Agriculture Cambodia: We love to share this Weblog (Blog) to agriculture lovers. We also love to search & share knowledge and information on this sector. Your comment and sharing of knowledge, and feedback are most welcomed.
Saturday, November 7, 2009
ស្ថានភាពពលករខ្មែរដែលទៅបម្រើការងារនៅប្រទេសថៃ
ដោយ អយុធ្យា 2009-11-06
ពលករខ្មែរដែលបានចេញទៅបម្រើការនៅប្រទេសថៃ បានសម្តែងការភ័យព្រួយ ខណៈរាជរដ្ឋាភិបាលកម្ពុជានិងថៃ បានសម្រេចដកឯកអគ្គរាជទូតរៀងៗខ្លួនឲ្យត្រឡប់ទៅប្រទេសវិញ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់នៅតែបន្តធ្វើការជាធម្មតាដោយមិនមានអ្វីប្រែប្រួលទេ។
លោក សាន រតនា ជាពលករខ្មែរមានស្រុកកំណើតនៅខេត្តសៀមរាប ដែលបានទៅបម្រើការនៅក្រុមហ៊ុន ភី.អេស ហ្វូដ ចំកាត់ (P.S. Food Limited) ប្រទេសថៃ រយៈពេលជាងពីរឆ្នាំមកហើយនោះ បានអះអាងប្រាប់វិទ្យុអាស៊ីសេរី ឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា នេះថា ពលករខ្មែររាប់ពាន់នាក់ដែលចេញទៅធ្វើការឲ្យក្រុមហ៊ុនផលិតចំណី អាហារនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃទាំងអស់ គឺមានការភិតភ័យជាខ្លាំង បន្ទាប់ពីព័ត៌មានដែលពួកគេទទួលបានទាក់ទងទៅនឹងការដែលកម្ពុជា-ថៃ បានដកឯកអគ្គរាជទូតចេញពីប្រទេសកម្ពុជា។
ថ្វីបើដូច្នេះក្ដី លោកបញ្ជាក់ថា ស្ថានការណ៍រស់នៅរបស់ពលករខ្មែរទាំងអស់ដែលបម្រើការនៅប្រទេសថៃ គឺមិនមានបញ្ហាអ្វីកើតឡើងនោះទេខណៈនេះ។
លោក សាន រតនា ឲ្យដឹងដូច្នេះ ៖ «អត់មានអីទេ ចាំមើលចេញបញ្ជាតែពីថៅកែ បើសិនជាថាម៉េច គេបញ្ជូនដូចកាលដុតស្ថានទូតអ៊ីចឹង»។
អ្នកស្រី ប្រាក់ សុខខេង មានទីលំនៅខេត្តបាត់ដំបង ដែលបានទៅធ្វើការនៅប្រទេសថៃនេះដែរ បញ្ជាក់ឲ្យដឹងដូច្នេះ ៖ «បើទៅអត់មានអីហូប ចេះតែនៅៗសិនទៅ មើលគេមើលឯង។ មិនដឹងម៉េចទេ កូនចៅនៅខ្មែរផងអីផង»។
ដោយឡែកពលករខ្មែរឈ្មោះ សុខ សុភ័ក្រ្ដ បានរៀបរាប់ឲ្យដឹងពីស្ថានភាពរស់នៅរបស់ពលករខ្មែរនៅប្រទេសថៃទាំង អស់ គឺមានការភ័យខ្លាច ប៉ុន្តែការរស់នៅពេលបច្ចុប្បន្ននេះ មិនមានបញ្ហាអ្វីកើតឡើងនោះទេ។
លោក សុខ សុភ័ក្រ្ដ មានប្រសាសន៍ដូច្នេះ ៖ «ភ័យចេះតែភ័យហើយ តែយើងអត់ ខ្វះខាតចេះតែនៅៗហើយ ចាំមើលគេមើលឯង»។
ពលករខ្មែរម្នាក់ទៀតដែលបានទៅបម្រើការនៅក្រុមហ៊ុននៅប្រទេសថៃ ជាង៨ឆ្នាំមកហើយនោះ មានប្រសាសន៍ដោយស្នើសុំមិនឲ្យបញ្ចេញឈ្មោះថា ការរស់នៅរបស់ប្រជាពលករខ្មែរ ដែលបម្រើការនៅប្រទេសថៃទាំងអស់ពេលបច្ចុប្បន្ននេះ គឺស្ថានការណ៍រស់នៅស្ថិតនៅធម្មតាទេ ប៉ុន្តែស្ថិតក្នុងការព្រួយបារម្ភនិងភ័យខ្លាច ៖ «ធម្មតា វាមិនមានអីកើតឡើងភ្ញាក់ផ្អើលទេ បារម្ភចេះតែបារម្ភហើយ រឿងធ្វើការចេះតែធ្វើបណ្ដើរៗហើយ រឿងមានបញ្ហាគេប្រាប់ទៅ...»។
យោងតាមប្រសាសន៍របស់លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅនេះ បានឲ្យដឹងថា ការសម្រេចដកឯកអគ្គរាជទូតខ្មែរចេញពីប្រទេសថៃ គឺដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលថៃ ដែលបានកោះហៅលោក ប្រាសាស ប្រាសាវិនិឆៃ (Prasas Prasavinitchai) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឲ្យប្រឡប់ចូលទៅទីក្រុងបាងកកវិញ។
លោកបានបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលថៃ សម្រេចបញ្ជូនឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់មកបំពេញបេសកម្មការទូត នៅកម្ពុជាវិញនោះ រាជរដ្ឋាភិបាលកម្ពុជាក៏នឹងបញ្ជូនឯកអគ្គរាជទូតកម្ពុជា ទៅបន្តបេសកម្មការទូតនៅប្រទេសថៃវិញដែរ។
លោក សុខ អាន បានឲ្យដឹងថា ការសម្រេចចិត្តធ្វើបដិការដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ដែលពុំធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយការធ្វើទំនាក់ទំនងគ្នាទៅមកឆ្លងដែនរវាងប្រជាជនទាំងពីរនឹង នៅតែប្រព្រឹត្តទៅដូចធម្មតា៕
Labels:
នយោបាយ,
សេដ្ឋកិច្ចនិងពាណិជ្ចកម្ម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment