ដោយ អ៊ុក សាវបូរី 2009-09-04
មន្រ្តីលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អំពាវនាវឲ្យកសិករឈប់ប្រើជីគីមី ហើយនាំគ្នាប្រើជីធម្មជាតិក្នុងការបង្កបង្កើនផលស្រូវ ក៏ដូចជាដាំដំណាំនិងហាមប្រើថ្នាំពុលក្នុងការកម្ចាត់សត្វស៊ី ដំណាំ។
ការអំពាវនាវនេះធ្វើឡើងនៅគ្រាដែលកសិករមួយចំនួនធំនៅប្រើប្រាស់ ជីគីមីនិងថ្នាំពុលក្នុងការដាំដុះដំណាំកសិកម្ម ជាពិសេសក្នុងរដូវវស្សាដែលកសិករប្រើជីច្រើនក្នុងការធ្វើស្រូវ វស្សា នាំឲ្យប៉ះពាល់សុខភាព មនុស្ស សត្វ និងខូចបរិស្ថាន។
លោក ហ៊ាង រតនា មន្រ្តីលេខាធិការដ្ឋាន បានមានប្រសាសន៍ឲ្យដឹងថា ការប្រើជីធម្មជាតិនាំឲ្យដីមានជីជាតិផង ហើយជីវចម្រុះកកើតមកច្រើនវិញផង។ ពិសេសទៅទៀត គឺជួយបន្ថយប្រាក់ចំណាយទិញជីគីមីនិងបន្ថយប្រាក់ព្យាបាលសុខភាព ក្នុងគ្រួសារកសិករ និងជួយបន្ថយជាតិពុលទាំងឡាយក្នុងបរិស្ថាន។លោក ហ៊ាង រតនា បានឲ្យដឹងថា ៖ «ជីធម្មជាតិវាមិនវិវត្តន៍ដូចជី គីមី ដាក់ភ្លាមបានផលភ្លាម ប៉ុន្តែជីធម្មជាតិវាមានសំណើម។ ពេលដែលយើងធ្វើមុនដំបូងយើងមិនទាន់ដឹងទេ វាត្រូវការយូរឆ្នាំដីយើង ព្រោះកន្លងមកដីគាត់ប្រើជីគីមី តែបើសិនជាជីធម្មជាតិវាមិនអាចកាច់ដូចជីគីមីទេ ជីគីមីកាច់លឿនណាស់»។
មន្រ្តីដដែលឲ្យដឹងថា ការប្រើជីធម្មជាតិធ្វើឲ្យជន្លេន កង្កែប និងសត្វមានប្រយោជន៍ដទៃទៀត កកើតមកវិញនៅក្នុងស្រែនិងកសិដ្ឋាន។ ទន្ទឹមនោះកសិករមិនគួរដុតគល់ជញ្រ្ជាំងស្រូវដែលច្រូតហើយនោះទេ ព្រោះគល់ជញ្ជ្រាំងនោះវារក្សានូវជីវចម្រុះដែលកើតចេញពីជី ធម្មជាតិបានប្រើនោះ ៖ «ព្រោះសត្វល្អិតងាប់ទៅ សត្វមានប្រយោជន៍ក៏មាន សត្វអត់ប្រយោជន៍ក៏ងាប់ ងាប់ទាំងអស់គ្នា»។
កសិករឈ្មោះ ស្រិន ស្រស់ នៅភូមិមើមព្រះច័ន្ទ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ កំពុងស្ទូងស្រូវក្នុងស្រែទំហំ២៥អារ ឲ្យដឹងថា អ្នកភូមិទម្លាប់យូរមកហើយប្រើតែជីគីមីនិងថ្នាំពុលក្នុងការ កម្ចាត់សត្វចង្រៃនិងដាំដុះ ដោយសារតែក្នុងមូលដ្ឋានគ្មានព្រៃ គ្មានទន្ទ្រាំងខេត្ត មកសន្សំធ្វើជីកំប៉ុសទេ។
គាត់បន្តថា គ្រួសារគាត់សន្សំជីលាមកគោបានតិចតួចមកចាក់ស្រែលាយជាមួយជីគីមី អាមេរិកាំងនិងជីហ្វីលីពីន។ រីឯការចុះអបរំឲ្យប្រើជីធម្មជាតិ គាត់មិនដែលបានចូលរួមប្រជុំទេ។
លោក ស្រិន ស្រស់ បានបញ្ជាក់ថា ៖ «អត់ដែលដឹងរឿងប្រើជីកំប៉ុស ហ្នឹងប្រើយ៉ាងម៉េចៗអត់ដែលដឹង អត់ដែលបង្រៀនទេ។ ដាក់អាចម៍គោខ្លះដែរ បើរកអត់មាន មានតែអត់ ហើយបើអត់ភ្ជួរក្ដាំងៗ បើដាក់អាចម៍គោជំនួយខ្លះ។ មិនងាយរកបានទេអាចម៍គោ មកស្រុកខ្ញុំចិញ្ចឹមគោតិចដែរ គេដាក់ស្រែគេ ស្រែណាមានដីឆ្ងាយភូមិដាក់ទៅ ដីកៀកភូមិអត់ដាក់ផង»។
នៅភូមិត្រកៀត ឃុំចំប៉ី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានជួបជាមួយកសិករឈ្មោះម៉ាក មឿន ដែលនៅមុខរបងផ្ទះបានលើកស្លាកសញ្ញាជីធម្មជាតិជប៉ុនសញ្ញាផែនដី។ នៅពេលចូលទៅក្នុងផ្ទះ មានកសិករមួយក្រុមកំពុងតែលាយម្សៅម្យ៉ាងពណ៌ប្រផេះជាមួយគ្រាប់ មូលៗពណ៌ស។
សាកសួរលោក ម៉ាក មឿន គាត់ឆ្លើយថា ក្នុងមូលដ្ឋាននេះគ្មានស្លឹកឈើសន្សំធ្វើជីកំប៉ុសក្រៅពីលាមកគោ ប្រមូលសន្សំតាមគ្រួសារ។ គាត់ត្រូវទិញជីធម្មជាតិជប៉ុនសញ្ញាផែនដីនេះមកប្រើសាកល្បងក្រោម ការណែនាំពីមន្រ្តីជំនាញកសិកម្ម ហើយគាត់កំពុងតែលាយជីធម្មជាតិជប៉ុននេះជាមួយជីអ៊ុយរ៉េដើម្បីយក ទៅបាចក្នុងស្រែដែលមានស្រូវដែលជិតផុតការដាំដុះដោយសារខ្វះទឹក ភ្លៀង។
លោក ម៉ាក មឿន បានឲ្យដឹងថា ៖ «ក្រុមហ៊ុនគេឲ្យលាយតិចៗ ព្រោះថាជីនេះមានតែអិនហើយនិងប៉េ វាមានតែពីរមុខ អ៊ីចឹងគាត់ថាដាក់តិចចុះ។ លាយជីនេះតិចដោយសារពេលវេលាខ្លី ដើម្បីជំរុញស្រូវឲ្យវាលឿន វាលូតលឿន ព្រោះដំណាក់កាលនេះខែ៩ហើយ ទឹកទន្លេក៏មក ទឹកភ្លៀងក៏មកវាជន់ ដល់អ៊ីចឹងស្រូវលូតអត់បានលឿនទេ បើយើងប្រើជីធម្មជាតិវាល្អ ក៏ប៉ុន្តែវាយឺត»។
លោក ម៉ាក មឿន បន្តថា គាត់ប្រើជីធម្មជាតិជប៉ុននេះតាំងពីឆ្នាំ២០០៨ ក្នុង១ហិកតារគាត់ប្រើអស់២០០គីឡូក្រាម ដើម្បីស្តារដីដែលខូចរេចរឹលហឹរមកពីសារធាតុគីមី។ ក្រោយការប្រើពីរឆ្នាំនេះគាត់ទទួលផលស្រូវកើន ដីដែលក្តាំងលំបាកភ្ជួររាស់ប្រែមកទន់ល្មើយវិញ។ ប៉ុន្តែការលូតលាស់របស់ដើមស្រូវនោះយឺតជាងជីគីមីរហូត២០ថ្ងៃ។ លោកបញ្ជាក់ពីគុណភាពជីធម្មជាតិជប៉ុននេះថា បានជួយទ្រទ្រង់ដើមស្រូវនៅពេលបឺតយកជីមកចិញ្ចឹមដើមហើយនោះ ទោះបីមេឃរាំងក៏សន្ទូងគាត់មិនងាប់ដូចសន្ទូងអ្នកប្រើជីគីមី ដែរ។
លោក ម៉ាក មឿន បានបញ្ជាក់ថា ៖ «១ហិកតារបើដាក់អាចម៍គោវា១០តោន ហ្នឹងអាចម៍គោសុទ្ធ បើយើងរកអត់បាន រកស្លឹកឈើអត់បានទេ ដូចជិះមកហ្នឹងវាលភ្លឹងហើយ ព្រៃភ្នំអត់មាន តំបន់ខ្ញុំអត់មានព្រៃភ្នំ ហើយគេកាប់អស់ទៀត។ ទន្រ្ទានខេត្តក៏អត់សូវមានដុះដែរ ស្រុកខ្ញុំអត់មានទេទន្រ្ទានខេត្ត មានដែរមានតាមដងផ្លូវបន្តិចៗ រកយកមកជាធនធានសម្រាប់ធ្វើឲ្យគ្រប់គ្រាន់ប្រចាំថ្ងៃអត់បានទេ។ អ៊ីចឹងមានតែខែហ្នឹងទេមានស្លឹកឈើ ដល់ខែប្រាំងអស់ហើយ អ៊ីចឹងយើងដល់ខែទំនេរ ជីកំប៉ុសខែទំនេរអស់ស្លឹកឈើទៀត»។
តាមការកត់សម្គាល់ពីភូមិមួយទៅភូមិមួយក្នុងស្រុកបាទីនោះ ស្ទើរគ្រប់គ្រួសារគេនិយមប្រើតែជីគីមីបាចដាក់ស្រែ។
ជំទប់ទី២ ឃុំចំប៉ី លោក ភួង យ៉ាន់ មានប្រសាសន៍ថា ការចុះអប់រំកសិករឲ្យប្រើជីធម្មជាតិមកជំនួសជីគីមីបានធ្វើរាល់ មុនរដូវដាំដុះ ប៉ុន្តែអ្នកភូមិនៅអល់អែកក្នុងការប្រើជីធម្មជាតិ ដោយសារអ្នកស្រុកមានដីផលិតកសិកម្មតិចតួច ឯមនុស្សក្នុងគ្រួសារមួយៗកើនច្រើន ទើបគេមិនហ៊ានប្រថុយប្រើជីធម្មជាតិខ្លាចបាចទៅមិនសូវបានផលដូច ជីគីមី។
លោក ភួង យ៉ាន់ បានមានប្រសាសន៍ថា ៖ «មកពីខ្វះខាតសម្បត្តិធម្មជាតិ ដូចជាអាចម៍គោ ដូចស្លឹកឈើ ស្លឹកព្រៃអីអ៊ីចឹង គាត់មិនទាន់យល់ដឹងអំពីការធ្វើជីធម្មជាតិហ្នឹងឲ្យបានរីកចម្រើន ក្នុងភូមិ។ គាត់ពឹងផ្អែកទៅលើជីគីមីទាំងស្រុងតែម្ដង»។
លោក ចាន់ វណ្ណៈ នាយកក្រុមហ៊ុនបាយ័ន ហេរីធេច ហូលឌីង គ្រូប (Bayon Heritage Holding Group Co., Ltd.) នាំចូលជីកសិកម្មប្រភេទសរីរាង្គសញ្ញាផែនដី ឬជីធម្មជាតិជប៉ុនសញ្ញាផែនដី អះអាងថា មានច្បាប់អនុញ្ញាតនាំចូលពីចុងឆ្នាំ២០០៧ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាយកដ្ឋាននីតិកម្មកសិកម្ម។
លោកបន្តថា ៖ «ជីហ្នឹងជាជីធម្មជាតិសុទ្ធសាធដែលធ្វើនៅប្រទេស ជប៉ុន។ សារធាតុដើមគេយកមកផ្សំហ្នឹងមានដូចជាឆ្អឹងសត្វ សាច់សត្វដែលគេហូបមិនកើត សល់ហួសកម្រិតនិងបន្លែ កាកសំណល់ផ្សេងៗ។ ការលក់ជូនកសិករជីយើងហ្នឹង គឺលក់ជូនគាត់ក្នុងតម្លៃ២៧ទៅ២៨ដុល្លារក្នុងមួយបេ ៥០គីឡូក្រាម ហើយក្នុងហ្នឹងគឺកសិករគាត់យកទៅប្រើប្រាស់លើដីស្រែតាមរដូវវស្សា យើងហ្នឹង តែ២ទៅ៤បាវ»។
សូមជម្រាបថា ជីសរីរាង្គឬជីធម្មជាតិជប៉ុននេះត្រូវក្រុមកសិករនៅខេត្តកណ្តាល តាកែវ កំពង់ចាម កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ទើបចាប់ផ្តើមប្រើប្រាស់បានតិចតួចក្នុងការសាកល្បងដាក់ទៅលើដំណាំ បន្លែនិងស្រូវប្រាំងវស្សា ប៉ុន្តែខាងអ្នកបច្ចេកទេសប្រើប្រាស់ជីនៅក្នុងក្រុមហ៊ុននេះបានឲ្យ ដឹងថា គេអាចប្រើទៅលើដំណាំហូបផ្លែ មានស្វាយ ល្មុត ធុរេន សាវម៉ាវ មង្ឃុត និងដាក់ក្នុងចម្ការផ្កាម្លិះនាំឲ្យមានក្លិនក្រហូបបែបធម្មជាតិ ផងដែរ៕
No comments:
Post a Comment