Wednesday, August 26, 2009

ជប៉ុន​ជួយ​ជាង​១០​លាន​ដុល្លារ ​បង្កើត​មជ្ឈមណ្ឌល​​ភ្ញាស់​កូន​ត្រី​ទឹក​ប្រៃ

ប្រទេស​ជប៉ុន​ បាន​ផ្ដល់​ជំនួយ​ជាង​១០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដល់​ប្រទេស​កម្ពុជា​​ ដើម្បី​ដំណើរការ​មជ្ឈមណ្ឌល​មួយ​សម្រាប់​ភ្ញាស់​ពូជ​ត្រី​ទឹក​សមុទ្រ​ ដែល​ពុំ​ធ្លាប់​​មាន​នៅ​កម្ពុជា​ ស្ថិត​នៅ​តំបន់​ទំនប់​រលក​ខេត្ត​ព្រះសីហនុ។ នេះ​បើ​យោង​តាម​លោក​ សំ នៅ​ អនុប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ។

មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​ទឹក​សមុទ្រ​មួយ​នេះ​គ្រោង​លេច​ឡើង​ជា​រូបរាង​ ដោយ​កំណត់​ឈ្មោះ​ថា "មជ្ឈមណ្ឌល​សិក្សា​ការ​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹក​សមុទ្រ"​ ជា​ទី​ដែល​ភ្ញាស់​ពូជ​ត្រី​របស់​រដ្ឋ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ ប្រជានេសាទ​នៅ​កម្ពុជា​ ដោយ​ពុំ​ចាំបាច់​ស្វែង​រក​ទិញ​ពី​បរទេស។

លោក​ សំ​ នៅ​ អនុប្រធាន​រដ្ឋបាល​ជលផល​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​អង្គ​សិក្ខាសាលា​ថ្នាក់​​ជាតិ​មួយ​ ស្ដី​ពី​សន្តិសុខ​ស្បៀង​របស់​ប្រជានេសាទ​កម្ពុជា​ និង​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០០៩។ លោក​មាន​ប្រសាសន៍​ថា​ "ប្រទេស​ជប៉ុន​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​៩៣១​លាន​យ៉េន​ ប្រមាណ​១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​ទឹក​សមុទ្រ"។

លោក​បន្ត​ថា​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​សាងសង់​មជ្ឈមណ្ឌល​នេះគឺ​ចំណាយ​អស់​ជារយៈពេល​៣​ ឆ្នាំ​មក​ហើយ​ គម្រោង​នេះ​មាន​ដី​មាន​លុយ​អស់​ហើយ​ នៅ​តែ​ដំណើរ​ការ​សាងសង់​ប៉ុណ្ណោះ"។

គួរ​បញ្ជាក់​ថា​ បើ​តាម​ការ​បញ្ជាក់​ថា​ លោក​ សំ​ នៅ​ ប្រទេស​​កម្ពុជា​ពុំ​ទាន់​មាន​ទី​តាំង​ភ្ញាស់​ពូជ​ត្រី​ទឹក​សមុទ្រ​ជា​របស់​ រដ្ឋ​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​មាន​ការ​លំបាក​ពី​បច្ចេកទេស។ លោក​បន្ត​ថា "អ៊‌ីចឹង​ហើយ​​បាន​ជា​​រដ្ឋាភិបាល​ តាម​រយៈ​រដ្ឋបាល​ជលផល​នេះ​បាន​ខិតខំ​សហការ​ជាមួយ​ប្រទេស​ផ្ដល់​ជំនួយ​គឺ​ ជប៉ុន​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង"។

មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​មន្ត្រី​ និង​អ្នក​ជំនាញ​រំពឹង​ទុក​ថា​ នឹង​ធានា​ក្នុង​ការ​​បង្កាត់​ពូជ​​ត្រី​ទឹក​សមុទ្រ​ ដើម្បី​បំពេញ​តម្រូវ​ការ​​ប្រជានេសាទ​ ដូចជា​ បង្កាត់​ពូជ​ត្រី​តុកែ​ និង​បង្គា​ជា​ដើម។

លោក​ សំ​ នៅ​ បាន​បញ្ជាក់​ទៀត​ថា​ "ជា​ឱកាស​ឲ្យ​ប្រជានេសាទ​ទិញ​ពូជ​បង្កាត់​​នៅ​ប្រទេស​ខ្លួន​ ពុំ​ចាំបាច់​ទៅ​ទិញ​នៅ​ប្រទេស​ជិត​ខាង​ប្រទេស​ថៃ​នោះ​ទេ​ ព្រោះ​ការ​ធ្វើ​ដូចនេះ​ ត្រី​ឆាប់ងាប់​ និង​ខាត​ប្រាក់​រកស៊ី"។

គួរ​ជម្រាប​ថា​ ប្រទេស​កម្ពុជា​មាន​ទី​តាំង​ពូជ​ត្រី​ទឹកសាប​ចំនួន​៦​កន្លែង​ជា​របស់​រដ្ឋ និង​​១៥០ទៀត​ជា​របស់​ឯកជន​ ដោយ​ឡែក​សម្រាប់​ត្រី​ទឹក​សមុទ្រ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ។

បើ​​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​​ ពលរដ្ឋ​ម្នាក់​ត្រូវ​ការ​សារ​ជាតិ​ត្រី​ ប្រមាណ​ជា​ ៥២,៤ គីឡូក្រាម​ ក្នុង​មួយ​ឆ្នាំ។ ដូចនេះ​ដើម្បី​បំពេញ​តម្រូវការ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​ចិញ្ចឹម​ ពូជ​ត្រី​នេះ​ឡើង​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក។

ប្រជានេសាទ​បាន​សម្ដែង​ការ​អបអរសាទរ​ នៅ​ពេល​ដែល​មាន​ទី​តាំង​ភ្ញាស់​ពូជ​ត្រី​ទឹក​សមុទ្រ​ទ្រង់ទ្រាយ​ធំ​នេះ​ឡើង ព្រោះ​ធ្លាប់​តែ​ភ្ញាស់​ពូជ​ត្រី​ទឹកសាប។ ដើម្បី​ជា​ឱកាស​មួយ​ងាយស្រួល​ក្នុង​ការ​ទិញ​ ព្រោះ​កន្លង​ទៅ​ទិញ​នៅ​ប្រទេស​ថៃ​ ធ្វើ​ឲ្យ​គុណភាព​ពូជ​ត្រី​ទឹក​សមុទ្រ​ ត្រី​ឆាប់​ងាប់​ និង​ចំណាយ​ប្រាក់​ជា​ច្រើន៕

No comments:

Post a Comment

Search

Shared News