាន​ជា​នាង​ដាក់​ត្បូង​នៅ​​នឹង​ធ្មេញ​ខាង​ឆ្វេង​របស់​នាង។ សួស្ដី​បាន​និយាយ​បន្ថែម​​ទៅ​កាន់​បុរស​នោះ​ថា​ "ដាក់​ត្បូង​នៅ​នឹង​ធ្មេញ​ធ្វើ​ឲ្យ​ការ​ញញឹម​កាន់​តែ​ស្រស់"។

នារី​ម្នាក់​ទៀត​ឈ្មោះ​ ស៊ីណា​ អាយុ​២១​ឆ្នាំ​ ដែល​ទើប​ដាក់​ត្បូង​នៅ​ជាប់​នឹង​ធ្មេញ​ខាង​ឆ្វេង​មាន​អាកប្បកិរិយា​អឹមអៀន​ ជាង​នាង​​សួស្ដី​បន្តិច។ កញ្ញា​ស៊ីណា​ បាន​និយាយ​ទាំង​អៀន​ប្រៀន​ថា​ នាង​បាន​សម្រេច​ចិត្ត​ដាក់​ត្បូង​នៅ​នឹង​ធ្មេញ​​នេះ​ ដោយ​ធ្វើ​តាម​គេ​តាម​ឯង​ប៉ុណ្ណោះ។ នារី​រូប​​នេះ​មាន​ប្រាក់​ខែ​​តែ​ជិត​១០០​ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​នាង​មិន​រួញរាន​នឹង​ការ​ចំណាយ​ប្រាក់​ជិត​៤០​ដុល្លារ​ ដាក់​ត្បូង​នៅ​នឹង​ធ្មេញ​ដើម្បី​លើក​សម្រស់​របស់​នាង​ឡើយ។

រាល់​ការ​ញឹម​របស់​នាង​ម្ដងៗ​នាង​តែងតែ​បង្ហាញ​តាម​ស្នាម​ញញឹម​​របស់​នាង ​ដ៏​ស្រស់​ស្អាត​ តាមរយៈ​ពន្លឺ​ត្បូង​ចេញ​តាម​ធ្មេញ។ កញ្ញា​បាន​បង្ហើប​ប្រាប់​របៀប​អៀន​បៀន​​បន្តិច​ថា​ "នៅ​​ពេល​ខ្ញុំ​ញញឹម​បុរសៗ​តែងតែ​និយាយ​ថា​ ​ខ្ញុំ​ញញឹម​​ស្រស់​ស្អាត​ណាស់​ជាមួយ​នឹង​ត្បូង​ដ៏​តូច​ត្រឡឹង​នេះ"។ សួស្ដី​និង​ស៊ីណា​ គឺជា​យុវនារី​សម័យ​ថ្មី​ក្នុង​ចំណោម​យុវនារី​មួយ​ចំនួន​ធំ​​ផ្សេង​ទៀត​ដែល​ បាន​ដាក់​ត្បូង​នៅ​នឹង​ធ្មេញ។

ធ្មេញ​ទន្សាយ​ពេញ​និយម​សម្រាប់​មនុស្ស

ការ​ដាក់​ត្បូង​នៅ​នឹង​ធ្មេញ​ គឺ​វា​កំពុង​តែ​ទាន់​សម័យ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​រឹត​តែ​ទាន់​សម័យ​ទៀត​នោះ​ គឺ​ការ​ដាក់​ធ្មេញ​ទន្សាយ។ ធ្មេញ​ទន្សាយ​គឺ​ត្រូវ​បាន​​នារី​ទាន់​សម័យ​ដាក់​នៅ​ផ្នែក​ខាង​លើ​​ និង​ផ្នែក​ខាង​មុខ។ ធ្មេញ​ទាំងពីរ​នេះ​មាន​សភាព​វែង​ជាង​ធ្មេញ​ដទៃ​ទៀត​បន្តិច​ពោល​គឺ​មាន​លំនាំ ​ដូច​ធ្មេញ​ទន្សាយ​មែនទែន។ បច្ចុប្បន្ន​នេះ​បើ​គេ​ចូល​តាម​ហាង​ស្រស់​ស្រូប​អាហារ​នានា ​ឬ​ចូល​តាម​ហាង​សប្បាយ​នានា​គេ​តែងតែ​ឃើញ​នារី​វ័យ​ជំទង់​​បម្រើ​ភ្ញៀវ​ជា​ ច្រើន​នាក់​បាន​ដាក់​​ធ្មេញ​ទន្សាយ​ ឬ​ដាក់​​​ត្បូង​នៅ​នឹង​ធ្មេញ។

ស្ថិត​​ក្នុង​វ័យ​១៩​ឆ្នាំ​សក់​ពណ៌​ក្រហម​ ស្រីពិច​បាន​និយាយ​ថា​ ការ​ដាក់​ធ្មេញ​ទន្សាយ​​គឺ​ជា​ការ​លើក​សម្រស់​មួយ​កម្រិត​ទៀត។ នាង​បាន​ពោល​ពាក្យ​ថា​ "ចាប់​តាំង​​ពី​ខ្ញុំ​ដាក់​ធ្មេញ​ទន្សាយ​មក​ខ្ញុំ​មាន​​អារម្មណ៍​ថា​ ខ្លួន​ខ្ញុំ​ស្អាត​ប្លែក​ជាង​មុន​ និង​មាន​​ភាព​ទាក់ទាញ​ជាង​មុន"។

ស្រីពិច​បាន​សារភាព​ថា​ ការ​ដាក់​ធ្មេញ​ទន្សាយ​មុន​ដំបូង ​គឺ​ធ្វើ​ឲ្យ​​នាង​ពិបាក​ហូប​អាហារ​បន្តិច​មែន​ ប៉ុន្តែ​​ក្រោយ​មក​អ្វីៗ​ក៏​វិល​មក​ធម្មតា​វិញ។ នារី​ដទៃ​ខ្លះ​ទៀត​មិនមែន​ធ្វើ​តែ​ធ្មេញ​ទន្សាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជួន​កាល​គេ​ធ្វើ​ធ្មេញ​ចង្កូម​បន្ថែម​ទៀត។

កញ្ញា​ ចាន់​ ឡេឌី​ អាយុ​២០​ឆ្នាំ​​ហាក់​បី​ដូច​ជា​ដើរ​មិន​ទាន់​សម័យ​ដូច​យុវនារី​មួយ​ចំនួន​​ នោះ​ទេ។ នាង​មិន​ដាក់​ត្បូង​នៅ​នឹង​ធ្មេញ​ ឬ​ដាក់​ធ្មេញ​​ទន្សាយ​​នោះ​​ទេ​ ប៉ុន្តែ​នាង​ពាក់​ខ្សែ​ប្លាទីន​នៅ​នឹង​ជើង​ខាង​ឆ្វេង​និង​មាន​ខ្សែ​ចង្កេះ​ ធ្វើ​ពី​ប្លាទីន​មួយ​ឈុត​ទៀត។​ កញ្ញា​ឡេឌី​រាង​តូច​ច្រឡឹង​ សាច់ស​ សម្ដី​ម៉ាត់ៗ​មិន​ចេះ​អៀន​ បាន​និយាយ​ប្រាប់​ថា​ "ពេល​ខ្ញុំ​ពាក់​ខ្សែ​​ចង្កេះ​ប្រុសៗ​តែង​តែ​និយាយ​ថា​ ខ្ញុំ​រាង​ស្អាត។​ ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅ​ពេល​ដែល​ឮ​ពាក្យ​សរសើរ​បែប​នេះ។ លើស​ពី​នេះ​ទៅទៀត​បុរស​តែងតែ​តាម​មើល​ខ្សែ​ជើង​របស់​ខ្ញុំ​ដែរ"។

ចាស់ៗ​​មួយ​ចំនួន​មិន​អនុញ្ញាត​ឲ្យ​កូន​ចៅ​ពាក់​ខ្សែ​ជើង​នោះ​ទេ​ ប៉ុន្តែ​ឪពុកម្ដាយ​ ឡេឌី​ មិន​ជំទាស់​នោះ​ទេ។ នាង​​និយាយ​ថា​ "ឪពុកម្ដាយ​ខ្ញុំ​មិន​ដែល​ស្ដី​បន្ទោស​​ឲ្យ​​​ខ្ញុំ​ទេ"។

អ្នកស្រី​ចរិយា​ បុគ្គលិក​គ្លីនិក​សុខជា​ នៅ​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា​ ការ​ដាក់​ធ្មេញ​ទន្សាយ​នៅ​ពេល​បច្ចុប្បន្ន​​មាន​ការ​ពេញ​​និយម​យ៉ាង​ខ្លាំង។ ក្នុង​មួយ​ខែៗ​គ្លីនិក​សុខជា​អាច​ទទួល​ភ្ញៀវ​​ធ្វើ​ម៉ូត​ធ្មេញ​ប្រមាណ​ជា​៦​ នាក់។ ធ្មេញ​​ទន្សាយ​​អាច​មាន​តម្លៃ​ក្នុង​ចន្លោះ​​ពី​៣០​ទៅ​៥០​ដុល្លារ។ ត្បូង​ដាក់​លើ​ធ្មេញ​អាច​មាន​តម្លៃ​ក្នុង​រង្វង់​២៥​ដុល្លារ។ ចរិយា​និយាយ​ថា​ "មុខ​អ្នក​ខ្លះ​ដាក់​ធ្មេញ​ទន្សាយ​ទៅ​រឹត​តែ​ស្អាត​ ប៉ុន្តែ​មុខ​អ្នក​ខ្លះ​ទៀត​ដាក់​ទៅ​មិន​ស៊ី​នឹង​មុខ​ណាស់​ណា​ទេ"។

កាល​ពី​ជាង​១០​ឆ្នាំ​មុន​ យុវនារី​ជា​ច្រើន​បាន​ពពាក់ពពូន​នាំ​គ្នា​ធ្វើ​ខ្សែ​​ប្លាទីន​ពាក់​នៅ​នឹង​ ជើង​ ឬ​នៅ​នឹង​ចង្កេះ។ ក្រោយ​មក​ពួក​គេ​បាន​នាំ​គ្នា​​ដាក់​ត្បូង​នៅ​​នឹង​ធ្មេញ​ ហើយ​និន្នាការ​ចុងក្រោយ​បង្អស់​របស់​ស្ត្រី​​សម័យ​​ថ្មី​ឆ្នាំ​២០០៩​មួយ​ ចំនួន​ គឺ​ជា​ការ​ធ្វើ​ធ្មេញ​ទន្សាយ។

សម្រស់​ធម្មជាតិ​ល្អ​ជាង​

បើ​ទោះ​បី​ជា​នារី​ទាន់​សម័យ​មួយ​ចំនួន​ខិតខំ​កែច្នៃ​​សម្ផស្ស​ធម្មជាតិ​ យ៉ាង​ណា​ក៏​ដោយ​ ក៏​នារី​មួយ​ចំនួន​ទៀត​​នៅ​តែ​ចង់​រក្សា​សម្រស់​ធម្មជាតិ​ដដែល។

កញ្ញា​ ភ័ក្រ​ អាយុ​ប្រមាណ​ជា​ជាង​២០​ឆ្នាំ​ ចរិត​ស្រគត់ស្រគំ​បាន​និយាយ​ថា​ នាង​មិន​ស្អប់​នឹង​ទង្វើ​ដាក់​ត្បូង​​នៅ​នឹង​ធ្មេញ​ ឬ​ដាក់​ធ្មេញ​ទន្សាយ​នោះ​ទេ ប៉ុន្តែ​​នាង​មិន​ចូល​ចិត្ត​​ការ​តុបតែង​ខ្លួន​របៀប​នេះ។ នាង​​និយាយ​ថា​ "ខ្ញុំ​ជា​ស្ត្រី​សាមញ្ញ​ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​ដាក់​ទេ។ ស្ត្រី​ទាន់​សម័យ​ទើប​គេ​ដាក់"។

កញ្ញា​ម្នាក់​ទៀត​ ឈ្មោះ​ចរិយា​ ក៏​មិន​ស្រើបស្រាល​នឹង​ការ​កែច្នៃ​​ធ្មេញ​នឹង​​គេ​ទេ។ នាង​​ជា​ស្រី​ស៊ីវិល័យ​​មែន​ ប៉ុន្តែ​នាង​ស្រលាញ់​ធម្មជាតិ​ជាង។ នាង​និយាយ​ថា​ "ខ្ញុំ​ស្រឡាញ់​សម្រស់​ធម្មជាតិ​របស់​ខ្ញុំ​ជាង​ការ​កែ​ច្នៃ"។

ការ​តុបតែង​ខ្លួន​បែប​ទំនើប​ទទួល​ការ​រិះគន់

មនុស្ស​វ័យ​ចំណាស់ៗ​​មួយ​ចំនួន​ដែល​មាន​គំនិត​បុរាណ​បាន​រិះគន់​យ៉ាង​ ខ្លាំងក្លា​​របៀប​តែង​ខ្លួន​​របស់​យុវនារី​​សម័យ​ថ្មី។ លោក​ មៀច​ ប៉ុន​ អាយុ​៧៨​ឆ្នាំ​ ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​​ពុទ្ធសាសនបណ្ឌិត្យ​បាន​និយាយ​ថា​ "ក្មេងៗ​ឥឡូវ​​ដើរ​​ហួស​សម័យ​ទៅ​ទៀត​ មិនមែន​ត្រឹម​តែ​​ទាន់​សម័យ​នោះ​ទេ។ កូន​ខ្ញុំ​​បាន​ដាក់​​ធ្មេញ​ទន្សាយ​ដែរ​ តែ​ខ្ញុំ​ដេញ​ឲ្យ​ទៅ​ដោះ​ចេញ​វិញ​ជា​បន្ទាន់"។ លោក​ប៉ុន​ បាន​បន្ត​ទៀត​ថា​ "ធម្មជាតិ​​ផ្ដល់​ឲ្យ​យ៉ាង​ម៉េច​គួរ​ទទួល​យក​ទៅ​ កុំ​ថែម​កុំ​ថយ​ធ្វើ​អ្វី"។

លោក​ មៀច​ ប៉ុន​ ជា​អ្នក​អភិរក្ស​និយម​មែន​ ប៉ុន្តែ​​លោក​បាន​រំលឹក​ថា​ កាល​ពី​សង្គម​ចាស់​ ក៏​មាន​បុរស​មួយ​ចំនួន​បាន​កែច្នៃ​​សម្រស់​នៅ​នឹង​ធ្មេញ​ដែរ។ កាល​នោះ​មាន​បុរស​​មួយ​ចំនួន​បាន​បញ្ចុះ​សារិកា​នៅ​នឹង​ធ្មេញ​ ឬ​ដាក់​ធ្មេញ​មាស​ដើម្បី​​ទាក់ទាញ​ស្នេហា​ពី​ស្រីៗ​ដែរ​តែ​ឥឡូវ​​វា​បាន​ បាត់បង់​​ទៅ​វិញ​ហើយ។

ចាស់ៗ​មួយ​ចំនួន​បាន​រិះគន់​ថា​ ការ​តុបតែង​​ខ្លួន​ជ្រុល​ពេក​​អាច​ធ្វើ​​ឲ្យ​នារី​បាត់បង់​​សម្រស់​ពិត។ សម្រស់​ធម្មជាតិ​​ក៏​ជា​ផ្នែក​​មួយ​នៃ​សម្ផស្ស​នោះ​ដែរ។

សម្រាប់​បុរស​មួយ​ចំនួន​សម្រស់​របស់​ស្ត្រី​មិនមែន​ស្ថិត​នៅ​លើ​តែ​រាង​ កាយ​ខាង​ក្រៅ​នោះ​ទេ​ តាម​ពិត​សម្រស់​​ស្ត្រី​អាច​ស្ដែង​ចេញ​តាមរយៈ​ភាព​វៃឆ្លាត​តាមរយៈ​ទេពកោសល្យ ​ តាមរយៈ​ភាព​អៀនប្រៀន​ តាមរយៈ​ភាព​​ម៉ឺងម៉ាត់។ ទាំង​អស់​នេះ​ជា​សម្រស់​អរូប​ ប៉ុន្តែ​​វា​មាន​ន័យ​សម្រាប់​បុរសៗ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

No comments:

Post a Comment

Search

Shared News