តាមប្រភពព័ត៌មានពី វីអូវីញូស៍ (VOV News) បានឲ្យដឹងថា៖ លោកឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោកសុខ អាន បានបញ្ជាក់នាពេលថ្មីៗនេះអំពីសកម្មភាពនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុនទូរគមនាគមន៍ វៀតថែល (Viettel) ដែលគ្រប់គ្រងដោយទាហានវៀតណាម។
នៅក្នុងពិធីទទួលលោក Hoang Anh Xuan អនុប្រធានក្រុមហ៊ុនវៀតថែល លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការតម្លើងបណ្ដាញខ្សែកាបភ្ជាប់រាជាធានីភ្នំពេញទៅខេត្តនានា ពិតជាបំពេញតម្រូវការវិស័យទូរគមនាគមន៍កាន់តែប្រសើរ នៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនវៀតថែលនឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ក្នុងការលើកកម្ពស់ជំនាញគ្រប់គ្រងរដ្ឋ និងក្នុងការកាត់បន្ថយបែបបទរដ្ឋបាលស្មុគស្មាញជាច្រើន។
ថ្លែងនៅឯពិធីទទួលនោះ លោក Xuan បានបញ្ជាក់អះអាងថា ក្រុមហ៊ុនវៀតថែល នឹងគោរពច្បាប់ការងារខ្មែរយ៉ាងខ្ជាប់ខ្ជួន ដើម្បីរក្សាកិច្ចសហការយូរអង្វែង។ ការបោះទុនមករកស៊ីនៅស្រុកខ្មែរមិនមែនដើម្បីតែរកប្រាក់ចំណេញនោះទេ ប៉ុន្ដែដើម្បីលើកកម្ពស់មិត្តភាពរវាងប្រទេសវៀតណាម និងកម្ពុជាទៀតផង។
លោក Xuan បានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនវៀតថែលនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធអេឡិចត្រូនិក ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានសេវាកម្មទូរស័ព្ទចល័តក្នុងអត្រាតម្លៃថោកបំផុត។
No comments:
Post a Comment