Friday, September 4, 2009

និន្នាការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​របស់​យុវជន​ខ្មែរ

ដោយ ផាន សូផាត 2009-09-04
មេ​ដឹកនាំ​នៃ​សមាគម​យុវជន​នានា​ក្នុង​ប្រទេស​បាន​ថ្លែង​ថា ទំនោរ​របស់​យុវជន​ខ្មែរ​ក្នុង​ការ​សិក្សា​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​រដ្ឋបាល​និង​ការ​គ្រប់គ្រង ច្រើន​ជាង​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​សង្គម។
លោកស្រី ស៊ុន ចាន់សែន ប្រធាន​សមាគម​យុវជន​ខ្មែរ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជា​ទូទៅ​យុវជន​ជា​និស្សិត​ខ្មែរ​ចូល​ចិត្ត​រៀន​នូវ​មុខវិជ្ជា​ដែល​អាច​ ធ្វើការ​នៅ​ក្នុង​ការិយាល័យ ដូច​ជា​ផ្នែក​គ្រប់គ្រង ផ្នែក​គណនេយ្យ​និង​រដ្ឋបាល​ជាដើម។

លោកស្រី ស៊ុន ចាន់សែន បាន​ឲ្យ​ដឹង​ថា ៖ «ជា​ទូទៅ​គាត់​ចូល​ចិត្ត​រៀន ជម្រើស​ទី​១ ច្បាប់ ទី​២ គ្រប់គ្រង ទី​៣ ខាង​ពេទ្យ ហើយ​មុខវិជ្ជា​ហិរញ្ញវត្ថុ ដែល​គាត់​អាច​រក​ការងារ​ខាង​ផ្នែក Accountant បាន»។

លោកស្រី ស៊ុន ចាន់សែន បាន​បន្ត​ថា ទំនោរ​នៃ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​នេះ​ក៏​អាច​ជា​ការ​ដែល​តម្រូវ​តាម​ ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​ផងដែរ។

ដូច​គ្នា​នេះ​ដែរ លោក លី ពិជ័យ អ្នក​សម្រប​សម្រួល​ទូទៅ​ក្រុម​យុវជន​ឈាន​មុខ បាន​មាន​ប្រសាសន៍​ថា ទំនោរ​នៃ​ការ​សិក្សា​នេះ​គេ​អាច​មើល​ឃើញ​តាមរយៈ​គ្រឹះសា្ថន​រដ្ឋ​និង​ឯកជន​ នានា ដែល​មាន​មហា​វិទ្យាល័យ​ទាក់ទង​នឹង​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា​និង​ វិទ្យាសាស្រ្ត​សង្គម​មាន​តិចតួច។

លោក លី ពិជ័យ បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ក្រឡេក​ឃើញ​សព្វ​ថ្ងៃ​នេះ​ភាគ​ច្រើន​គេ​ច្រើន​រៀន​ផ្នែក​គ្រប់គ្រង ផ្នែក​គណនេយ្យ និង​ផ្នែក​ព័ត៌មាន​វិទ្យា ភាគ​ច្រើន​ផ្នែក​ទាំងអស់​នេះ​ត្រូវ​បាន​យុវជន​ភាគ​ច្រើន ហើយ​គ្រប់​មហា​វិទ្យាល័យ​គឺ​សុទ្ធតែ​មាន​ជំនាញ​នេះ​ទាំងអស់»។

លោក លី ពិជ័យ បាន​បញ្ជាក់​ដែរ​ថា ការ​សិក្សា​នោះ​ទៀត​សោត​ក៏​មិន​មាន​កម្រិត​ដើម្បី​រក​ទីផ្សារ​ការងារ​នៅ​ឯ​ ក្រៅ​ប្រទេស​បាន​នោះ​ដែរ ៖ «បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ឃើញ​យុវជន​ខ្មែរ​យើង​ភាគ​ច្រើន​ច្រើន​តែ​តម្រូវ​ទីផ្សារ​ក្នុង​ស្រុក​ ច្រើន​ជាង ប៉ុន្តែ​គាត់​អត់​បាន​គិត​ថា តើ​ទីផ្សារ​ការងារ​ក្នុង​ស្រុក​ធ្វើ​ឲ្យ​យុវជន​ចំនួន​ច្រើន​បាន​ទទួល​ការងារ ​ទាំងអស់​គ្នា​ដែរ​ឬ​ទេ? គាត់​ប្រហែល​ជា​មិន​ដែល​គិត​ទេ»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា គ្រឹះស្ថាន​ឧត្តម​សិក្សា​មាន​ចំនួន​៧៧​កន្លែង ក្នុង​នោះ​មាន​៣៥​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​របស់​រដ្ឋ និង​៤២​ទៀត​ជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជន ហើយ​នៅ​ឆ្នាំ​សិក្សា​២០០៨​-​២០០៩ ចំនួន​និស្សិត​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ទាំង​រដ្ឋ​និង​ឯកជន​មាន​ជាង​១៧​ម៉ឺន​នាក់។

យោង​តាម​ការ​សង្កេត​ក្នុង​ចំណោម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ទាំង​នោះ​មាន​ តែ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​របស់​រដ្ឋ​ទេ​ដែល​មាន​ការ​សិក្សា​ផ្នែក​ បច្ចេកវិទ្យា​និង​វិទ្យាសាស្រ្ត​សង្គម​ជិត​ពាក់​កណ្ដាល រីឯ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​របស់​ឯកជន​វិញ ការ​សិក្សា​ផ្នែក​បច្ចេក​វិទ្យា​និង​វិទ្យាសាស្រ្ដ​សង្គម​គឺ​មាន​តិច​តួច។

លោកស្រី ស៊ុន ចាន់សែន បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ​គឺ​មាន​និន្នាការ​នៃ​អ្នក​សិក្សា ​ច្រើន​មុខវិជ្ជា​ក្នុង​ពេល​តែ​មួយ។ កិច្ចការ​នេះ​ក៏​អាច​ទាក់ទង​នឹង​បញ្ហា​ទីផ្សារ​ការងារ​ដែល​កាន់​តែ​ចង្អៀត​ នោះ​ដែរ។

លោកស្រី ស៊ុន ចាន់សែន បាន​បញ្ជាក់​ថា ៖ «ព្រោះ​ដោយសារ​តែ​គាត់​មិន​ មែន​រៀន​មុខវិជ្ជា​ហ្នឹង​ហើយ​ទៅ​ធ្វើការ​ហ្នឹង​ទេ អ៊ីចឹង​ដោយសារ​តែ​មុខ​វិជ្ជា​មួយ​ឬ​ជំនាញ​មួយ គាត់​ពិបាក​រក​ការងារ​ធ្វើ អ៊ីចឹង​ទៅ​រៀន​ច្របល់​គ្នា»។

ផាន សូផាត ៖ អ៊ីចឹង​បាន​ន័យ​ថា និន្នាការ​របស់​យុវជន​ឥឡូវ​ហ្នឹង បើ​រៀន​ឯកទេស​គឺ​រៀន​ច្រើន? ស៊ុន ចាន់សែន ៖ ចាស់ យ៉ាង​ហោច​ណាស់ ខ្ញុំ​គិត​ថា ម្នាក់​ក៏​ប្រហែល​ជា​រៀន​២​ដែរ​យ៉ាង​តិច។

ប៉ុន្តែ​ចំពោះ​បញ្ហា​នេះ​លោក លី ពិជ័យ បាន​ជំទាស់​ថា វា​មិន​អាច​ជា​ការ​ប្រសើរ​ឡើយ​ចំពោះ​គុណភាព​និង​ជំនាញ​ក្នុង​ការ​សិក្សា​នោះ។

លោក លី ពិជ័យ បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ខ្លះ​រៀន​ពីរ​បី​មហា​វិទ្យាល័យ អ្នក​ខ្លះ​រៀន​អក្សរសាស្រ្ដ​អង់គ្លេស អ្នក​ខ្លះ​ទៀត​គាត់​ទៅ​រៀន​មុខវិជ្ជា​ណា​មួយ​ផ្សេងៗ​ទៀត។ ខ្ញុំ​ក៏​មិន​ដឹង​ថា នេះ​ជា​គំនិត​ដែល​គាត់​គិត​ថា​យ៉ាង​ម៉េច​ដែរ​សម្រាប់​អនាគត​របស់​គាត់ ប៉ុន្តែ​គំនិត​របស់​ខ្ញុំ ខ្ញុំ​គិត​ថា បើ​សិន​ជា​យើង​ចេះ​មុខវិជ្ជា​ណា​មួយ​ឲ្យ​ច្បាស់ វា​ប្រសើរ​ជាង​សម្រាប់​យុវជន ពីព្រោះ​ថា ទីផ្សារ​ការងារ បើ​សិន​ជា​យើង​រៀន​អ្វី​មួយ​ឲ្យ​ច្បាស់ ខ្ញុំ​ជឿ​ថា​គេ​ចូល​ចិត្ត​អ្នក​ដែល​ចេះ​ច្បាស់​ច្រើន​ជាង​អ្នក​ដែល​រៀន​ ចិបចុបៗ វា​ហាក់​ដូច​ជា​យើង​មិន​ចាប់​អី​មួយ​ច្បាស់។ ធម្មតា​បើ​ខ្លួន​យើង​កំពុង​តែ​នៅ​វ័យ​សិក្សា បើ​រៀន​ច្រើន​ពេក​ទៅ​ក៏​មិន​ដឹង​យក​ទៅ​ប្រើ​ឯណា​កើត​ដែរ។ យើង​រៀន រៀន​អ្វី​មួយ​ដែល​តូចៗ គឺ​ចាប់​យក​ឲ្យ​ច្បាស់។ ឧទាហរណ៍​ថា យើង​រៀន​ចាប់​យក​ទស្សនវិជ្ជា តើ​ទស្សនវិជ្ជា​វា​អាច​យក​ទៅ​អនុវត្ត​ក្នុង​សង្គម​បាន​អ្វី​ខ្លះ? អ៊ីចឹង​យើង​ចង់​ឲ្យ​យុវជន​គាត់​គិត​អ៊ីចឹង។ រៀន​ផ្នែក​វិទ្យាសាស្រ្ដ​កុំព្យូទ័រ គាត់​ចេះ​អ្វី​មួយ​ច្បាស់​ក្នុង​ជំនាញ​ហ្នឹង គាត់​អាច​រក​ការងារ​ធ្វើ​បាន​ហើយ»។

កញ្ញា ស៊ុំ កល្យាណ ដែល​ទើប​នឹង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ បាន​មាន​ប្រសាសន៍​ថា នាង​ពេញ​ចិត្ត​នឹង​រៀន​មុខវិជ្ជា​នេះ ហើយ​ក៏​មាន​ការងារ​ធ្វើ​ដោយ​ជំនាញ​នេះ​ផងដែរ ៖ «ខ្ញុំ​គិត​ពី​ដំបូង​ ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​គ្រាន់​តែ​ថា នៅ​ពេល​ដែល​ខ្ញុំ​ចាប់ផ្ដើម​ចូល​រៀន​ដំបូង ខ្ញុំ​រៀន​ថ្នាក់​មូលដ្ឋាន​គ្រឹះ។ ដល់​ពេល​ខ្ញុំ​មើល​ឃើញ​ថា មុខវិជ្ជា​មួយ​ហ្នឹង​ស្រួល​រៀន ហើយ​មួយ​ទៀត​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​ខ្ញុំ ក៏​ខ្ញុំ​រៀន ខ្ញុំ​អត់​បាន​គិត​ពី​ទីផ្សារ​ការងារ​ទេ។ ឥឡូវ​មាន​ការងារ​ធ្វើ​ហើយ ខ្ញុំ​ធ្វើ​គណនេយ្យ​នៅ​អង្គការ​យុវជន​ខ្មែរ​និង​ការអភិវឌ្ឍ​សង្គម»។

រីឯ​និស្សិត តាំង គីមស៊្រុយ ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​សិក្សា​មុខវិជ្ជា​តាម​ការ​ចូល​ចិត្ត​ដែរ ហើយ​លោក​ក៏​មាន​ជំនឿ​ថា មុខវិជ្ជា​នេះ​អាច​នឹង​រក​ការងារ​បាន​ដែរ ៖ «មិន ​ទាន់​បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​អី​មួយ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​តែ​ធ្វើការ​ជា​អ្នក​អប់រំ​មួយ​នៅ​ក្រៅ​ស្ថាប័ន​ក្រៅ​ រដ្ឋាភិបាល គឺ​អង្គការ UPS កម្ពុជា ហើយ​នៅ​ក្នុង​នោះ​ខ្ញុំ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​អប់រំ​ទៅ​ដល់​ យុវជន​ផ្សេងៗ»។

ក្រុម​មេ​ដឹកនាំ​សមាគម​យុវជន​និង​យុវ​និស្សិត​នានា​បាន​ថ្លែង​ថា នៅ​ពេល​នេះ​កំណើន​របស់​និស្សិត​អត់​ការងារ​ធ្វើ​គឺ​មាន​ច្រើន ហើយ​ប្រការ​នោះ​ក៏​មិន​មែន​ដោយសារ​តែ​ទំនោរ​នៃ​ការ​ជ្រើសរើស​មុខវិជ្ជា​ ជំនាញ​ខុស​នោះ​ទេ ប៉ុន្តែ​វា​អាច​ទាក់ទង​នឹង​គុណភាព​សិក្សា​ផងដែរ។

ក្រុម​មេ​ដឹកនាំ​សមាគម​យុវជន​និង​និស្សិត​បាន​និយាយ​ថា ការ​ពិត​ជាក់ស្តែង​នៅ​ពេល​ដែល​ការងារ​ក្នុង​ស្រុក​មាន​តិច​ផង​នោះ គេ​ឃើញ​មាន​បណ្តា​ស្ថាប័ន​រដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​នានា​ក៏​នៅតែ​មាន​អ្នក​ ជំនាញ​ពី​បរទេស​ដែរ។ ដូច្នេះ​ការ​ពង្រឹង​គុណភាព​ផ្នែក​អប់រំ​វិជ្ជាជីវៈ​គឺ​ជា​ការ​ចាំបាច់​ដែល​ មិន​មែន​សម្រាប់​តែ​ការងារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ទៀត​ផងដែរ៕

No comments:

Post a Comment

Search

Shared News