ដោយ អ៊ុក សាវបូរី 2009-11-16
អ្នកជំនួញស្រូវក្នុងប្រទេសកម្ពុជាបានត្អូញត្អែរថា នៅដើមរដូវកំពុងប្រមូលផលនេះ ទិន្នផលស្រូវឆ្នាំនេះមិនសូវសំបូរដូចឆ្នាំមុនដែលធ្វើឲ្យតម្លៃ ស្រូវថ្លៃជាងមុនបន្តិច។
ការត្អូញត្អែរនេះបានធ្វើឡើងនៅគ្រាដែលប្រទេសកម្ពុជា បានរងគ្រោះធម្មជាតិរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះក្នុងអំឡុងពេលកសិករកំពុងដាំស្រូវវស្សាទូទាំង ប្រទេសកម្ពុជា។
ឈ្មួញទិញស្រូវនៅខេត្តពោធិ៍សាត់ អ្នកស្រី សែម អៀត បានឲ្យដឹងថា ទិន្នផលស្រូវថយច្រើន។ អ្នកស្រីថា ដោយសារតែផលស្រូវវស្សាមានតិចហើយតម្រូវការទិញរបស់ឈ្មួញថៃនិង វៀតណាមច្រើននោះ តម្លៃស្រូវបានឡើងថ្លៃជាងឆ្នាំមុនបន្តិច ពី១.០០០ ទៅ១.២០០រៀលក្នុងមួយគីឡូក្រាម។ អ្នកស្រីថា តម្លៃនេះជាប្រភេទស្រូវលេខ១ មានស្រូវសុមាលី ផ្ការំដួល និងស្រូវផ្កាម្លិះ។
អ្នកស្រី សែម អៀត បានឲ្យដឹងដូច្នេះ ៖ «ស្រូវហ្នឹងគេក៏រក យើងក៏រក ពេលខ្លះយើងទៅទិញអត់បាន ស្រូវវាឡើង(ថ្លៃ)»។
ឈ្មួញទិញលក់ស្រូវខេត្តបន្ទាយមានជ័យ អ្នកស្រី ដា សុមាលី បានអះអាងថា ផលស្រូវឆ្នាំនេះបានថយច្រើននៅតំបន់ផលិតដំណាំស្រូវច្រើនជាងគេ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ធំ។ អ្នកស្រីថា ទោះបីជាជម្លោះនយោបាយការទូតរវាងប្រទេសកម្ពុជានិងថៃ កំពុងកើតមានក៏ដោយ ជំនួញស្រូវមិនទាន់ប៉ះពាល់ឡើយ ដោយសារតែឈ្មួញថៃនៅបន្តទទួលទិញយកស្រូវពីប្រទេសកម្ពុជា។ គាត់បានទិញស្រូវច្រូតហើយភ្លាមៗ ឬហៅថា ស្រូវសើមប្រភេទលេខ១ មានពូជផ្កាម្លិះ សុមាលី និងផ្ការំដួល ១គីឡូក្រាមតម្លៃពី៨ទៅ៩បាត។
អ្នកស្រី ដា សុមាលី មានប្រសាសន៍ដូច្នេះ ៖ «វាអត់ទៀង ជួនកាលខ្ញុំនិយាយតម្លៃក្នុងថ្ងៃនេះ ដល់ស្អែកឡើងចុះវិញ ឬក៏ឡើងទៅទៀត ហ្នឹងវាអត់ទៀងទេ។ ជួនណាកន្លែងណាដែលគេចេញបានស្រួល គេមកដេញថ្លៃយើង យើងក៏តាមគេ បើមិនតាមគេយើងទិញមិនបានទេ»។
ចំណែកឈ្មួញទិញស្រូវនៅខេត្តកំពង់ធំ អ្នកស្រី និន មុំ បានឲ្យដឹងថា ៖ «ខាង កំពង់ធំដូចជារាងស្បើយជាងឆ្នាំទៅ ឆ្នាំនេះវាលិចទឹក។ ស្រូវផ្កាម្លិះ ផ្ការំដួលទិញមួយគីឡូក្រាម១.២០០រៀល សុមាលី ១.២០០រៀល ស្រូវចម្រុះធម្មតាមួយគីឡូក្រាម៩៥០រៀល។ ខេត្តព្រះវិហារគេដឹកចេញមកលក់នៅខេត្តកំពង់ធំដែរ យើងនៅចាំទិញនៅកំពង់ធំ ចាំអ្នកព្រះវិហារដឹកមក»។
នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកបណ្ឌិត យ៉ង សាំងកុមារ អះអាងថា តាមការស្រាវជា្រវ ទិន្នផលស្រូវឆ្នាំនេះអាចប្រហាក់ប្រហែលនឹងឆ្នាំមុន គឺប្រមាន៧លានតោន ដោយសារភ្លៀងធ្លាក់ដើមដៃល្អធ្វើឲ្យកសិករពង្រីកផ្ទៃដីដាំស្រូវ ដើមដៃច្រើនហិកតារជារៀងរាល់ឆ្នាំ បើទោះបីជាក្នុងរដូវវស្សាមានរាំងស្ងួតនិងជំនន់ ដោយសារព្យុះកេតសាណាក៏ដោយ។
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ៖ «សម្រាប់ផលស្រូវរដូវ វស្សាមានពីរ មានដើមដៃ គឺប្រមូលផលខ្ទង់ខែ៥ ខែ៦-៧ហ្នឹង ហ្នឹងវាច្រើនជាងរាល់ឆ្នាំ ហើយបើស្រូវជារដូវវស្សា ផលវាអាចប្រហាក់ប្រហែលឆ្នាំទៅ ឬតិចជាងឆ្នាំទៅបន្តិចបន្តួច ប៉ុន្តែយើងបូកជារួម ផលស្រូវរដូវវស្សាសរុបទាំងដើមរដូវនិងក្នុងរដូវ ខ្ញុំគិតថា វាអាចប្រហាក់ប្រហែលឆ្នាំទៅ»។
លោកបណ្ឌិតបានឲ្យដឹងទៀតថា ដីសម្រាប់ដាំស្រូវវស្សាក្នុងប្រទេសកម្ពុជា តាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រមាណពី ២,៣លានហិកតារ ទៅ ២,៥លានហិកតារ៕
No comments:
Post a Comment