Tuesday, November 17, 2009

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

ដោយ សុខ សេរី 2009-11-17


ពលរដ្ឋ​ខែ្មរ​ក្រោម​នៅ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង នៃ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​នគរបាល​វៀតណាម​និង​ក្រុម​ជើងកាង​ជា​ច្រើន​នាក់​ បាន​មក​ហាម​ឃាត់​ពួកគាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ដូន​តា កាល​ពី​ថ្ងៃ​១៦ វិច្ឆិកា។

ក្រុម​គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក នៃ​ប្រទេស​វៀតណាម បាន​អះអាង​ថា ក្រុម​នគរបាល​វៀតណាម​ជាង​៣០​នាក់​និង​ក្រុម​ជើងកាង​ជា​ច្រើន​នាក់​ទៀត បាន​មក​ហាម​ឃាត់​និង​គំរាម​ពួកគាត់​មិន​ឲ្យ​ធ្វើ​ស្រែ​នៅ​លើ​ដី​ស្រែ​ដូនតា​ របស់​ពួកគាត់​ទេ នៅ​គ្រា​ដែល​គ្រួសារ​ទាំង​នោះ​បាន​ចុះ​ទៅ​សាប​ព្រោះ​ស្រូវ​នៅ​ថៃ្ង​១៦ វិច្ឆិកា។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ភូមិ​ពោធី ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា កសិករ​ចំនួន​១០​គ្រួសារ​បាន​ចុះ​មក​សាប​ព្រោះ​ស្រូវ ប៉ុន្តែ​រង​ការ​រារាំង ៖ «ខ្ញុំ​មក​តាំង​ពី​ម៉ោង​៦ ពួក​នគរបាល​គេ​ចុះ​មក​ប្រហែល​ជា​៣០​នាក់ ប៉ុន្តែ​គេ​មិន​ធ្វើ​អី​ទេ គ្រាន់​តែ​មក​មើល គាត់​ទើប​ចេញ​ទៅ​ម៉ោង​១២។ ឥឡូវ​ហ្នឹង​ស្រាប់​តែ​ជើង​កាង​មក​៧-​៨​នាក់​មក​រក​រឿង កាន់​ដំបង​កាន់​អី​មក ពួកខ្ញុំ​ក៏​ប្រុង​ដែរ បើ​អ្នក​ឯង​វ៉ៃ​ខ្ញុំ ខ្ញុំ​ត្រូវ​វ៉ៃ​វិញ ប្ដូរ​ស្លាប់​រស់​នៅ​ក្នុង​ស្រែ​ហើយ»

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​ដែល​រង​ការ​រារាំង​មិន​ឲ្យ​សាប​ព្រោះ​ស្រូវ​នៅ​លើ​ដី​ស្រែ​ពី​ដូន​តា​នោះ បាន​ថែ្លង​ថា ៖ «វា ​មក​វ៉ៃ​កន​ខ្ញុំ វ៉ៃ​ឈ្មោះ អៀវ វ៉ៃ​គាត់​ម្នាក់ ឥឡូវ​គេ​កំពុង​តែ​មក...។ សំណូម​ពរ​ឲ្យ​ជួយ​ខ្ញុំ​ផង ឲ្យ​បាន​ដី​ធ្វើ​ស្រែ​ដូច​គេ​វៀតណាម​ទៅ ពួកខ្ញុំ​ពិបាក​វេទនា​ណាស់។ អត់​យក​ទេ ដី​ខ្ញុំ​សន្ធឹក​ហើយ​ឲ្យ​ផ្ទះ​ខ្ញុំ​មួយ​ខ្នង​ខ្ញុំ​មិន​ព្រម​ទេ»

មិន​អាច​ទាក់ទង​លោក ទ្រីញ បាកឹម ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ​ទេ ដើម្បី​សុំ​ការ​បញ្ជាក់​រឿង​នេះ ដោយ​មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​ថា លោក​កំពុង​តែ​ជាប់​រវល់។
គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​មិន​ព្រម​ទទួល​យក​នូវ​ដំណោះ​ស្រាយ​ដែល​អាជ្ញាធរ​វៀតណាម​សាង​សង់​ ផ្ទះ​ទទឹង​៤​ម៉ែត្រ​និង​បណ្តោយ​៨​ម៉ែត្រ​ជា​ថ្នូរ​នោះ​ទេ គឺ​ពួកគាត់​ចង់​បាន​ដី​ស្រែ​ដែល​រឹប​អូស​នោះ​មក​វិញ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «សូម ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​សង​ដី​របស់​ប្រជារាស្រ្ដ​មក​វិញ កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង គឺ​សូម​ឲ្យ​មាន​ការ​អន្តរាគមន៍​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផង»

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​៣០០​គ្រួសារ នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ បាន​បាត់បង់​ដី​ស្រែ​ដោយ​ការ​រឹប​អូស​យក​តាំង​ពី​ឆ្នាំ​១៩៧៩​មក នៅ​គ្រា​ដែល​ពួកគាត់​បាន​រត់​គេច​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ ខ្មែរ​ក្រហម និង​កងទ័ព​វៀតណាម​នៅ​ពេល​នោះ៕

No comments:

Post a Comment

Search

Shared News