ព័ត៌មានរបស់ វិទ្យុអាស៊ីសេរី ចុះផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយ កែវពេជ្រ មេត្តា។
អ្នក ជំនាញផ្នែកកសិកម្មបានឲ្យដឹងនៅពេលថ្មីៗនេះថា ការប្រើប្រាស់ជីគីមី ឬការបាញ់ថ្នាំកសិកម្មសម្លាប់សត្វល្អិតទៅលើដំណាំកសិកម្មនៅ កម្ពុជា សព្វថ្ងៃនេះ គេឃើញនៅតែជាបញ្ហាប្រឈមមុខនិងមានគ្រោះថ្នាក់ដល់សុខភាពនៅឡើយ ជាពិសេសគឺនៅតាមខេត្តមួយចំនួនដែលជាប់ព្រំប្រទល់ខ្មែរវៀតណាមដូច ជាខេត្តកណ្ដាលជាដើម។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ហ៊ាន វណ្ណហន បានមានប្រសាសន៍ថា ការប្រើប្រាស់ជីគីមីរបស់កសិករបានថយចុះខ្លះដែរ ហើយសព្វថ្ងៃនះ ប៉ុន្តែប្រការដែលគួរឲ្យព្រួយបារម្ភនោះគឺនៅតាមតំបន់ព្រំដែន ខ្មែរវៀតណាម ពីព្រោះនៅទីនោះកសិករបាននាំគ្នាប្រើប្រាស់ជីគីមីមានចំនួនកើន ឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំនេះ ជាពិសេសអ្នកដែលធ្វើស្រែប្រាំងពង្រោះ។
លោកបានបន្តថា ការដែលកសិករនាំគ្នានិយមធ្វើស្រូវប្រាំងដោយព្រោះ ហើយដាក់ជីគីមីច្រើននោះពីព្រោះគេបានឃើញប្រទេសជិតខាងធ្វើបាន ទទួលលទ្ធផលច្រើនជាងកាលដែលគេធ្លាប់ស្ទូងស្រូវ។
លោកបណ្ឌិត ហ៊ាន វណ្ណហន មានប្រសាសន៍ដូច្នេះថា ៖ «ការដែលធ្វើដោយ ព្រោះយកនេះ គឺវាទាមទារការរៀបចំដីហ្នឹងហ្មត់ចត់ណាស់ តែមិនហ្មត់ល្អ គឺប្រភពស្មៅវាអាចនៅសល់ច្រើន អ៊ីចឹងគឺត្រូវការបំប៉នជីបន្ថែម អ៊ីចឹងជំរុញទៅដល់ការប្រើប្រាស់ជីច្រើន ប្រជាកសិករដែលរស់នៅតាមតំបន់ជិតព្រំដែនហ្នឹង គឺវាមានការឆ្លងបច្ចេកទេស»។
មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងទៀតដែរថា ក្រៅពីមានការកើនឡើងនូវការប្រើប្រាស់ជីគីមីលើដំណាំស្រូវប្រាំង ក្នុងនោះនៅក្នុងខេត្តកណ្ដាល គេឃើញកសិករអ្នកដាំដំណាំរួមផ្សំផ្សេងៗទៀត ដូចជាបន្លែ ពោត សណ្ដែក។ល។ ក៏គេនាំគ្នាប្រើប្រាស់ជីគីមីច្រើនណាស់ដែរពីព្រោះតែគេយល់ថា ការប្រើជីគីមីច្រើនឲ្យផលទាន់ចិត្ត។
ប្រជាកសិករនៅស្រុកស្អាង ខេត្ដកណ្ដាលមួយចំនួននោះ ក៏បានទទួលស្គាល់ដែរថា គេពិតជាចូលចិត្តប្រើប្រាស់ជីគីមីសម្រាប់ដំណាំកសិកម្មពីព្រោះ ដោយសារតែការប្រើជីគីមីនាំឲ្យដំណាំលូតលាស់ល្អ ហើយអាចតម្រូវការទាន់ទីផ្សារទៀត។
ក្នុងចំណោមប្រជាកសិករទាំងនោះ ស្ដ្រីកសិករមួយរូបឈ្មោះ ម៉ាក់ លី បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ៖ «ដូច ដាក់ល្ងាចហ្នឹង ស្អែកឡើងយើងទៅមើលដឹងប្រែភ្លាម លឿន។ គេធ្វើគ្រប់តែគ្នាទូទៅលឿនអ៊ីចឹងតែម្ដង។ ហើយហ្នឹងដូចថាយើងធ្វើរាប់ហិកតារលឿនទាន់ចិត្ត ហើយនោះយើងនៅរែកដាក់អីវាយូរ។ ឥឡូវដល់ពេលលើកមុនបាញ់ថ្នាំ ស្នប់ស្ពាយខ្នង ឥឡូវអត់ទេ បាញ់ម៉ាស៊ីនទៀត ប្រើទុយោហ្នឹងបាញ់ទៅកន្លះម៉ោងហើយបាត់»។
បុរសកសិករមួយរូបទៀតឈ្មោះ អ៊ុំ អេម នៅស្រុកស្អាងនោះដែរ បានប្រាប់ឲ្យដឹងថា តាមពិតទៅ កសិករនៅទីនេះស្ទើរតែទាំងអស់គ្នាបានយល់ដឹងថា ការប្រើប្រាស់ជីគីមីនាំឲ្យខូចសុខភាពនិងខូចគុណភាពដី ក៏ប៉ុន្តែដោយសារកត្តាជីវភាពរស់នៅទប់មិនឈ្នះនិងទំនិញទីផ្សារនោះ ដូច្នេះត្រូវតែបង្ខំចិត្តប្រើជីគីមីទៅលើដំណាំបន្លែក៏ដូចជា ដំណាំស្រូវដើម្បីឲ្យឆាប់បានផលបេះយកទៅលក់ ៖ «បើយើងមិនប្រើ អាហ្នឹងអត់បានទាល់តែសោះ សូម្បីតែដាំពោត តែអត់ជីហ្នឹងដាក់ក៏អត់បានដែរ ស្រូវក៏ច្រើនអ៊ីចឹងដែរ។ ស្រូវដាក់ទៅដឹងតែបានទាន់ចិត្ត ដូចដង្កូវដាក់ទៅងាប់ភ្លាម អាហ្នឹងបើមិនដាក់ដាំមិនបានទាល់តែសោះ»។
អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកបណ្ឌិត ហ៊ាន វណ្ណហន បានបញ្ជាក់ប្រាប់ដែរថា មន្រ្តីរបស់ក្រសួងកន្លងមក ក៏ដូចសព្វថ្ងៃនេះគឺបានចុះអប់រំនិងធ្វើការបង្ហាត់បង្ហាញដល់ ប្រជាកសិករនៅទូទាំងប្រទេសដែលក្នុងនោះរួមទាំងកសិករតាមតំបន់ ព្រំដែនក្នុងខេត្តកណ្ដាលផងដែរអំពីបច្ចេកទេសនៃការដាំដុះនិង បង្រៀនឲ្យគេចេះផលិតជីកំប៉ុសតាមបែបធម្មជាតិ។
លោកបានបន្តថា បើកសិករនាំគ្នាងាកបែរមកប្រើជីធម្មជាតិនោះគឺនឹងនាំឲ្យគេមាន ផលចំណេញ មិនចំណាយដើមទុនច្រើន ហើយមិនប៉ះពាល់ដល់សុខភាពនិងអាចរក្សាគុណភាពដីដាំដំណាំរបស់គេឲ្យ នៅល្អផងដែរ។
លោក ហ៊ាន វណ្ណហន មានប្រសាសន៍បន្ថែមដូច្នេះថា ៖ «នៅក្នុងដីរបស់ យើងមានពពួកអតិសុខុមប្រាណល្អិតៗដែលរស់នៅ ហ្នឹងរាប់បញ្ចូលទាំងសត្វធំដូចជាជន្លេនផង។ ទាំងអស់ហ្នឹង មានតួនាទីវា គឺវាកាច់បំប្លែងសារធាតុសរីរាង្គ។ សារធាតុសរីរាង្គហ្នឹងសំដៅទៅលើគល់ជញ្រ្ជាំងស្មៅ ឬកម្ទេចកម្ទីរុក្ខជាតិដែលរលួយ ឬក៏ជីអាចម៍គោដែលយើងដាក់ទៅ អាហ្នឹងគឺសុទ្ធតែសរីរាង្គ វាកាច់អាហ្នឹងឲ្យទៅជារ៉ែ។ បើសិនជាដីនោះមិនមានជាតិសារធាតុសរីរាង្គសោះ មិនមានជីកំប៉ុស មិនមានជីអាចម៍គោសោះ ទីបំផុតសារពាង្គកាយតូចល្អិតៗទាំងអស់នោះ គឺវានឹងបាត់បង់ជីវិតវិនាសអន្តរាយ ដីហ្នឹងវាទៅជាហាប់ដោយសារអត់ពពួកអស់នោះ»។
អនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃ ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត ជិន សុភ័ក្រ្តរ៉ូ បានបញ្ជាក់ថា ការប្រើប្រាស់ជីគីមីឬការបាញ់ថ្នាំកសិកម្មសម្លាប់សត្វល្អិតនៅលើ ដំណាំកសិកម្មដែលកសិករមួយចំនួននាំគ្នាប្រើប្រាស់នោះ ប្រសិនបើគេប្រើមិនត្រឹមត្រូវតាមក្បួនបច្ចេកទេសទេនោះគឺប្រាកដជា មានគ្រោះថ្នាក់ដល់សុខភាពទាំងអ្នកប្រើថ្នាំផ្ទាល់ ហើយនិងអ្នកទិញយកមកបរិភោគ។
លោកវេជ្ជបណ្ឌិត ជិន សុភ័ក្រ្តរ៉ូ មានប្រសាសន៍ថា ៖ «សារធាតុគីមីជាអាវុធមុខពីរ វាអាចធ្វើឲ្យយើងចំណេញ ធ្វើឲ្យយើងខាត ហើយចំពោះការដែលយើងដាក់លើដំណាំ គឺយើងប្រើគីមីដែលសម្លាប់ពួកសត្វល្អិត ហើយវាជាសារធាតុពុល ដូច្នេះកាលណាយើងប្រើវាមិនត្រឹមត្រូវតាមក្បួនវា គឺវាធ្វើឲ្យពុលយើង ពុលអ្នកដែលប្រើភ្លាមៗហ្នឹង ជួនកាលអត់មានស្រោមដៃអី គាត់ដាក់ផ្ទាល់ ប៉ះដៃទៅវារលាកដៃអីចូលតាមស្បែកចូលតាមអីទៅ ដូចគាត់បាញ់ ឬគាត់គ្មានអីពាក់ការពារច្រមុះគាត់ វាហុយចូលក្នុងខ្លួនគាត់។ ចំពោះអ្នកដែលបរិភោគដោយសារសារធាតុគីមីវានៅជាប់នឹងបន្លែអីអ៊ីចឹង វាធ្វើឲ្យប៉ះពាល់អ្នកញ៉ាំហ្នឹង ហើយវាចូលទៅក្នុងខ្លួន បើសិនជាបរិមាណច្រើនវាអាចគ្រោះថ្នាក់ភ្លាមៗបើសិនជាតិចតួចវាអាច គ្រោះថ្នាក់យូរអង្វែង»។
ប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល បានបញ្ជាក់ដែរថា ប្រសិនបើមិនឲ្យមានការប្រើប្រាស់ជីគីមីលើដំណាំកសិកម្មនោះគឺ លុះត្រាតែរដ្ឋាភិបាលបិទកុំឲ្យមានការនាំចូលមកពីក្រៅ ពីព្រោះបើមិនមានការនាំចូលយកមកលក់នៅទីផ្សារក្នុងស្រុកនោះទេ ប្រជាកសិករអ្នកដាំដំណាំក៏មិនអាចមានលទ្ធភាពទៅរកទិញជីគីមីនៅឯ ណាបានដែរ ៖ «នាំចូលនៅតែប្រើអាហ្នឹងអ៊ីចឹង ព្រោះអាហ្នឹងវាមានប្រសិទ្ធភាពខ្លាំង ដាក់ទៅដឹងតែបានទាន់ចិត្ត»។
មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ឲ្យដឹងដែរថា ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ជីគីមីបានថយចុះខ្លះដែរ គឺឃើញកើនឡើងតែនៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាម ដូចជានៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ៕